ភ្នំពេញ៖ កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត បាន​ចាប់​ខ្លួន​ជនជាតិ​ចិន ២ នាក់ និង​ជនជាតិ​អាល្លឺម៉ង់​ម្នាក់ បន្ទាប់​ពី​ពួក​គេ​បាន​បំពាន​សេចក្ដី​ណែនាំ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​បិទ​ខ្ទប់​មិន​ឲ្យ​មាន​ការ​ធ្វើ​ចរាចរណ៍ និង​ពិសារ​គ្រឿង​ស្រវឹង ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ហើយ​ពួក​គេ​នឹង​ត្រូវ​បញ្ចូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ស្អែក។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ នៅ​រសៀល​ថ្ងៃ​នេះ​ថា ជនជាតិ​ចិន​ចំនួន ០២ នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី ១៤ មេសា គឺ​មាន​ឈ្មោះ LI CHANGQING កាន់​លិខិត​ឆ្លងដែន​លេខ EC7645585 និង​ទី២​ ឈ្មោះ WANG YOUZHI កាន់​លិខិត​ឆ្លងដែន​លេខ EE771775018។ ពួក​គេ​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ពេល​ពួក​គេ​បាន​ធ្វើ​ដំណើរ​មក​ពី​ភ្នំពេញ​ ហើយ​បាន​ព្យាយាម​ឆ្លង​កាត់​ខេត្ត​កំពត​ទៅ​ខេត្ត​ព្រះសីហនុ ដោយ​បន្លំ​បើក​រថយន្ដ​សង្គ្រោះ​បន្ទាន់។

លោក​បន្ត​ថា ចំណែក​មួយ​ករណី​ទៀត ​គឺ​ជា​ជនជាតិ​អាល្លឺម៉ង់ មិន​ស្គាល់​ឈ្មោះ អាយុ ៣៦ ឆ្នាំ ដែល​បើក​អាជីវកម្ម​កម្សាន្ត​នៅ​ក្នុង​ខេត្ត​កំពត។ ជន​នេះ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃទី ១៨ ខែ​មេសា បន្ទាប់​ពី​បាន​ផឹកស៊ី ហើយ​បង្ហោះ​លើ​បណ្តាញ​សង្គម ដែល​មាន​លក្ខណៈ​ផ្គើន​នឹង​បម្រាម។

លោក​បញ្ជាក់​ថា៖ «ជនបរទេស​ទាំង​នេះ គឺ​យើង​នឹង​ចោទ​ប្រកាន់​ពី​បទល្មើស​បម្រាម​គោចរ​របស់​រដ្ឋាភិបាល ដែល​ជនជាតិ​បរទេស​ទាំង​នេះ បាន​បន្លំ​ឡាន​សង្រ្គោះ​បន្ទាន់ បើក​ឆ្លង​កាត់​ខេត្ត ចំណែក​ជនជាតិ​អាល្លឺម៉ង់ គាត់​បាន​ផឹក​គ្រឿង​ស្រវឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម ដែល​មាន​លក្ខណៈ​ផ្គើន​នឹង​បម្រាម​គោចរ»។

បើ​តាម​លោក ម៉ៅ ច័នមធុរិទ្ធ ពួក​គេ​ទាំង ៣ នាក់ នឹង​ត្រូវ​បញ្ចូន​ទៅ​តុលាការ ដើម្បី​ចាត់​ការ​តាម​នីតិវិធី​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ ក្រោយ​ពី​ពួក​គេ ត្រូវ​បាន​យក​សំណាក​ទៅ​ពិនិត្យ​ ដើម្បី​ស្វែងរក​ជំងឺ​កូវីដ ១៩៕