ព្រះសីហនុៈ ក្រុម​ជនសង្ស័យ​​បរទេស​ ៤ ​នាក់ ​រួមមាន​ជនជាតិ​ចិន ប្រុស​ស្រី​ ៣ ​នាក់​ និង​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ ត្រូវបាន​នគរបាល​ខេត្ត​ព្រះសីហនុ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​ម្សិលមិញ​បន្ទាប់ពី​ឃាត់ខ្លួន​នៅ​ថ្ងៃទី​ ៨ ខែមីនា​ ដោយបាន​លាក់​កញ្ចប់​គ្រឿងញៀន​ក្នុង​នំ​យក​ទៅ​ឱ្យ​គ្នា​គេ​ក្នុង​មណ្ឌល​ចត្តាឡីស័ក​ក្នុង​ខេត្ត​ព្រះសីហនុ​។

លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ជនសង្ស័យ​ជា​ជនជាតិ​ចិន​មានឈ្មោះ ZOU WUQI អាយុ​ ៣២ ​ឆ្នាំ​ឈ្មោះ LIU HUA ភេទ​ស្រី អាយុ​ ២២ ​ឆ្នាំ​ឈ្មោះ Gao Yahong ​ភេទ​ប្រុស អាយុ​ ២៩ ​ឆ្នាំ អ្នក​ទាំង​ ៣ ​នាក់​គ្មាន​មុខរបរ​ពិតប្រាកដ​។ ​ចំណែក​ស្ត្រី​ជនជាតិ​វៀតណាម​ឈ្មោះ HOANG THI MANH អាយុ​ ២៨ ​ឆ្នាំ​មុខរបរ​លក់​អីវ៉ាន់​តាម​អនឡាញ​។

លោក​ថ្លែងថា​៖ «​ជន​ទាំង​ ៤ ​នាក់ ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​តុលាការខេត្ត​ព្រះសីហនុ​ហើយ​ដើម្បី​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​»​។

លោកស្នងការ​បាន​ឱ្យដឹង​ថា​អំពើ​ជួញដូរ​គ្រឿងញៀន​របស់​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​ ៤ ​នាក់​ គឺ​បានធ្វើ​ឡើង​ក្រោយ​ឃាត់​ជនសង្ស័យ​ឈ្មោះ ម៉ាន់ ទីណូ ភេទ​ប្រុស អាយុ​ ២៧ ​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​រត់​តាក់ស៊ី​បាន​យក​អីវ៉ាន់​ទៅ​ផ្ញើឱ្យ​អ្នកធ្វើ​ចត្តាឡីស័ក​ដោយ​បង្កប់​គ្រឿងញៀន​នៅក្នុង​ក្នុង​ថង់​នំ​មាន​ម្សៅ​ក្រាម​ពណ៌​សថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ ១ ​កញ្ចប់​។ ​

បន្ទាប់ពី​សមត្ថកិច្ច​សាកសួរ បុរស​នោះបាន​ឆ្លើយថា គាត់​មិនបាន​ដឹងថា​នៅក្នុង​ថង់​នំ​នោះ​មាន​បង្កប់​គ្រឿងញៀន​ទេ បន្ទាប់ពី​សាកសួរ​ចប់ បុរស​ម្នាក់​នោះ​បាន​សហការ បន្ត​នាំ​សមត្ថកិច្ច​ទៅ​ឃាត់​ជនសង្ស័យ​បានជា​បន្តបន្ទាប់​។ ចំពោះ​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​មាន​ម្សៅ​ក្រាម​ពណ៌​សថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ៨ ​កញ្ចប់​, ថ្នាំ​គ្រាប់​ពណ៌​ក្រហម​សញ្ញា​ (WY) ​ចំនួន ២ ​គ្រាប់​, លិខិត​ឆ្លងដែន​ចំនួន ២ ​ក្បាល​ជា​កម្មសិទ្ធិ​ជនសង្ស័យ​ទាំង​ ២ ​នាក់​, ទូរស័ព្ទដៃ​ចំនួន​ ៤ ​គ្រឿង​, លុយ​យន់​ចំនួន ៧១ ​យន់ និង​សម្ភារ​វេចខ្ចប់​មួយចំនួន​។

ចំណែក​ស្ត្រី​សង្ស័យ​ម្នាក់​ដែលជា​ម្ចាស់​នំ​នោះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​មាន​ម្សៅ​ក្រាម​ពណ៌​សថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ៤ ​កញ្ចប់​, ថ្នាំញៀន​មេតំហ្វេតាមីន (WY) ចំនួន​ ៥ ​គ្រាប់​, ទូរស័ព្ទដៃ​ម៉ាក iPhone8 ពណ៌​ខ្មៅ​ ១ ​គ្រឿង លិខិត​ឆ្លងដែន​ ១ ​ក្បាល​ជា​របស់​ជនសង្ស័យ​៕