ស្ទឹងត្រែងៈ ជនសង្ស័យ​ប្រុស​ស្រី​ ២ ​នាក់​ កំពុង​ត្រូវបាន​ព្រះរាជអាជ្ញា​ខេត្តស្ទឹងត្រែង សាកសួរ​ករណី​ជួញដូរ​គ្រឿងញៀន​ ៤ ​កញ្ចប់​ធំ​ស្មើនឹង​ជិត​ ៤ ​គីឡូក្រាម បន្ទាប់ពី​នគរបាល​ខេត្ត​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ១៧-១៨ តុលា​នៅ​សង្កាត់​ស្រះឫស្សី ក្រុង​ស្ទឹងត្រែង ខណៈ​ពួកគេ​កំពុង​ចែកចាយ​គ្រឿងញៀន​។ ជាមួយ​គ្នា​នេះ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ក៏បាន​បង្ហាញ​ពី​ការចាប់​ខ្លួន​មនុស្ស​ ២៣ ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ផងដែរ​។

លោក​ ឈុំ ស៊ាងហាក់ អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង​ថ្លែង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ អ៊ិន ថា ភេទ​ស្រី អាយុ​ ៤៧ ​ឆ្នាំ និង​ឈ្មោះ​ វ៉ាន ភូរ ភេទ​ប្រុស អាយុ​ ២៧ ​ឆ្នាំ​ កំពុង​ត្រូវបាន​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្ត​សាកសួរ​តាម​នីតិវិធី​ដោយ​មិនទាន់​សម្រេច​យ៉ាងណា​នោះទេ​។

លោក​ថា​៖ «​យើង​បាន​បញ្ជូន​សំណុំរឿង​ហ្នឹង​ដល់ដៃ​ព្រះរាជអាជ្ញា​ហើយ​។ ព្រះរាជអាជ្ញា​កំពុង​ធ្វើការ​សាកសួរ​មិនទាន់​បាន​ចោទប្រកាន់​ទេ​។ ខ្ញុំ​គិតថា ប្រហែល​ជា​នៅ​ថ្ងៃទី​ ២០ ខែតុលា អាច​នឹង​សម្រេច​ចោទប្រកាន់ ឬ​សម្រេច​ជា​ផ្លូវការ​ហើយ​។ ប៉ុន្ដែ​ចំពោះ​នៅ​ថ្ងៃទី​ ១៩ ខែតុលា​នេះ គឺ​គ្រាន់តែ​ធ្វើការ​សាកសួរ​សិន ព្រោះ​ថ្ងៃនេះ​ [​ថ្ងៃទី​ ១៩] ​ពេលវេលា​ខ្លី​ពេក​»​។

នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង​លោក​ ចែម ផានិត ថ្លែង​ម្សិលមិញ​ថា សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ ២ ​នាក់​ទៅ​សាលា​ដំបូង​ខេត្តស្ទឹងត្រែង​នៅ​ថ្ងៃទី​ ១៩ តុលា​ឱ្យ​តុលាការ​ចាត់​តាម​នីតិវិធី​ពាក់ព័ន្ធ​គ្រឿងញៀន​ចំនួន​ជិត​ ៤ ​គីឡូក្រាម​ប្រភេទ​មេតំហ្វេតាមីន និង​ថ្នាំ​គ្រវី​ចំនួន​ ២ ​ថង់​តូច​ទៀត​។

បើ​តាម​មន្ត្រី​រូបនេះ​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នោះ​ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា​រស់នៅ​សង្កាត់​ស្រះឫស្សី ក្រុង​ស្ទឹងត្រែង​។

លោក​ ចែម ផានិត បញ្ជាក់ថា​៖ «​ក្រោយពី​បាន​សាកសួរ​ជនសង្ស័យ​ទាំង​ ២ ​នាក់​យើង​កំពុង​ធ្វើការ​ស្រាវជ្រាវ​រក​ជនសង្ស័យ​ពាក់ព័ន្ធ​បន្ថែមទៀត ប៉ុន្ដែ​អ្នកពាក់ព័ន្ធ​ធំ​បំផុត​គឺ​នៅ​ប្រទេស​ឡាវ អ៊ីចឹង​យើង​ពិបាក​តាម​ចាប់​ពួកគេ​។ យើង​អាច​នឹង​ស្នើសុំ​ខាង​ភាគី​ឡាវ​ជួយ​សហការ ដើម្បី​ចាប់​កាត់ផ្ដាច់​បណ្ដាញ​ជួញដូរ គ្រឿងញៀន​ឆ្លងដែន​មក​កម្ពុជា​»​។

តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​គឺ​ប្រតិបត្តិ​ការបង្ក្រាប​នេះ​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក​ អូត ស៊ីវត្ថា ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​ដោយ​មាន​ការសម្របសម្រួល​ពី​អយ្យការ​អម​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង​។

កាលពី​ថ្ងៃទី​ ១៧ ខែ​តុលា កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ អ៊ិន ថា​នៅ​សង្កាត់​ស្រះឫស្សី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។ លុះដល់​ថ្ងៃទី​ ១៨ ខែ​តុលា កម្លាំង​សមត្ថកិច្ច​ក៏បាន​បន្ត​ស្រាវជ្រាវ​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ​ វ៉ាន ភូរ នៅ​ជិត​ច្រក​អន្តរជាតិ​ត្រពាំងក្រៀល​ជាមួយ​ប្រទេស​ឡាវ​ដោយ​ដកហូត​គ្រឿងញៀន​ជិត​ ៤ ​គីឡូក្រាម និង​សម្ភារ​មួយចំនួន​ទៀត​។

របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ពី​ម្សិលមិញ​ឱ្យ​ដឹងថា ជនសង្ស័យ​ចំនួន​ ២៣ ​នាក់​ (​ស្រី​ម្នាក់​) ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស គ្រឿងញៀន​ចំនួន​ ១៥ ​ករណី​ទូទាំង​ប្រទេស​នៅ​ថ្ងៃទី​ ១៨ តុលា​។ ក្នុងចំណោម​ជនសង្ស័យ​ទាំង​ ២៣ ​នាក់​ មាន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ ១៣ ​នាក់ និង​ប្រើប្រាស់​ ១០ ​នាក់​។

របាយការណ៍​បន្តថា សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​នៅ​ថ្ងៃទី​ ១៨ តុលា រួមមាន មេតំហ្វេតាមីន​ (ice) ១,៧៤ ​ក្រាម និង​ ៤៩ ​កញ្ចប់​តូច កេតាមីន​ ៩,៤២ ​ក្រាម​។ បទល្មើស​ដែល​បង្ក្រាប​បាន​គឺ​នៅ​ខេត្ត​បាត់ដំបង កំពង់ស្ពឺ ក្រចេះ តាកែវ និង​រាជធានី​ភ្នំពេញ​៕