
ជនប្រុសស្រីជាច្រើននាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីនឹងការប្រមូលផ្តុំគ្នាផឹកស៊ី និងសេពគ្រឿងញៀន កាលពីថ្ងៃទី ១ ឧសភា។ រូបថត ប៉ូលិស
បាត់ដំបង៖ មនុស្សប្រុស-ស្រីចំនួន ១៧ នាក់ ក្នុងចំណោម ២៦ នាក់ ត្រូវសមត្ថកិច្ចខេត្តបាត់ដំបង បញ្ជូនទៅតុលាការខេត្តនាថ្ងៃនេះ ករណីពួកគេប្រមូលផ្តុំផឹកស៊ី និងប្រើប្រាស់គ្រឿងញៀន ផ្ទុយនឹងបម្រាមអាជ្ញាធរខេត្ត និងក្រសួងសុខាភិបាលដែលហាមធ្វើការប្រមូលផ្តុំ និងផឹកគ្រឿងស្រវឹង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង លោក សុខ និមល ថ្លែងថា កាលពីថ្ងៃទី ១ ឧសភា កម្លាំងជំនាញចម្រុះបានចុះបង្ក្រាបហាងមួយកន្លែង ដែលមានឈ្មោះ (អាហារដ្ឋានពិភពថ្មី) ស្ថិតនៅចំណុចក្រុមទី១ ភូមិបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
លោកបន្តថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន ២៦ នាក់ និងបានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១ ថង់ ទម្ងន់ ៤,៤៤ ក្រាម រួមទាំងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។
មន្ត្រីរូបនេះឱ្យដឹងដែរថា សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងនោះទៅតុលាការ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
លោកបញ្ជាក់ថា៖ «ខ្ញុំកំពុងរៀបចំសំណុំរឿងបញ្ជូនជនជាប់សង្ស័យចំនួន ១៧ នាក់ ទៅតុលាការនៅថ្ងៃនេះ [ថ្ងៃទី ៣ ឧសភា] ចំពោះអ្នកផ្ទុកសារធាតុញៀន និងថៅកែហាង។ ចំណែកអ្នកអត់មានសារធាតុញៀន ៩ នាក់ (ស្រី ៧ នាក់ ជាអនីតិជន ១ នាក់) ផ្សេងទៀត យើងបានធ្វើការអប់រំហើយឱ្យគាត់ត្រឡប់ទៅផ្ទះវិញហើយ»។
បើតាមលោក សុខ និមល ក្នុងចំណោម ១៧ នាក់ ដែលត្រូវបញ្ជូនទៅតុលាការ មានជនសង្ស័យ ៨ នាក់ ជាអ្នកមើលការខុសត្រូវខារ៉ាអូខេ ក្រៅពីនោះជាអនីតិជន។ ចំណែកទីតាំងដែលលួចបើកអាជីវកម្មនេះ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបញ្ជាឱ្យបិទដំណើរការជាបណ្តោះអាសន្ន។
កម្លាំងជំនាញដែលចូលរួមបង្ក្រាបនេះរួមមាន ស្នងការនគរបាលខេត្តបាត់ដំបង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យជំនាញនគរបាលប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលលើនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផងដែរ។
កន្លងទៅរដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញនូវវិធានការជាបណ្តោះអាសន្នរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី ២៩ មេសា ដល់ ១៣ ឧសភា ដោយបានបន្តហាមឃាត់ការលក់ដូរគ្រឿងស្រវឹង និងការជួបជុំសេពគ្រឿងស្រវឹង ផ្អាកការជួបជុំដែលមានការប្រមូលផ្តុំច្រើន ការលេងល្បែងកម្សាន្ត និងកីឡាគ្រប់ប្រភេទ៕