ភ្នំពេញៈ ជនប្រុស-ស្រី​ ១០ ​នាក់ ​ត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពី​ម្សិលមិញ​ពាក់ព័ន្ធ​គ្រឿងញៀន​ ១៧១,៨៦ ​ក្រាម ​ប្រព្រឹត្ត​នៅ​ភូមិ​ផ្សារតូច សង្កាត់​ទួលសង្កែ​ ១ ខណ្ឌ​ប្ញស្សីកែវ រាជធានី​ភ្នំពេញ​។

លោក អ៊ីវ ភារិទ្ធ នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ប្រាប់​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​របស់​លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ប្រុស-ស្រី​ចំនួន​ ១០ ​នាក់​ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ១ មីនា ក្នុងនោះ​មាន​ជន​ឈ្មោះ​ ឡេង សុភួង ភេទ​ប្រុស អាយុ​ ៣១ ​ឆ្នាំ និង​ស្ត្រី​ឈ្មោះ​ ឃុន សូរីហ្សា អាយុ​ ២៣ ​ឆ្នាំ​។ អ្នក​ទាំង​ ២ ​មាន​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ICE) ​សរុប​ ១៧១,៨៦ ​ក្រាម​។ ពួកគេ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់បាន​គ្រឿងញៀន​ជាក់ស្តែង​។ រីឯ​មនុស្ស​ប្រុស​ ៨ ​នាក់​ទៀត​ ជា​អ្នកពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។

លោក​បញ្ជាក់ថា​៖ «​ជន ២ ​នាក់​នេះ​ជា​អ្នកជួញដូរ​គ្រឿងញៀន ប៉ុន្តែ​ឈ្មោះ​ ឡេង សុភួង មាន​ថ្នាំញៀន​ច្រើនជាងគេ​»​។

លោក​បន្ថែមថា ចំណែក​មនុស្ស​ដែល​នៅសល់​ចំនួន​ ២២ ​នាក់​ គឺ​សមត្ថកិច្ច​មិន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ទេ​ព្រោះ​ដោយ​ពិនិត្យ​ឃើញ​ថា​ពួកគេ​មិន​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​។ ម្យ៉ាងទៀត​មាន​សំណូមពរ​របស់​អាណាព្យាបាល​សុំ​ធានា​យក​ពួកគេ​ទៅ​ដាក់​មណ្ឌល​បន្សាប​គ្រឿងញៀន​។ ឯ​អ្នកខ្លះ​ត្រូវ​យកទៅ​អប់រំ​តាម​សហគមន៍​វិញ​នោះ សមត្ថកិច្ច​ក៏​អនុញ្ញាត​ឲ្យ​អាណាព្យាបាល​យក​ពួកគេ​ទៅ​ព្យាបាល​។

លោក​ប្រាប់ថា មុន​មាន​ការឃាត់​ខ្លួន​នៅ​ទីតាំង​ខាងលើ​កាលពី​វេលា​ម៉ោង​ ៧ ​យប់​ ថ្ងៃទី​ ២៧ ខែ​កុម្ភ:​ នៅ​ចំណុច​សំណង់​មិន​រៀបរយ ក្រោយ​ប៉ុស្តិ៍​ទួលសង្កែ​ ១ ផ្លូវលំ ភូមិ​ផ្សារតូច ខណ្ឌ​ប្ញស្សីកែវ រាជធានី​ភ្នំពេញ សមត្ថកិច្ច​របស់លោក​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ពិនិត្យ​ឃើញ​ថា​តំបន់​នោះ​ជា​តំបន់​មិន​រៀបរយ​។ កម្លាំង​សមត្ថកិច្ច​របស់លោក​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឃ្លាំមើល​ទីតាំង​កើតហេតុ​ខាងលើ និង​បានឃើញ​មនុស្ស​ចេញចូល​ទីនោះ​មិន​ដាច់​។

ដោយ​មាន​ការសង្ស័យ​ថា មនុស្ស​មួយចំនួន​មិនមែន​រស់នៅក្នុង​មូលដ្ឋាន​នោះ​ផង ពេល​នោះ​សមត្ថកិច្ច​ចម្រុះ​បាន​ស្នើសុំ​អ្នក​ដែល​ទៅ​កន្លែង​នោះ​ដើម្បី​ត្រួតពិនិត្យ​ទឹកនោម​ក៏​ឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ទឹកនោម​។ សមត្ថកិច្ច​បាន​សុំ​ការសម្របសម្រួល​ពី​លោក​ សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញារង​អម​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​ ៣២ ​នាក់​។

លោក​ប្រាប់ថា​៖ «​កន្លែង​ដែល​យើង​បង្ក្រាប​ជា​តំបន់​មិន​រៀបរយ​។ អ៊ីចឹង​ហើយ​យើង​ព្យាយាម​បង្ក្រាប​ដើម្បី​កាត់បន្ថយ​ឲ្យ​ទៅជា​តំបន់​មួយ​ល្អប្រសើរ​។ ព្រោះ​វា​ពាក់ព័ន្ធ​នឹង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​»​។

លោក​បញ្ជាក់ថា មុនដំបូង​សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ ឈ្មោះ​ ឡេង សុភួង ភេទ​ប្រុស អាយុ​ ៣១ ​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ជនជាតិខ្មែរ​មាន​ថ្នាំញៀន​ចំនួន​ ១៦៩ ​ក្រាម​គិត​ទាំង​ថង់ និង​ឈ្មោះ​ ឃុន សូវីហ្សា ភេទ​ស្រី អាយុ ២៣ ​ឆ្នាំ មុខរបរ អ៊ុតសក់​ជនជាតិខ្មែរ​មាន​ថ្នាំ​ចំនួន​ ០,៤៥ ​ក្រាម​។ សមត្ថកិច្ច​បាន​បន្ត​ធ្វើ​រដ្ឋបាល​នៅ​ចំណុច​ខាងលើ និង​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ចូលមក​ទិញ​ថ្នាំញៀន​បាន​ចំនួន​ ៣០ ​នាក់​ទៀត​ ដែល​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ គុជ គឹមឡុង មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​ពី​ម្សិលមិញ​៕