សៀម​រាប​: ជនម្នាក់​ដែល​ប្រើកាំ​ភ្លើង​ខ្លីបាញ់​គូស្នេហ៍ ១ ​គ្រាប់​ ឲ្យរបួសធ្ងន់​នៅ​ភូមិ​​គោកចាស់ ឃុំ​ស្រណាល ​ស្រុក​ក្រឡាញ់​ ខេត្ត​សៀម​រាប កាល​​ពី​​​អធ្រាត្រថ្ងៃ​ទី​ ២២​ តុលា ​ត្រូវ​បានតុលាការ​ខេត្ត​សៀមរាបសម្រេច​​​ឃុំ​ខ្លួននៅ​ពន្ធនាគារ​ខេត្ត ​​កាល​ពី​ថ្ងៃ​ទី ​២៤ ​តុលា​ ប៉ុន្តែ​អ្នកឱ្យ​​កាំភ្លើង​ត្រូវដោះលែងវិញ ​ខណៈអ្នក​ច្បាប់​ថា​​ បុគ្គលឱ្យ​កាំភ្លើង​​គេប្រើ​ក៏​មាន​ចំណែក​ជាប់ពាក់ព័ន្ធ​ដែរ​។​

លោក​ ដួង​ សុខា​ ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌខេ​ត្ត​សៀមរាប​ ថ្លែង​ពី​ថ្ងៃ​ទី​ ២៥ ​តុលា​​ ថា​ ជន​ឈ្មោះ​ ចាន់​​ ពៅ​ ​ហៅ ​ផល​ ​អាយុ​ ៥៧ ឆ្នាំ​ ដែលបាញ់ស្ត្រីរង​គ្រោះត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ នៃ​សាលា​​ដំបូង​ខេត្ត​សៀមរាប​ចោទ​ប្រកាន់ ​និង​ចេញ​ដី​កា​បង្គាប់​ឱ្យ​សមត្ថ​កិច្ច​​ចាប់​បញ្ជូន​​ទៅ​ពន្ធនាគារ​ខេត្ត​ ​កាល​ពី​ថ្ងៃ​ទី​ ២៤ ​តុលា​។ រី​ឯ​ជនម្នាក់​ទៀត​ឈ្មោះ​ ឃ្លោក​ គុយបា​ អាយុ ៣៦ ឆ្នាំ ដែល​ជា​អ្នក​ប្រគល់​កាំភ្លើង​ខ្លី​ទៅ​ជន​ត្រូវ​ចោទ​ឈ្មោះ ចា​ន់​​​ ពៅ ​(ជន​ល្មើស)​ នោះ ​គឺ​ព្រះរាជអាជ្ញា​បង្គាប់​ឲ្យ​មាន​ការ​ធានា​ខ្លួន​ និង​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ហើយ​។

លោក​ថ្លែង​ថា​៖ «ជន​ឈ្មោះ​ ចាន់​ ពៅ​ ត្រូវ​ចៅក្រម​​ស៊ើបសួរ​ឈ្មោះ​ ស៊ិន ​សង្ហា ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​ ពី​បទ​ប៉ុនប៉ង​ឃាតកម្ម​គិតទុ​កជា​មុន​តាម​បញ្ញត្តិ​មាត្រា ​២៧​,២០០ ​នៃ​ក្រម​ព្រហ្មទណ្ឌ​។ ចំពោះ​ឈ្មោះ​ ឃ្លោក​ គុយបា​​ ត្រូវ​ព្រះ​រាជ​អាជ្ញា​ឱ្យធានា​ទៅ​វិញ​»​។

យោង​បញ្ញត្តិ​មាត្រា ២​០០ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ចែង​ថា ​ឃាតកម្ម​គិត​ទុក​ជា​មុន ​គឺ​ជា​គំរោង​ ដែល​បង្កើត​ឡើង​មុន​អំពើ​​បៀតបៀន​ទៅ​លើ​រូប​បុគ្គល​នៃ​ជនរងគ្រោះ។​ ឃាតកម្ម​គិត​ទុក​ជា​មុន​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​។ ដូច្នេះ​ជន​​ត្រូវ​ចោទ​ប្រសិនបើ​តុលាការ​រក​ឃើញ​ថា ​បាន​ប្រព្រឹត្ត​មែននោះ​​នឹង​ត្រូវ​មានទោស​ដូច​មាន​ចែង​ក្នុង​មាត្រា​ ២០០ ​នេះ​​​។

ករណី​នេះ​ជនឈ្មោះ​ ឃ្លោក​ គុយ​បា ​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា​​ គាត់​ពិត​ជា​ស្គាល់​ឈ្មោះ ​​ចាន់​ ពៅ​ ប្រាកដមែន​ ព្រោះ​ជនសង្ស័យ​មាន​ផ្ទះ​ និង​ស្រះ​ចិញ្ចឹមត្រី​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន​។ ប៉ុន្តែ​គាត់​មិន​បាន​ផ្តល់​ឬ​លក់​អាវុធខ្លី​នោះ​ទៅ​ឱ្យ​ឈ្មោះ​ចាន់​ពៅ​ទេ​។ ជនសង្ស័យ​ក៏​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ដែរ​ថា​ អាវុធ​ខ្លី​នោះ​គឺ​ឈ្មោះ​ ឃ្លោក​ គុយ​បា​ ជា​អ្នក​ឲ្យគាត់​​ទុក​ប្រើ​ប្រាស់​ដើម្បី​ការពារ​ខ្លួន​ និង​ការពារ​ទ្រព្យ​សម្បត្តិ​។​

ចំពោះ​ការប្រើប្រាស់​អាវុធ​នេះ​ លោក​មេធាវី​ យុង ផានិត​ ពន្យល់​​នៅ​ថ្ងៃ​ទី​ ២៥ ​ខែ​ តុលា​​ ថា​ ប្រសិនបើ​ជនដែល​ជា​កម្មសិទ្ធិ​កាន់​កាប់​អាវុធ​នោះ​ឱ្យទៅ​អ្នក​​ដទៃ​ គឺ​ជនម្នាក់នោះ​ ក៏​ត្រូវ​មាន​ចំណែក​ខុស​ដែរ​។ មាន​ន័យ​ថា​ ជន​ជា​ម្ចាស់​អាវុ​ធ​នោះ​ពាក់ព័ន្ធ​សម​គំនិត ​ហើយ​ឧបមាថា ​បើគាត់​ប្រគល់​អាវុធ​នោះ ​ហើយ​បញ្ជា​ឱ្យ​ជន​ម្នាក់​ទៀត​បាញ់​សម្លាប់​គេ ​គឺ​ជន​នោះ​ជា​មេខ្លោង។ ​ព្រោះ​គាត់​បញ្ជា​ឱ្យ​ទៅ​​បាញ់​សម្លាប់​គេ​។​ ប៉ុន្តែបើជននោះ​ទៅ​លួច​កាំភ្លើង​គេ​ គឺ​ម្ចាស់កាំភ្លើង​មិន​ជាប់​ពាក់ព័ន្ធ​នោះទេ។

បើតាម លោក​ ដួង សុខា​ រំឭក​តាម​សម្តី​ស្រ្តីរង​គ្រោះ​ឈ្មោះ​ សំអុល សុដានី អាយុ​ ២៧ ​ឆ្នាំថា គឺ​​ជនស​ង្ស័យ​​មាន​ប្រពន្ធ​ដើម​មិនទាន់លែងលះ​គ្នា​ស្រេច​បាច់​នៅឡើយទេ។ ​ស្រ្តីរងគ្រោះ​​បាន​សុំ​បែក​ផ្លូវ​គ្នា​ជា​មួយ​ជនសង្ស័យ ​​ខណៈ​ពួកគេ​ក៏​មាន​កូន​ស្រី​​ម្នាក់​អាយុ​ ៩ ឆ្នាំ​ជា​មួយ​គ្នា​ដែរ​។ មុនកើត​ហេតុ​ថ្ងៃ​ទី​ ២១​ តុលា ​ជនសង្ស័យ​​បាន​យក​រថយន្ត ១ ​គ្រឿង ម៉ាក​នីសាន់​ដឹក​ស្រ្តីរង​គ្រោះ​ និង​កូន​ស្រី​ម្នាក់​ ដោយជន​សង្ស័យ​ប្រាប់​នាង​ថា​ទៅ​ខេត្តពោធិ៍​សាត់។​ ប៉ុន្តែ​ជនសង្ស័យ​បាន​ប្តូរ​ទិស​ដៅ​ដឹក​នាង​ និ​ង​កូន​ស្រី​ទៅ​ខេត្ត​សៀម​រាប​វិញ​។​

​តាម​មន្ត្រីរូប​នេះ ជន​​សង្ស័យ​បាន​ឱ្យ​ស្រ្តី​រងគ្រោះ និង​កូនស្រី​ជិះ​នៅ​ផ្នែង​ខាង​ក្រោយ​រថយន្ត​ ហើយជនសង្ស័យបានឱ្យ​ស្រ្តី​រងគ្រោះ​លេប​ថ្នាំ​ផ្តាសាយ ៣ គ្រាប់ផង។ ខណៈ​កំពុង​ធ្វើ​ដំណើរ​នោះ​ ជនសង្ស័យ​​និយាយ​ថា​៖ «ថ្ងៃ​ក្រោយ​នឹង​យក​កូន​ស្រី​​ម្នាក់​នេះ​មក​ចិញ្ចឹម​ និង​មើល​ថែ​ឱ្យ​បាន​ល្អ​ ដេក​លើ​ដើម​ទ្រូង​ម្តាយ​សិន​ចុះ​»​។

លោក​បន្ត​ថា​ ខណៈ​កំពុង​ធ្វើដំណើរ​ស្រ្តីរង​គ្រោះ​បាន​ដេក​លង់​លក់​ហើយ​បាន​ឮ​សំឡេងផ្ទុះ​អាវុធ​ ដែលពេលនោះ​គាត់​មាន​​​អារម្មណ៍​ឈឺចុក​នៅ​លើ​ទ្រូង​ខាងឆ្វេងទៅហើយ​។ ពេលនោះ ​ស្រ្តីរងគ្រោះ​បាន​បើក​ភ្លើង​ទូរស័ព្ទ​បញ្ចាំង​ទៅ​ជន​សង្ស័យ​​​ឃើញ​មាន​កាន់កាំភ្លើង​ខ្លី​នៅ​ក្នុង​​ដៃ​ ហើយ​ស្រ្តីរងគ្រោះ​បាន​ស្ទុះ​ទៅ​ប្រតាយប្រតប់​​ជា​មួយ​ជនសង្ស័យ​បើក​ទ្វា​រ​រថ​យន្ត​​លោត​ចេញ​មក​លើ​ថ្ន​​ល់​។ ពេលនោះ​ជន​សង្ស័យ​បាន​ថយ​រថយន្ត​បំណង​កិន​សម្លាប់​ស្រ្តីរងគ្រោះ​ តែ​នាង​បាន​ប្រមៀល​ខ្លួន​​ធ្នាក់​​ចូល​ក្នុង​ប្រឡាយទឹក​​ប្របជើង​ថ្នល់​ជាតិ​លេខ ៦​ និង​ស្រែក​ឱ្យ​គេ​ជួយ​។

លោក​ ជីប​ ម៉េង​ជន​ អធិការ​នគរបាល​ស្រុក​ក្រឡាញ់​ ខេត្ត​សៀមរាប ​​ប្រាប់​ពីថ្ងៃ​ទី​ ២២ តុលា ថា ​នៅ​ម៉ោង​ជិត ​៣ ​ទៀបភ្លឺ​ឈាន​ចូលថ្ងៃ​ទី​ ២២​ តុលា​ ខណៈកម្លាំង​សមត្ថកិច្ច​របស់លោក​ប្រចាំការ​តាម​គោល​ដៅ​នៅ​ចំណុច​ភូមិ​គោក​ចាស់​ ឃុំ​ស្រណាល​ ស្រុក​ក្រឡាញ់​ ដើម្បី​ការពារក្បួន​​រថយន្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ពេលនោះ​សមត្ថកិច្ច​​បាន​ឮ​សូរ​សំឡេង​ផ្ទុះ​គ្រាប់​កាំ​ភ្លើង​ ១ ​គ្រាប់​ ហើយ​បាន​នាំ​គ្នា​រត់​សំដៅ​កន្លែង​ផ្ទុះ​អាវុធ​នោះ​។​

លោក​បន្ត​ថា សមត្ថកិច្ច​ទៅ​ដល់​កន្លែង​កើតហេតុ​បាន​ឃើញ​បុរសម្នាក់​រត់​ឡើង​រថយន្ត​ហើយ​បើកគេច​បាត់​ ខណៈ​មាន​ស្រ្តី​ម្នាក់​ស្រែក​​ឲ្យ​ជួយ​។ ពេល​នោះ​សមត្ថកិច្ច​​បាន​រកឃើញ​កាំភ្លើង​ខ្លី ១ ​ដើមម៉ាក K59 ហើយ​បាន​ឃើញ​ស្រ្តីរងគ្រោះ​​​ត្រូវ​គេ​​បាញ់​ចំ​គល់ដោះខា​​ងឆ្វេង ១ ​គ្រាប់​ ​ហើយ​ក៏​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប។ ​លុះ​ព្រឹក​ថ្ងៃ​ទី​ ២២​ តុលា​ ទើប​សមត្ថកិច្ច​ចាប់​ជន​សង្ស័យ​បាន​ នៅ​ស្រុក​បរវេល​ខេត្ត​បាត់​ដំបង ​​ហើយ​ប្រគល់​ឱ្យ​នគរបាល​ខេត្ត​​សៀមរា​ប​​នៅ​ថ្ងៃ​ទី​ ២២​ តុលា ​ដដែល​៕