សៀមរាបៈ នគរបាលខេត្តសៀមរាបកាលពីម្សិលមិញបានបញ្ជូនជនសង្ស័យចំនួន ១៤ នាក់ ទៅសាលាដំបូងខេត្តសៀមរាប ខណៈមនុស្សចំនួន ៣៤ នាក់ទៀត ត្រូវបញ្ជូនទៅមជ្ឈមណ្ឌលស្តារនីតិសម្បទាពាក់ព័ន្ធនឹងគ្រឿងញៀនបន្ទាប់ពីចាប់ឃាត់ខ្លួនកាលពីថ្ងៃទី ៩ ខែ កញ្ញា នៅភូមិវត្តស្វាយ សង្កាត់ សាលាកំរើក។
លោក អ៊ុំ អមរា ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងពីម្សិលមិញថា ករណីជនសង្ស័យដែលសមត្ថកិច្ចរបស់លោកចាប់ខ្លួនបានចំនួន ៤៨ នាក់ ដែលសង្ស័យថា មានជាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀននោះគឺក្រោយពីបានពិនិត្យមក សមត្ថកិច្ចរកឃើញតែមនុស្ស ១៤ នាក់ប៉ុណ្ណោះ ដែលជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។
ចំណែក ៣៤ នាក់ផ្សេងទៀត គ្រាន់តែជាអ្នកប្រើប្រាស់ទេ។ លោកបន្តថា ចំពោះមនុស្ស ១៤ នាក់នោះ គឺខាងសមត្ថកិច្ចរបស់លោកបានបញ្ជូនពួកគេទៅសាលាដំបូងខេត្តសៀមរាបហើយកាលពីរសៀលថ្ងៃម្សិលមិញ។
លោកបន្តថាតាមចម្លើយសារភាពពួកគេទាំង ១៤ នាក់ សុទ្ធតែជាអ្នកចាត់ចែង និងជួញដូរគ្រឿងញៀន។ លោកថ្លែងថា៖ «បន្ទាប់ពីចាប់ខ្លួនពួកគេគឺយើងបានញែកចេញពីគ្នាដោយអ្នកប្រើប្រាស់ផ្សេងឯអ្នកចាត់ចែងជួញដូរគ្រឿងញៀនគេបញ្ជូនទៅតុលាការ»។
បើតាមលោក អ៊ុំ អមរា កាលពីរសៀលថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០១៩ នគរបាលប្រឆាំងគ្រឿងញៀនខេត្តបានបើកប្រតិបត្តិការចុះបង្ក្រាបដោយចាប់ឃាត់ខ្លួនបានមនុស្សចំនួន ៤៨ នាក់ ដែលកំពុងប្រមូលផ្តុំគ្នានៅចំណុចដីឡូត៍ទុកចោលមួយកន្លែងស្ថិតក្នុងក្រុមទី ១ ភូមិវត្តស្វាយសង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប។ ចំពោះវត្ថុតាងដែលដកហូតបានមានម្សៅមេតំហ្វេតាមីនសរុប ២០ កញ្ចប់ ស្មើទម្ងន់ ៤ ក្រាម និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត៕