ភ្នំពេញៈ ជន​ពិការ​ជា​ស្ត្រី​កម្ពុជា​ប្រ​មាណ​ ១០០ ​នាក់​ជាង​បាន​ប្រ​មូល​ផ្ដុំ​គ្នា​កា​ល​ពី​ម្សិល​មិញ​ដើម្បី​អបអរ​សាទរ​ទិវា​អន្ត​រជាតិ​នារី​ដែល​ប្រ​ទេស​នៅ​ក្នុង​ពិភព​លោក​ប្រារព្ធនៅ​ថ្ងៃ​ទី​ ៨​ ​ខែ​ មីនា ​ក្នុង​ពិធី​នោះ ​អង្គការ​ជន​ពិការ​កម្ពុជា​បាន​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​រដ្ឋា​ភិបាល​ ស្រាវជ្រាវ​ជំនាញ​ថ្មីៗ​បន្ថែ​ម​ទៀត​ ដែល​អាច​ផ្តល់​លទ្ធភាព​ឲ្យ​ជន​ពិការ​បាន​រៀន​សូត្រ​ ដើម្បី​​ចូ​ល​រួម​ទ្រ​ទ្រ​ង់ជីវ​ភាព​ផ្ទាល់​ខ្លួន​ ចៀស​វាង​ពឹង​អាស្រ័យ​លើ​គ្រួសារ​ និង​ជា​បន្ទុក​សង្គម។

ក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ស្តីពី​ ផែន​ការ​មេ​អាស៊ាន​ ឆ្នាំ ​២០២៥​ និង​អប​អរ​សាទរ​ទិវា​អន្តរ​ជាតិ​នារី ​៨​ មីនា​ ឆ្នាំ ២០១៩ ​នៅ​ភោជ​នីយ​ដ្ឋាន​ទន្លេ​បា​សា​ក់ ​២​ លោក ​ងិន ​សៅ​រ័ត្ន ​នាយក​ប្រតិ​បត្តិ​អង្គការ​ជន​ពិការ​កម្ពុជា​ បាន​លើកឡើង​ថា ​យោង​តាម​ការ​អង្កេត​ប្រជា​សាស្ត្រ ​និង​សុខភាព​នៅ​កម្ពុជា​ ឆ្នាំ​ ២០១៤ ​(CDHS)​ បាន​រក​ឃើញ​ថា​ ប្រជា​ពល​រដ្ឋ​ចំនួន​ ១០ % ​បាន​ជួប​ប្រទះ​នូវ​បញ្ហា​លំ​បាក​មួយ​ចំនួន​ ក្នុង​ការ​បំពេញ​សមត្ថ​ភាព​ មុខ​ងារ​ជា​មូល​ដ្ឋាន​ បើ​ទោះ​ជា​ប្រទេស​កម្ពុជា​ បាន​ផ្តល់​សច្ចា​ប័ន​លើ​អនុ​សញ្ញា​​ស្តីពី​សិទ្ធិ​ជន​ពិការ​ និង​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ក​សា​ង​​សង្គម​ដែល​​មាន​បរិ​យាប័ន្ន​រួច​មក​ហើយ​ក៏​ដោយ​ ក៏​ជន​មាន​ពិការ​ភាព​មួយ​ចំនួន​នៅ​តែ​ប្រឈម​នឹង​វិសម​ភាព​យ៉ាង​ខ្លាំង​នៅ​ឡើយ។​

​លោក​បន្ត​ថា​ បច្ចុប្បន្ន​ គេ​នៅ​មិន​ទាន់​ឃើញ​នៅ​ឡើយ​ ចំពោះ​ការ​ធ្វើ​ឲ្យ​មាន​បរិ​យាប័​ន្ន​ដល់​ជន​មាន​ពិការ​ភាព​ឲ្យ​បាន​ចូល​​រួម​ដោយ​ស្មើភាព​គ្នា​នៅ​ក្នុង​សង្គម​ ព្រោះ​តែ​ជន​មាន​ពិការភាព​ផ្នែក​រាង​កាយ​ វិញ្ញាណ​ សតិ​បញ្ញា​ ផ្លូវ​ចិត្ត​ កម្សោយ​សុខ​ភាព​កំពុង​រស់​នៅ​លាយ​ឡំ​ជា​មួយ​គ្នា ​ហើយ​ពួក​គេ​មាន​ភាព​ខុសៗ​គ្នា ​និង​មាន​ឧប​សគ្គ​រារាំង​ជា​ច្រើន​ ដែល​ពួ​ក​គេ​កំពុង​ប្រ​ឈម​មុខ​ ហើយ​ប៉ះពាល់​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។​

​លោក​បញ្ជាក់​ថា៖ «​យើង​សុំ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​អំពី​ជំនាញ​ថ្មីៗ​ ឲ្យ​បាន​ប្រាកដ​ ព្រោះ​មួយ​រយៈ​កន្លង​មក​នេះ នៅ​ពេល​ដែល​យើង​បង្កើត​មជ្ឈ​មណ្ឌល​ដែល​ជា​កន្លែង​បណ្តុះ​បណ្តាល​ជំនាញ​ គឺ​មិន​ទាន់​សម័យ​ មាន​ន័យ​ថា​ នៅ​ពេល​ពួក​គាត់​រៀន​ចប់​ហើយ ​មិន​អាច​យក​ទៅប្រើ​ប្រាស់​បាន​នោះ​ទេ»។​

​នាយក​ប្រតិ​បត្តិ​អង្គការ​ជន​ពិការ​កម្ពុជា​រូប​នេះ​បន្ត​ថា​៖​ «​អ្វី​ដែល​យើង​ចង់​បាន​ គឺ​គួរ​តែ​ផ្តល់​ជំនាញ​ដែល​ស្រប​ទៅ​ហ្នឹង​កាយ​សម្ប​ទា​របស់​ពួក​គាត់​ដែល​ជា​ជន​ពិការ​ និង​សកល​ភាវូ​ប​នី​យ​កម្ម​ ក៏​ដូច​ជា​សេដ្ឋ​កិច្ច​ និង​សង្គម​កិច្ច​របស់​យើង​ដែរ។​ ព្រោះ​បើ​យើង​អត់​គិត​ពី​ជំនាញ​ណា​ដែល​ត្រូវ​នឹង​បរិបទ​ក្នុង​ប្រទេស​យើងៗ​បារម្ភ​ថា​ជំនាញ​​នោះ ​អាច​នឹង​អត់​ប្រ​យោជន៍​សម្រាប់​បង​ប្អូន​ជន​ពិការ​ ជា​ពិសេស​ស្ត្រី​ពិការ»។​

​​លោក ​ងិន​ សៅ​រ័ត្ន​ អះអាង​ថា ​ជន​ពិការ​មាន​លទ្ធភាព​សិក្សា ​និង​បន្ត​ប្រើប្រាស់​សម្រាប់​ទ្រ​ទ្រ​ង់​ជីវ​ភាព​របស់​ពួក​គេ​បាន​ ដូច​ជា​ជំនាញ​ផ្នែក​បច្ចេក​វិទ្យា​ IT​ ជំនាញ​ភាព​ជា​អ្នក​ដឹក​នាំ ​និង​ការ​ផ្តល់​ប្រាក់​កម្ចី​ទាប​សមរម្យ ដែល​​​អាច​បង្កើត​មុខ​របរ​ឲ្យ​ទាន់​សភាព​ការណ៍​​ក្នុង​សង្គម​ ស្រប​ពេល​បច្ចុប្បន្ន​ជំនាញ​ដែល​ជនពិការ​មួយ​ចំនួន​អាច​ធ្វើ​បាន គឺ​ការ​លក់​សំនៀង និង​ផ្នែក​ម៉ាស្សា។​

​តាម​ផែន​ការមេ​អាស៊ាន​ ឆ្នាំ ​២០២៥ ​ដែល​បាន​ដក​ស្រង់​ និង​បក​ប្រែជា​ភាសា​ខ្មែរ​ដោយ​អង្គការ​ជន​ពិ​ការ​កម្ពុ​ជា ផ្សព្វផ្សាយ​ពី​ម្សិល​មិញ ​បាន​ឲ្យ​ដឹង​ថា​ ការ​អនុវត្ត​ផែន​ការ​នេះ ​មាន​គោល​បំណង​មិន​ត្រឹម​តែ​បំពេញ​បំណង​របស់​​រដ្ឋ​ជា​សមា​ជិក​អាស៊ាន​ចំពោះ​ជន​ពិការ​របស់​ខ្លួន​តា​ម​រយៈ​ការ​លើក​កម្ពស់​តួ​នាទី​និង​ការ​ចូល​រួម​របស់​ជន​ពិការ​នៅ​ក្នុង​សហ​​គមន៍​អាស៊ាន​​ ប៉ុន្តែ​ក៏​មាន​បំណង​ជួយ​ដល់​រដ្ឋ​ជា​សមា​ជិក​អាស៊ាន​ ក្នុ​ង​ការ​សម្រប​សម្រួល​ច្បាប់​ និង​គោល​នយោបាយ​ក្នុង​ស្រុក​សម្រាប់​ជន​ពិការ​ផង​ដែរ។​

​លោក​ស្រី​ ញ៉ែម​ មរកត ​​អនុរដ្ឋ​លេខា​ធិការ​ក្រសួង​កិច្ច​ការ​នា​រី​ ទទួល​បន្ទុក​ជន​ពិកា​រ បាន​និយាយ​ថា​ កម្ពុ​ជា​មាន​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​ជំនាញ​ដល់​ស្ត្រី​ទូទាំង​ប្រទេស​ចំនួន​ ១៤​ រួច​មក​ហើយ​ ប៉ុន្តែ​សម្រាប់​បណ្តុះ​បណ្តាល​ជំនាញ​ដល់​ជន​ពិការ​ ជា​ពិសេស​ស្ត្រី ​គឺ​ក្រសួង​កំពុង​ត្រៀម​បង្កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ។​

​លោក​ស្រី​បញ្ជាក់​ថា​៖​ ​«​យើង​ស្វែង​រក​អ្នក​ជំនាញ​បច្ចេក​ទេស​មក​ជួយ​យើង ​ថា​តើ​ជន​ពិការ​ប្រ​ភេទ​ណា​ ដែល​គួរ​បង្រៀន​អ្វី? ​ឧទា​ហរណ៍​ជន​ពិការ​ភ្នែក​ ក្រៅតែ​ពី​ច្រៀង ​និង​ជំនាញ​ម៉ាស្សា ​ពួក​គាត់​អត់​ដឹង​ធ្វើ​អី​ទេ។ ​ប៉ុន្តែ​យើង​នឹង​សិក្សា​ថែម​ទៀត​ថា​ តើ​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​ ជន​ពិការ​អាច​ប្រកប​មុខ​របរ​បន្ថែម​ទៀត»។​

​បើ​ទោះ​ជា​យ៉ាង​ណា ​លោក​ស្រី​ មិន​បាន​បញ្ជាក់​ទេ​ថា ​មជ្ឈ​មណ្ឌល​ដែល​នឹង​គ្រោង​បង្កើត​សម្រាប់​បណ្តុះ​បណ្តាល​​ដល់​ជន​ពិការ​នេះ នឹង​បង្កើត​នៅ​ពេល​ណា​ ហើយ​និង​នៅ​កន្លែង​ណា ​ដោ​យ​គ្រាន់​តែ​អះអាង​ថា​ ក្រសួង​​កំពុង​ស្នើ​ទៅ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ។

​តាមការ​ស្រាវ​ជ្រាវ​របស់ ​CDHS ​កម្ពុ​ជា​មាន​ជន​ពិការ​ប្រមាណ ​៩,៨ %​ នៃ​ប្រ​ជាជន​សរុប​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​​នោះ​ ជនមាន​ពិការ​ភាព​ជា​ស្ត្រី ​មាន​អត្រា​ខ្ពស់​ជាង​បុរស​ ប្រមាណ​ ៥៥% ​ខណៈ​ បុរស​មាន​ប្រមាណ​ ៤៥ %​ ប៉ុន្តែ​ការ​ចូល​រួម​របស់​បុរស​នៅ​ក្នុង​សង្គម​មាន​ចំនួន​ច្រើន​ជាង​ស្ត្រី៕​​