ភ្នំពេញៈ ចាប់ពីថ្ងៃនេះតទៅ ក្រុមជនពិការ នឹងលែងបានប្រគំតន្ត្រីនៅតាមដងផ្លូវនិងនៅតាមទីផ្សារនានាទៀតហើយ ដោយពួកគេអាចប្រគំតន្ត្រីបានតែនៅតាមទីតាំងចំនួន ៣ ប៉ុណ្ណោះ ទៅតាមការកំណត់ របស់សាលារាជធានីភ្នំពេញ គឺនៅវត្តភ្នំ សួនអតីតទីលានប្រជាធិបតេយ្យ និងនៅសួនច្បារមុខវត្តបទុម ខណៈដែលពួកគេត្រូវបានរដ្ឋាភិបាលផ្តល់ឧបករណ៍ភ្លេងឲ្យ ដែលមានតម្លៃទឹកប្រាក់ជាង ១០ ម៉ឺនដុល្លារ។
កាលពីម្សិលមិញ នៅទីស្តីការក្រសួង សង្គមកិច្ច មានប្រារព្ធទិវា អូទីស៊ឹម និងដោនសាំង ដ្រូមឆ្នាំ ២០១៧ ក្នុងនោះក៏មានពិធីប្រគល់ឧបករណ៍ភ្លេង ដែលមានតម្លៃជាង ១០ ម៉ឺនដុល្លារ ដែលជាអំណោយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ត្រូវបានប្រគល់ជូនក្រុមតន្រ្តីជនពិការ ដើម្បីយកទៅប្រគំតន្ត្រីរកប្រាក់កម្រៃសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។
លោក ចាប តូ អាយុ ២៧ ឆ្នាំ ដែលពិការភ្នែកទាំងសងខាង តំណាងឲ្យក្រុមជនពិការ ច្រៀងតាមផ្លូវ បានឲ្យដឹងថា ពីមុនក្រុមជនពិការមាន ១៩ ក្រុម ត្រូវបានបង្រួមមក ៥ ក្រុម ដែលមានសមាជិកជាង ២០០ នាក់។
លោកថា កន្លងមកក្រុមជនពិការ ច្រើនតែច្រៀងតាមដងផ្លូវ ភ្លើងស្តុប និងតាមផ្សារ ដើម្បីរកប្រាក់ចំណូល តែបច្ចុប្បន្ន ក្រោយពីទទួលឧបករណ៍ភ្លេងទំនើបៗ ពីរដ្ឋាភិបាល ក្រុមជនពិការសន្យាថា ឈប់ច្រៀងតាមដងផ្លូវសាធារណៈ ហើយងាកមកច្រៀងតាមទីតាំងដែលសាលារាជធានី រៀបចំឲ្យ គឺនៅរមណីយដ្ឋាន វត្តភ្នំ អតីតទីលានប្រជាធិបតេយ្យ និងសួនច្បារវត្តបទុមវត្តី។
លោកថ្លែងថា៖ «កន្លងមក ខ្វះឧបករណ៍ភ្លេង ចេះតែច្រៀងគ្រប់កន្លែង ដើម្បីរកចំណូល តែឥឡូវ នឹងច្រៀងនៅតាមទីតាំងរបស់សាលារាជធានី ភ្នំពេញ រៀបចំឲ្យ។ ពេលបានឧបករណ៍ថ្មីទំនើបបែបនេះ ពួកខ្ញុំអាចទៅប្រគំតាមខេត្តបានទៀត»។
លោក វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា ជនពិការនឹងឈប់ច្រៀង នៅតាមភ្លើងស្តុបនិងទីសាធារណៈ ចាប់ពីពេលនេះតទៅ ដើម្បីសណ្តាប់ធ្នាប់រាជធានីភ្នំពេញ ក៏ដូចជាសុវត្ថិភាពផ្ទាល់របស់បងប្អូនជនពិការពីគ្រោះថ្នាក់ ដែលអាចកើតមានជាយថាហេតុ។
លោកនិយាយថា៖ «បន្ទាប់ពីទទួលបានឧបករណ៍ភ្លេងដ៏ទំនើបនេះហើយ យើង ក៏បានរៀបចំជាក្រុមនិងប្រគល់ទីតាំង ដែលសាលារាជធានីភ្នំពេញ បានកំណត់ជូនបងប្អូនជនពិការសម្រាប់ប្រគំ ដូចជា នៅរមណីយដ្ឋានវត្តភ្នំ សួនអតីតទីលានប្រជាធិបតេយ្យនិងសួន ច្បារមុខវត្តបទុមវត្តី»។
យោងតាមរបាយការណ៍របស់ក្រសួង សង្គមកិច្ច ក្នុងឆ្នាំ ២០១៦ ក្រសួងស្ថាប័នរដ្ឋចំនួន ៤៣ បានជ្រើសរើសជនពិការចូលបម្រើការងារ មានចំនួន ២ ៥៧៦ នាក់ ក្នុងនោះជនពិការកម្រិតធ្ងន់មានចំនួន ៩៥៣ នាក់ គិតសរុបទាំងអស់មានចំនួន ៣ ៥២៩ នាក់ ស្មើនឹង ១,៧២% វិស័យឯកជន មានជនពិការចំនួន ២ ១២៤ នាក់ ដែលកំពុងបម្រើការងារ បើគិតជាភាគរយគឺស្មើ ៥,៥៣%។
សរុបជារួម ជនពិការ ដែលកំពុងបម្រើការងារទាំងក្នុងក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន មានចំនួនសរុបទាំងអស់ ៤ ៧០០ នាក់ គិតជាភាគរយគឺស្មើនឹង ៧,២៥ ភាគរយ។
កន្លងមក ជនពិការ ជាច្រើនក្រុមបានប្រគំតន្ត្រីនៅតាមដងផ្លូវ និងនៅតាមទីផ្សារនានា ដើម្បីរកប្រាក់ចិញ្ចឹមជីវិត៕