ភ្នំពេញៈ អង្គការអន្តរជាតិសម្រាប់ទេសន្តប្រវេសន៍ (IOM) បាននិយាយថា កម្មវិធីផ្តល់ការតាំងទីលំនៅថ្មីនៃជនភៀសខ្លួន និងសមាហរណកម្មដែលខ្លួននឹងចាប់ផ្តើមអភិវឌ្ឍនាពេលខាងមុខឆាប់ៗជាមួយរដ្ឋាភិបាលកម្ពុជា នឹងផ្តល់អត្ថប្រយោជន៍ដល់ជនភៀសខ្លួនទាំងអស់ក្នុងប្រទេសនេះ បើសូម្បីតែអ្នកដែលមិនស្ថិតនៅក្នុងជំរំអូស្ត្រាលីនៅកោះនេរុ ដែលជ្រើសរើសមកតាំងទីលំនៅក្នុងប្រទេសកម្ពុជា។
អង្គការបានប្រកាសកាលថ្ងៃចន្ទថា ខ្លួននឹងជួយជាមួយគម្រោងផ្តល់ការតាំងទីលំនៅថ្មីដែលមានលក្ខណៈចម្រូងចម្រាសរវាងប្រទេសកម្ពុជានិងអូស្ត្រាលី កាល ខែកញ្ញា ឆ្នាំមុនបន្ទាប់ ពីរដ្ឋាភិបាលនេះយល់ព្រមបំពេញនូវលក្ខខណ្ឌមួយចំនួនដែលខ្លួនបានដាក់ចេញ។
អ្នកនាំពាក្យប្រចាំតំបន់បានថ្លែងកាលម្សិលមិញនៅក្នុងបទសម្ភាសមួយថា លក្ខខណ្ឌទាំងនោះ ដែលរួមមាន ការផ្តល់ឯកសារផ្លូវច្បាប់ដែលតម្រូវឲ្យមានលទ្ធភាពទទួលបានសេវាសុខភាព ការងារនិងការអប់រំ នឹងដាក់ឲ្យអនុវត្តសម្រាប់ជនភៀសខ្លួនទាំងអស់ក្នុងប្រទេសកម្ពុជា បើសូម្បីជនភៀសខ្លួនដែលមិននៅលើកោះនេរុ ដែលជ្រើសរើសមកតាំងទីលំនៅនៅទីនេះ។
ក្រុមសិទ្ធិមនុស្សបានថ្លែងថា គ្មានជនភៀសខ្លួនណាម្នាក់ក្នុងចំណោមជនភៀសខ្លួនប្រហែល ៤០ នាក់ដែលបច្ចុប្បន្នរស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានផ្តល់ឲ្យនូវប័ណ្ណស្នាក់នៅបើទោះបីជាអនុក្រឹត្យ ឆ្នាំ២០០៩ ស្តីពីការផ្តល់ការតាំងទីលំនៅរបស់ជនភៀសខ្លួនចែងថា ពួកគេគួរតែទទួលបានក៏ដោយ។ ពួកគេក៏បានឃើញនូវការលំបាកផងដែរនៅក្នុងការទទួលបានឯកសារធ្វើដំណើរ។
អង្គការសេវាជនភៀសខ្លួនយេស៊ូគ្រិស្ត ថ្លែងថា ការមិនមានឯកសារ គឺវាដាក់កំហិតលទ្ធភាពក្នុងការទទួលបានការងារនិងនីតិវិធីក្នុងការទទួលបានភាពជាពលរដ្ឋកម្ពុជា។ ផ្ទុយទៅវិញ ជនភៀសខ្លួនគ្រាន់តែទទួលបានប្រកាសមួយបញ្ជាក់ពីស្ថានភាពជនភៀសខ្លួនរបស់ខ្លួនប៉ុណ្ណោះ ដែលជនភៀសខ្លួនមួយចំនួនបានអះអាងថា គ្មានប្រយោជន៍នៅពេលព្យាយាមទទួលបានសេវាមូលដ្ឋានដូចជា ការបើកគណនីធនាគារ ទិញម៉ូតូ ឬប្រឡងយកប័ណ្ណបើកបរ។
លោក Joe Lowry អ្នកនាំពាក្យអង្គការ IOM បានអះអាងថា លក្ខខណ្ឌទាំងនោះដែលដាក់អនុវត្តសម្រាប់ជនភៀសខ្លួនពីកោះនេរុ រួមមានទាំងការផ្តល់ឯកសារ នឹងជាអត្ថប្រយោជន៍ផ្ទាល់ចំពោះជនភៀសខ្លួនដែលនៅទីនេះរួចហើយ ដែលនឹងជាអ្នកទទួលអត្ថប្រយោជន៍មុនគេនៃកម្មវិធីថ្មីនេះ។
លោកបន្តថា៖ «យើងមិនអាចមានប្រព័ន្ធពីរថ្នាក់ ដែលអនុគ្រោះដល់ ជនភៀសខ្លួនមកពីកោះនេរុ ជាងជនភៀសខ្លួនដែលរស់នៅទីនោះរួចហើយនោះទេ ឬផ្តល់អ្វីប្រសើរផ្សេងពីពួកគេនោះទេ»។
បើទោះបីជាអនុក្រឹត្យ ឆ្នាំ២០០៩ បានធានារួចហើយនូវសិទ្ធិស្រដៀងគ្នាក៏ដោយ ក៏លោក Lowry ទទួលស្គាល់ថា ការអនុវត្តនៃអនុក្រឹត្យនេះនៅមានកម្រិតនៅឡើយ។
ខណៈលោកបដិសេធមិននិយាយថា ការចូលរួមពាក់ព័ន្ធរបស់អង្គការ IOM ជាមួយកម្មវិធីរវាងប្រទេសកម្ពុជា‑អូស្ត្រាលីដែលមានលក្ខណៈចម្រូងចម្រាសនេះ ជាការផ្តល់ភ្លើងខៀវឲ្យគម្រោងនេះបន្តដំណើរការទៅមុខ លោកបានថ្លែងថា អង្គការ «ពិតណាស់ នឹងផ្តល់ឲ្យកម្មវិធីនេះនូវឱកាសទទួលបានជោគជ័យប្រសើរជាងមុន»។
ប៉ុន្តែលោក កែម សារិន ប្រធាននាយកដ្ឋានជនភៀសខ្លួននៃក្រសួងមហាផ្ទៃ បានអះអាងថា មិនបានដឹងអំពីកម្មវិធីណាមួយជាមួយអង្គការ IOM ទេ។ លោកបានបង្វែរសំណួរឲ្យមើលទៅអនុក្រឹត្យ ឆ្នាំ២០០៩ នៅពេលសួរអំពីសិទ្ធិជនភៀសខ្លួន។
កាល ខែវិច្ឆិកា មន្ត្រីជាន់ខ្ពស់ម្នាក់នៅការិយាល័យជនភៀសខ្លួនបានថ្លែងថា ប្រកាសនោះផ្តល់នូវការផ្តល់ឯកសារគ្រប់គ្រាន់ដល់ជនភៀសខ្លួន។
បើទោះបីជា អ្នកសុំសិទ្ធិជ្រកកោនជនជាតិម៉ុងតាញ៉ា មួយចំនួនរួមទាំងបួននាក់កាលម្សិលមិញ ត្រូវបាននិរទេសទៅប្រទេសវៀតណាម វិញកាលប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយអាជ្ញាធរកម្ពុជាក៏ដោយ ក៏អង្គការ IOM បានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះ ដោយបង្វែរសំណួរទៅទីភ្នាក់ងារអង្គការសហប្រជាជាតិវិញ៕
រាយការណ៍បន្ថែមដោយ ផាក ស៊ាងលី