កោះកុងៈ ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​រាប់ពាន់​ម៉ែត្រការ៉េ​ក្នុង​ទំហំ​ដី​បម្រុង​របស់​រដ្ឋ​ទំហំ​ប្រមាណ​ ១១ ​ហិកតា ស្ថិតនៅ​ភូមិ​កោះស្តេច ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្តកោះកុង​ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ចាប់ផ្ដើម​លួច​បោះបង្គោល​ថ្ម និង​ឈើ​ទន្ទ្រាន​យក​ដោយ​ខុសច្បាប់​។

លោក សុខ សុទ្ធី អភិបាលរង​ខេត្តកោះកុង​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា មន្ត្រី​ចុះទៅ​ត្រួត​ពិនិត្យមើល​ជាក់ស្តែង​នៅ​តំបន់​ដែល​កំពុង​ត្រូវបាន​ទន្ទ្រាន​យក​នោះ​បាន​រកឃើញ​បង្គោល​ថ្ម និង​ឈើ​ប្រមាណ ២០ ​ដើម ហ៊ុមព័ទ្ធ​លើដី​ជាច្រើន​ពាន់​ម៉ែត្រការ៉េ​។

លោក សុខ សុទ្ធី បាន​បន្តថា​៖ «​យើង​បាន​ប្រាប់​ឱ្យ​មន្ត្រី​ដកហូត​បង្គោល​ទាំងនោះ​ចេញ និង​ឃ្លាំមើល​ជាប្រចាំ ដើម្បី​ឈាន​ទៅរក​ចាប់ខ្លួន​អ្នកប្រព្រឹត្ត បញ្ជូន​មកឱ្យ​រដ្ឋបាល​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ មិនទាន់​បានកំណត់​មុខសញ្ញា​លើ​បុគ្គល​ណាមួយ​នៅឡើយ​ទេ​»​។

លោក សុខ សុទ្ធី ថ្លែងថា ប្រជាពលរដ្ឋ​ខិលខូច​បាន​លួច​ដាំ​បង្គោល​នៅពេល​យប់ ហើយ​នៅពេល​ដែល​អាជ្ញាធរ មិន​អើពើ និង​មានការ​ធ្វេសប្រហែស​ក្នុង​រយៈពេល ២ ​ឆ្នាំ ទៅ ៣ ​ឆ្នាំ វា​នឹង​ក្លាយជា​ចលនា​ប្តឹងផ្តល់​តវ៉ា ពិបាក​ដល់​អាជ្ញាធរ​ក្នុង​ការដោះស្រាយ​។

លោក សុខ សុទ្ធី បានឱ្យដឹងថា ដី​ចំនួន ១១ ​ហិកតា ​នៅលើ​កោះ​ស្តេច​នេះ​ជា​ដី​កម្មសិទ្ធិ​របស់​រដ្ឋ​បន្ទាប់ពី​រាជរដ្ឋាភិបាល​បានធ្វើ​អនុប្រយោគ​ជូន​ប្រជាពលរដ្ឋ​នៅទីនេះ​រួចហើយ ដី​នេះ​មាន​គម្រប​ព្រៃឈើ ដែល​អាច​រក្សាទុក ដើម្បី​ឱ្យមាន​ភ្លៀង​សម្រាប់​ផ្គត់ផ្គង់​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅលើ​កោះ​នេះ​សម្រាប់​ប្រើប្រាស់​។

លោក ថោង ច័ន្ទតារា អ្នកសម្របសម្រួល​សមាគម​ការពារ សិទ្ធិមនុស្ស អាដហុក​ប្រចាំខេត្ត​កោះកុង​ថ្លែង ដោយ​អះអាងថា អ្នក​ទៅ​ទន្ទ្រាន​កាន់កាប់​ដី​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​នៅក្នុង​ឃុំ​កោះ​ស្តេច​នេះ មិនមែន​ពលរដ្ឋ​ធម្មតា​អាចធ្វើ​បានទេ​គឺ​មានតែ​អ្នកមាន​លុយ និង​មាន​ខ្សែបណ្តាញ​ទើប​ធ្វើបាន​។

លោក​ថ្លែងថា​៖ «​ថ្មីៗ​មាន​ការចូល​ទៅ​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ខុសច្បាប់​ជាច្រើន​កន្លែង ហើយ​នៅពេល​ដែល​គេ​មាន​ខ្នង មាន​ខ្សែ​ទៅ ចេះតែ​ស្ងាត់ៗ​ទៅ​»​។

លោក ថោង ច័ន្ទតារា ថ្លែង​ថា អាជ្ញាធរ​បាន​ស្គាល់​ពី​មុខសញ្ញា​នៃ​ជនល្មើស​ចូលទៅ​ទន្ទ្រាន​ដី​របស់​រដ្ឋ​ស្ទើរតែ​ទាំងអស់ ប៉ុន្តែ​ពួកគាត់​ហាក់បី​ដូចជា​ព្រងើយកន្តើយ​ក្នុង​ការចាត់​វិធានការ ឬ​ចាប់​បញ្ជូនទៅ​តុលាការ ដោយសារ​វា​ជាការ​ទន្ទ្រាន​ដី​ជា​ប្រព័ន្ធ មិនមែន​ប្រជាពលរដ្ឋ​ធម្មតា ឬ​មកពី​ក្រៅ​ចូលទៅ​ទន្ទ្រាន​នោះទេ​។

យោងតាម​មាត្រា ១៨ និង ១៩ នៃ​ច្បាប់​ភូមិបាល បញ្ជាក់​ថា រាល់​ការចូល​ទៅ​ទន្ទ្រាន​កាន់កាប់​សម្បត្តិ​សាធារណៈ និង​របស់​នីតិបុគ្គល​សាធារណៈ​នឹង​រាល់​ការបំប្លែង​ការកាន់កាប់​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​ទៅជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នឹងត្រូវ​ផ្តន្ទាទោស ពិន័យ​ជា​ប្រាក់​ពី ៥ ​លាន​រៀល ដល់ ៥០ លាន​រៀល ឬ និង​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ១ ​ឆ្នាំ​ដល់ ៥ ​ឆ្នាំ​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌​ថ្លែង​ថា អ្នក​ដែល​ចូលទៅ​ទន្ទ្រាន​ដី ឬ​ដីព្រៃ​កម្មសិទ្ធិ​របស់​រដ្ឋ​នឹង​ត្រូវ​ចោទ​ពីបទ​ល្មើស​ព្រហ្មទណ្ឌ​តាម​បញ្ញត្តិ​ក្រមព្រហ្មទណ្ឌ និង​ច្បាប់​មួយចំនួនទៀត​ទាក់ទង​បរិស្ថាន និង​ធនធានធម្មជាតិ​។ ចំណែក​ប្រភេទ​បទល្មើស និង​ទោសទណ្ឌ​គឺ​អាស្រ័យ​តាម​សកម្មភាព​នីមួយៗ​ដែល​កំណត់ដោយ​ស្ថាប័ន​អយ្យការ​៕