
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ ផា លីណា
ភ្នំពេញៈ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាកាលពីម្សិលមិញបានដាក់ពាក្យបណ្តឹងទៅក្រសួង មហាផ្ទៃដើម្បីឲ្យចាប់ខ្លួនជនម្នាក់ដោយចោទថាបានប្រមាថអាយុជីវិតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមបណ្ដាញសង្គម តែក្រសួងមហាផ្ទៃថា មិនទាន់ទទួលបានព័ត៌មាននេះខណៈសង្គមស៊ីវិលរិះគន់លើវិធានការថា មាន ស្តង់ដារ ២ លើអ្នករិះគន់។
កាលពីថ្ងៃសៅរ៍ លោក ផៃ ស៊ីផាន បានសរសេរលើហ្វេសប៊ុករបស់លោកថា «ហ្វេសប៊ុក (Tharith Bun) នេះបានគំរាមធ្វើឃាតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអំពើល្មើសត្រូវប្រឈមនឹងច្បាប់ ហើយលោកក៏ប្រកាសផ្ដល់រង្វាន់ចំពោះអ្នកណាដែលរកឃើញឪពុកម្ដាយ ឬកន្លែងស្នាក់នៅរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់នោះដែរ។
បន្ទាប់ពីប្រកាសយ៉ាងដូច្នេះ លោក ផៃ ស៊ីផាន បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា លោកបានដាក់បណ្តឹងទៅក្រសួងមហាផ្ទៃរួចហើយ និងសង្ឃឹមថា ក្រសួងមហាផ្ទៃនឹង មានវិធានការតាមច្បាប់ចំពោះជនសង្ស័យដែលបានប្រមាថអាយុជីវិតនាយករដ្ឋមន្ត្រីកម្ពុជានេះ។
លោកបន្តថា ជាទូទៅនាយករដ្ឋមន្ត្រី គឺមានច្បាប់ការពារដោយមិនអាចមានបុគ្គលណា អាចប្រមាថ គំរាម និងសម្លុតលើរូបលោកបានទេចំណែកបុគ្គលរូបនេះបានប្រើពាក្យញុះញង់ម្តងហើយម្តងទៀតនិងបានព្រមានសម្លាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកបញ្ជាក់ថា៖ «យុវជនហ្នឹង មិនមែនខ្ញុំទើបតែចាត់វិធានការដោយមិនធ្វើការអប់រំទេគឺយើងបានពន្យល់ប្រាប់ តែនៅតែឈ្លើយបន្ត បានន័យថា ការងារនេះ គេធ្វើជាប្រព័ន្ធ ស្ថិតក្នុងការគាំទ្រក្រុមណាមួយដែលមានការបំផុសបំផុល។ តាមយើងដឹងគឺម្ចាស់ហ្វេសប៊ុកនេះ គាត់រស់នៅធ្វើការនៅថៃ តែមិនច្បាស់ទេ គឺទុកឲ្យសមត្ថកិច្ចគេចាត់ចែង»។
ភ្នំពេញប៉ុស្តិ៍មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេកាលពីម្សិលមិញដោយលោកថា កំពុងជាប់ប្រជុំ។ ចំណែកលោក ផាន សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា លោកពុំទាន់បានទទួលព័ត៌មានអំពីពាក្យបណ្តឹងនេះទេ ព្រោះជាប់រវល់រៀបចំសន្និបាតរបស់ក្រសួងមហាផ្ទៃ។ តែបើតាមសំណើរបស់លោក ផៃ ស៊ីផាន លោកចង់ឲ្យមានការធ្វើបត្យាប័ននាំខ្លួនបុគ្គលរូបនោះ មកទទួលទោសតាមច្បាប់កម្ពុជា។
លោក ប៊ុន ថារិទ្ធ ដែលជាម្ចាស់ហ្វេសប៊ុកមានឈ្មោះ Tharith Bun បានឆ្លើយតបតាមហ្វេសប៊ុកផ្ទាល់ខ្លួនថា វាគ្មានអ្វីដែលចម្លែកទេចំពោះការព្រមានចាប់ខ្លួន និងប្តឹងលោកពីមន្ត្រីជាន់ខ្ពស់នេះដោយគ្រាន់តែរិះគន់អំពីការបិទសិទ្ធិសេរីភាពរឿងតវ៉ាស្រូវចុះថោកនៅកម្ពុជា។
អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា បានលើកឡើងថា រហូតមកទល់ពេលនេះ លោកពុំទាន់ទទួលបានសារណាមួយដែលបង្ហាញថាយុវជនរូបនោះបានជេរប្រមាថ និងគំរាមសម្លាប់លោកនាយករដ្ឋមន្ត្រីក្រៅតែពីការអះអាងរបស់ លោក ផៃ ស៊ីផាន នោះទេ។
លោកបានបន្តថា បើក្រសួងមហាផ្ទៃពិតជាចាត់វិធានការលើជននោះមែន គឺបង្ហាញថា ជាការអនុវត្តច្បាប់មានស្តង់ដា ២ ដែលចំពោះក្រុមឬជនដែលគាំទ្ររដ្ឋាភិបាលមិនត្រូវបានទទួលទោសទណ្ឌនោះទេ បន្ទាប់ពីពួកគេបានប្រព្រឹត្តកំហុសស្រដៀងគ្នានេះ តែចំពោះក្រុមឬជនដែលបង្ហាញការប្រឆាំងចំពោះថ្នាក់ដឹកនាំរដ្ឋាភិបាល គឺភាគច្រើនមិនអាចរួចខ្លួននោះឡើយ។
លោកបានបញ្ជាក់ថា៖ «ប្រសិនបើសាររបស់គាត់គ្រាន់តែបញ្ចេញមតិតាមហ្វេសប៊ុកដោយរិះគន់ទៅលើការដឹកនាំរបស់រដ្ឋាភិបាល ឬក៏ការយកពន្ធស្រូវអង្ករបែបហ្នឹង វាអត់មានអីជាបទល្មើសទេ ព្រោះវាជារឿងធម្មតា ក្នុងប្រទេសដែលកាន់របបប្រជាធិបតេយ្យសេរី។
អ៊ឹចឹងក្នុងរបបហ្នឹង វាចៀសមិនផុតពីការបញ្ចេញមតិ ការរិះគន់ ចំពោះការដឹកនាំរដ្ឋរបស់រដ្ឋាភិបាល។ អ៊ីចឹងបើគ្រាន់ជាការរិះគន់ ហើយយើងចាត់ទុកថា ជាការគំរាមគំហែង សម្លាប់ ដូច្នេះយើងគួរពិនិត្យមើលខ្លឹមសារហ្នឹងឡើងវិញ តើពាក្យទាំងអស់ហ្នឹងមានកម្រិតជះឥទ្ធិពលរបៀបម៉េចប៉ះពាល់ទៅលើអាយុជីវិតរបស់នាយករដ្ឋមន្ត្រី»៕