ភ្នំពេញៈ ជន​ជាប់​ចោទ​ម្នាក់​បាន​សារ​ភាព​ ខណៈ​គូ​កន​ម្នាក់​ទៀត​បដិ​សេធ​នៅ​សា​លា​ឧទ្ធរ​ណ៍​នៅថ្ងៃទី ៤ ធ្នូ​នេះ ​ពាក់​ព័ន្ធ​បទ​ចោទ​ជួញ​ដូរ​គ្រឿង​ញៀន​មេ​តំ​ហ្វេ​តា​មីន​ទម្ងន់​១៤៥,៩៧​ក្រាម​នៅ​ភូមិ​ពាណិជ្ជកម្ម សង្កាត់រ​ការ​ធំ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី២៩កញ្ញា ឆ្នាំ ២០១៧ ។

ជនជាប់ចោទ យី សំបូរ អាយុ ២៦ឆ្នាំ​ បាន​ប្រាប់​ចៅក្រម​ថា នៅ​ថ្ងៃកើតហេតុ​ គាត់​បាន​ទូរស័ព្ទ​ទៅ​បុរស​ម្នាក់​ឲ្យ​យក​ថ្នាំញៀន​មក​ឲ្យ​គាត់ ។ បន្ទាប់ពី​បាន​កញ្ចប់​គ្រឿងញៀន​ហើយ​ ចៃដន្យ​ឈ្មោះ ​នួន សារិទ្ធ​ឌី អាយុ ២១ឆ្នាំ​ បានមក​ផ្ទះ​របស់ខ្លួន​ ដើម្បី​ហូបបាយ។

ជនជាប់ចោទ​បន្តថា បន្ទាប់ពី​ឈ្មោះ នួន​ សារិទ្ធ​ឌី​ ហូបបាយ​រួច​ រូបគេ​ក៏​បោះ​កញ្ចប់​ថ្នាំញៀន​ឲ្យ​កាន់​ហើយ​បបួលគ្នា​យកទៅ​ប្រគល់​ឲ្យ​ម៉ូយ​នៅមុខ​សាលាខេត្ត​កំពង់ស្ពឺ​ ប៉ុន្តែ​ពេលនោះ​សមត្ថកិច្ច​អាវុធហត្ថ​បាន​បើករថយន្ត​តាម​ពីក្រោយ ។ ពេលនោះ​ ដោយ​ភ័យ​ពេក ពួកគេក៏​ព្យាយាម​បើក​ម៉ូតូ​គេចខ្លួន​ តែ​ដោយ​ស្លន់ស្លោ ពេក​ឈ្មោះ នួន សារិទ្ធ​ឌី បានលោត​ចូលក្នុង​ទឹក តែ​ដោយ​ខ្លួន​មិនចេះ​ហែល​​ទឹក​ក៏​ស្រែក​ឲ្យ​គេ​ជួយ​រួមត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ទាំង២នាក់​តែម្តង ។

ជនជាប់ប្រាប់​ចៅក្រម​ទៀតថា ពេលនោះ​សមត្ថកិច្ច​អាវុធហត្ថ​ដកហូត​បាន​ថ្នាំញៀន​ពី​ពួកគេ​បាន២កញ្ចប់​ស្មើ​ នឹង ទម្ងន់១៤៥,៩៥ ក្រាម ។

ជនជាប់ចោទ សំបូរ និងឈ្មោះ សារិទ្ធ​ឌី បញ្ជាក់ប្រាប់ចៅ​ក្រម​ថា ៖ « តុលាការខេត្ត​កំពង់ស្ពឺ​បាន​ផ​ន្តា​ទោស​ពួក​ខ្ញុំម្នាក់ៗ១២ឆ្នាំ​និង​ពិន័យ​ប្រាក់ម្នាក់ៗ៤លាន​រៀល។តែ​ខ្ញុំ​សុំ​ដល់​តុលាការ​ឧទ្ធរណ៍​កំណត់​ទោស​ខ្ញុំ​ត្រឹម៦ឆ្នាំ​បាន​ហើយ ហើយ​ខ្ញុំ​ នួន សារិទ្ធ​ឌី សុំ​តុលាការ​ដោះលែង​ខ្ញុំ​វិញព្រោះ​ខ្ញុំ​មិនបាន​ប្រព្រឹត្ត​ទេ » ។

លោក ស្រី ព្រះរាជអាជ្ញា យិន សុគន្ធា​រី តំណាង​មហាអយ្យការ​សន្និដ្ឋានថា ករណី​ជនជាប់ចោទ​ ឈ្មោះ យី សំបូរ បាន​សារភាព​ ប៉ុន្តែ បើតាម​អង្គហេតុ​គាត់​ជា​អ្នកប្រព្រឹត្ត ។ ឯ​ឈ្មោះ សារិទ្ធ​ឌី​ ឆ្លើយ​ថា មិនបាន​ចូលរួម​ តែ​ការសម្រេច​របស់​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ត្រឹមត្រូវ​ហើយ ដូច្នេះ​លោកស្រី​ សុំ​តម្កល់​សាលក្រម​ ទុកជាបានការ ។

លោក ឈី សុជាតិ មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​សន្និដ្ឋានថា កូនក្តី​លោក​ម្នាក់​ បានទទួល​កំហុស ហើយ​គាត់​សុំ​ជាប់ពន្ធនាគារ​តែ៦ឆ្នាំ​បាន​ហើយ ​រីឯ​កូនក្តី​លោក​ម្នាក់ទៀត​គាត់​មិនបាន​ចូលរួម​ជួញដូរ​ថ្នាំញៀន​ទេ ។

លោក​ថ្លែងថា៖« កូនក្តី​ខ្ញុំ​ឈ្មោះ សំបូរ សុំ​តុលាការ​ត្រឹម​ជាប់ឃុំ៦ឆ្នាំ​ ហេតុដូច្នេះ​សូម​តុលាការ​មេត្តា​អនុ-​ញ្ញាតឲ្យ​គាត់​ផង។ ឯ​ឈ្មោះ​ សារិទ្ធ​ឌី សុំ​តុលាការ​ដោះលែង​គាត់​វិញ ព្រោះ​គាត់​គ្រាន់តែ​ជិះ​ម៉ូតូ​ជាមួយគ្នា​ » ។

ក្រោយ​ជំនុំជម្រះ​ប្រមាណ​ជា​កន្លះ​ម៉ោង​ លោក ស៊ិន វិសាល ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ថ្លែងថា សាលដីកា​នេះ ​នឹង​ប្រកាស​ថ្ងៃទី១៧ ខែធ្នូ​ ខាងមុខ ៕