ព្រះសីហនុៈ ជនរងគ្រោះ​ជិត​ ៥០ គ្រួសារ​ ក្នុងឧ​បទ្ទ​វហេតុរ​លំ​បាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ ជំរុញ​ឲ្យ​តុលាការ​ពន្លឿន​នីតិវិធី​ស្វែង​រក​យុត្តិ​​ធម៌​ដល់​ពួកគេ ​ខណៈ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​ក្រុមហ៊ុន​ចិន​ក្នុង​ម្នាក់ៗពី ២ ម៉ឺន​ដុល្លារ​ដល់​ជាង ១០ ម៉ឺន​ដុល្លារ ​ផ្អែក​​លើ​ចំនួន​ជនរង​គ្រោះ​ក្នុង​គ្រួសារ ​បន្ទាប់​ពី​ក្រុម​ហ៊ុន​បានសាងសង់​អគារ​កម្ពស់​ ៧ ជាន់ ​គ្មាន​ច្បាប់​អនុញ្ញាត​បណ្តាល​​​ឲ្យ​បាក់​រលំ​កាល​ពី​ខែ​មិថុនា។

ក្នុង​ឧ​បទ្ទ​វ​ហេតុ​រលំបាក់​អគារ​នោះ​ករណី​ដំបូង​​បាន​បណ្តាល​​ឲ្យ​កម្មករ​ដែល​សម្រាក​បណ្តោះ​អាសន្ន​ក្នុង​អគារ​នេះ​ចំនួន​ ២៨​ នាក់​ស្លាប់​ ក្រោម​គំនរ​បាក់​បែក ឯ​កម្មករ​ចំនួន​ ២៦ នាក់​ផ្សេង​ទៀត ​នៅ​រស់រាន​មានជីវិត​ ដោយ​អ្នក​ខ្លះ ​បាន​ជាប់​ក្រោម​អគារ​ជាង ៤៨ ម៉ោង។

ជន​រងគ្រោះ​ម្នាក់ ដែល​នៅ​មាន​ជីវិត​ក្រោយ​បាក់​រលំ​អគារ​ចិន​នេះ លោក ​អ៊ុក សាវ៉ាត ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ​លោក​រួមទាំង​កម្មករ​ចំនួន ​​៣ នាក់​ផ្សេងទៀត ​ទើបតែ​បាន​ជួប​មន្ត្រី​តុលា​ការនៅ​ពាក់កណ្តាល​ខែ​នេះ ​ដើម្បី​បំភ្លឺ​ជុំវិញ​ករណី​នេះ​ខណៈក្រុម​មេធាវី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ជួយ​ការពារ​ក្តី​ក្នុងការ​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ចិន​នោះ។

បុរស​វ័យ​ ៣១ ឆ្នាំ ​ដែល​រៀបរាប់​តាម​ទូរ​ស័ព្ទ​បង្ហាញ​ពី​អារម្មណ៍​ភ័យខ្លាច​ និង​លែង​ហ៊ាន​ធ្វើការ​ជា​កម្មករ​សំណង់​បន្តទៀត​បាន​និយាយថា ​ក្រោយពី​កើតហេតុ​បែប​នេះ​ ខ្លួន​មិនមាន​ការងារ​ធ្វើ​នោះទេ ព្រោះ​មិនមាន​ជំនាញ​អ្វី​ក្រៅពី​ធ្វើជា​កម្មករ​សំណង់ ​ដូច្នេះ​ដើម្បី​ចិញ្ចឹម​ជីវិត ​និង​ស្វែងរក​ជំនាញ​ថ្មី ​ខ្លួន​សម្រេច​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ ដោយ​ក្នុង​ម្នាក់ ២ ម៉ឺនដុល្លារ។

លោក​បញ្ជាក់ថា​៖ «[ខ្ញុំ]​ ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី ​[ការរង​គ្រោះ] ​ហើយ​យើង​អត់​មាន​ការងារ​ធ្វើ​ទៀត ​ព្រោះ​ឲ្យ​តែ​ឃើញ​អគារ​ភ័យៗ។ ​សមត្ថភាព​របស់​ខ្ញុំ ​ធ្លាប់​ធ្វើ​តែ​សំណង់ ​តែ​ពេលនេះ​ធ្វើ​មិនកើត​ទេ។ បើ​បាន ​[លុយ]​ ពី​គេ​ហ្នឹង​មក ​យើង​ក៏​ល្មម​បង់ថ្លៃ​ជីវភាព»។

ចំណែក​យុវជន​ ឈុំ​ ចិន​ឡាំង​ ត្រូវជា​កូនប្រុស​របស់​ប្តី​ប្រពន្ធ​ ២ នាក់ ដែលបាន​​ស្លាប់ ​ខណៈ​ប្អូនស្រី​ម្នាក់​របស់ខ្លួន​បាន​ជាប់​ក្រោម​អគារ​ប្រមាណ​ ២០ ម៉ោង ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​ ខ្លួន និងប្អូនស្រី ​ទើបតែ​បាន​ចូល​បំភ្លឺ​នៅ​តុលាការ ​ខេត្ត​ព្រះសីហនុ ​ប្រមាណ ១០ ​ថ្ងៃ​​មុន​ប៉ុណ្ណោះ ​ជុំវិញ​សំណុំ​រឿង​នៃ​ការ​រលំ​បាក់​អគារ​នេះ ​ខណៈដែល​ខ្លួន​បាន​ពឹងពាក់​មេធាវី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដើម្បី​ជួយ​រក​យុត្តិធម៌​ឲ្យ​គ្រួសារ​ខ្លួន។

យុវជន​វ័យ ២៣ ឆ្នាំ ​រូបនេះ សង្ឃឹមថា ​សំណង​ដែល​ពួកខ្លួន​ទាមទារ​ពី​ក្រុម​ហ៊ុន​ចិន ​ប្រមាណ​ជាង ១០ ម៉ឺន​ដុល្លារ​ លើ​ការបាត់​បង់​ឪពុកម្តាយ​របស់​ខ្លួន ​និង​ប្អូនស្រី​ស្ទើរតែ​បាត់បង់​ជីវិត​ដែរនោះ ​នឹង​ទទួលបាន​យុត្តិធម៌​ឆាប់​ ខណៈ​ខ្លួន ក៏​ឃើញ​ជន​ជាប់​ពាក់ព័ន្ធ​ក្នុងការ​បាក់​រលំ​អគារ​នេះ ​ឆាប់​ទទួល​ទោស​ទណ្ឌ​តាម​ច្បាប់​ផងដែរ។

ចិនឡាំង​បញ្ជាក់ថា​៖ «ខ្ញុំ​ក៏​ធ្លាប់​ធ្វើ​កន្លែង​ហ្នឹង​ដែរ ​បន្ទាប់មក​ម៉ាក់​ខ្ញុំ ប៉ា​ខ្ញុំ ​ប្អូន​ខ្ញុំ គាត់​ធ្វើ​នៅ​ហ្នឹង គឺ​មូលហេតុ​មកពី​អគារ​ចិន​ហ្នឹង ​បាន​ម៉ាក់​ប៉ា​ខ្ញុំ​ស្លាប់។ ខ្ញុំ​ចង់​ទទួលបាន​យុត្តិធម៌​ឆាប់ៗ​ព្រោះថា​ខ្ញុំ​តែ​ម្នាក់ឯង ​ប្អូន​ខ្ញុំ​ដែល​របួស​ហ្នឹង​មិនទាន់​ជា​ស្រួល​បួល​ទេ​ ខ្ញុំ​រត់​ឯកសារ​ម្នាក់ឯង ​ធ្វើអីៗ​តែ​ម្នាក់ឯង​ ខ្ញុំ​ពិបាក ​ខ្ញុំហត់»។

លោក​គី តិច ​ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​លោក ​ហ៊ុន សែន ​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ​រហូតមក​ដល់​ពេលនេះ​ ក្រុម​មេធាវី ​បានទទួល​ការពារ​ក្តី​ដល់​ជន​រងគ្រោះ​ពី​ការ​រលំ​បាក់​អគារ​ចំនួន ៤៨ ​គ្រួសារ ​ដោយ​ចែក​ជា ៣ ក្រុម ​គឺ​ក្រុម​គ្រួសារ​អ្នកស្លាប់ ​និង​អ្នក របួស ​ខណៈ​មាន ៣ គ្រួសារ ​ដែល​ជា​អ្នករងគ្រោះ​ជុំវិញ​អគារ ​ដោយ​ការខូចខាត​ទ្រព្យ​សម្បត្តិ​។ លោក ​គី តិច ​បន្តថា ​ក្រុម​មេធាវីក៏​កំពុង​បន្ត​ចុះទៅ​ដល់​មូលដ្ឋាន​របស់​សាច់ញាតិ ​និង​ជន​រងគ្រោះ​ដទៃទៀត​ ដែល​មិនទាន់​បាន​ដាក់ពាក្យ​បណ្តឹង​ទាមទារ​សំណង​ ស្របពេល​មាន​ជនរងគ្រោះ​មួយចំនួន​បាន​បញ្ឈប់​ការទាមទារ​របស់​ពួកគេ ​ដោយ​មិន​ចង់​ទាមទារ​សំណង​អ្វី​បន្ថែម​ទៀត​នោះទេ ​ក្រោយ​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​ពី​លោក​នាយក​រដ្ឋមន្ត្រី។

លោក​បញ្ជាក់ថា​៖ «ជា​គោលការណ៍​ក្រុម​មេធាវី​របស់​យើង ​មិនមាន​ការបង្ខិត​បង្ខំ​នោះទេ​ ក្នុងការ​សម្រេច​ទាមទារ​សំណង​នេះ ​ដោយ​គ្រាន់តែ​ពន្យល់ ​ពិភាក្សា​តាមផ្លូវ​ច្បាប់​របស់​គាត់​ទេ។ ចំពោះ​សំណង​ដែល​បងប្អូន​ជនរងគ្រោះ​គាត់​ទាមទារ​គឺមាន​ចំនួន​ខុសគ្នា ​ប៉ុន្តែ​ខ្ញុំ​សុំ​សរុប​ជារួម​គឺមាន​ទាប​បំផុត ​គឺ​ ២ ម៉ឺន ​ហើយច្រើន​បំផុត ១២ ម៉ឺន​ដុល្លារ។ ដោយ​ក្នុង នោះមាន​អ្នកខ្លះ​ទាមទារ​ប៉ុននេះ មាន​អ្នកខ្លះ​ទាមទារ​ប៉ុននោះ»។

កាលពី​ថ្ងៃទី ២៤​ ខែ មិថុនា​ ក្រោយ​បាក់​រលំ​អគារភ្លាមៗ​ តុលាការ​ខេត្ត​ព្រះសីហនុ​ បានចេញ​ដីកា​ ៤ ​ផ្សេងគ្នា ​ដោយ​សម្រេច​ឃុំខ្លួន​ជនជាតិ​ចិន ៤ នាក់ ​ដែលជា​អ្នកទទួល​ខុសត្រូវ​លើ​សំណង់​អគារ​នេះ​ ដោយ ​២ នាក់ ​ចោទ​ពីបទ​មនុស្ស​ឃាត​ដោយ​អ​ចេតនា បង្ក​ឲ្យ​មាន​របួស​ដោយ​អ​ចេតនា ​និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​បង្ក​ការ​របួស​ស្នាម​ដល់​អ្នកដទៃ។

ចំណែក​ជនសង្ស័យ​ ២ នាក់​ទៀត ចោទ​ពីបទ​សមគំនិត​ក្នុង​អំពើ​មនុស្សឃាត​ដោយ​អ​ចេតនា ​សមគំនិត​ក្នុង​អំពើ​បង្ក​ឲ្យ​មាន​របួស​ដោយ​អ​ចេតនា និង​សម​គំនិត​ក្នុងការ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​បង្ក​ការ​របួស​ស្នាម​ដល់​អ្នកដទៃ។

លោក ​លឹម ប៊ុនហេង​ អ្នកនាំពាក្យ​តំណាង​អយ្យកា​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាងខ្លី​ថា​ ករណីនេះ បាន​បញ្ជូន​ទៅ​ចៅក្រម​ហើយ ​ដូច្នេះ ​លោក​គ្មាន​អ្វី​ត្រូវ​បកស្រាយ​បន្ថែម​ទេ។ ​លោក​ក៏បាន​បដិសេធ ​ធ្វើការ​អត្ថា​ធិប្បាយ​ជុំវិញ​នីតិវិធី​បន្ត​ក្នុងការ​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត។

លោក​បញ្ជាក់ថា​៖ «នីតិវិធី​ប្រែប្រួល​អី​ទៀត ​ទាក់ទង​ទៅ​ចៅក្រម​ទៅ ដូច​ខ្ញុំ​និយាយ​ពី​ខាងដើម​អ៊ីចឹង ​ចោទប្រកាន់​ប៉ុណ្ណឹង​ឯង ​មើល​ពី​ដើម​ទៅ»។

លោក ​យឹម ប៊ុណ្ណា​រ៉េត ​ប្រធាន​លេខា​ធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង​ខេត្ត​នេះ ​បាន​បដិសេធ​ធ្វើការ​អត្ថាធិ​ប្បាយ​ ដោយ​អះអាងថា​ លោកមិនបាន​ដឹង​ពី​ករណីនេះ ​និង​បាន​បង្វែរ​សំណួរ​ទៅ​ចៅក្រម​ស៊ើបសួរ​ផ្ទាល់។

លោក​បញ្ជាក់ថា​៖​ «តែព្រះរាជ​អាជ្ញា​ចោទៗ​​ហើយ​ អត់​មាន​ប្រែប្រួល​ក្រៅពី​ការ​ចោទ​របស់​ព្រះរាជអាជ្ញា​នោះ​ទេ។ ​ទាក់ទង​ចៅក្រម​ទៅ ​ការងារ​ហ្នឹង»។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​លោក​ សុក ហេង ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​នេះ ដែល​បានចេញ​ដីកា​​ឃុំ​ខ្លួន​ជនជាតិ​ចិន​ទាំង ៤ នាក់ ​ដើម្បី​សុំ​លម្អិត​ពី​ព័ត៌មាន​បន្ថែម​បាន​ទេ​ពី​ម្សិលមិញ។

លោក​មេធាវី សុក សំអឿន ​លើកឡើងថា ​ក្នុង​ន័យ​ដែល​តុលាការ​ចោទ​ប្រកាន់​ជនសង្ស័យ​មួយ​ករណី​ក្នុង​ចំណោម​ ៣ ​ករណី​ ពី​បទចេតនា​ដូច្នេះ ​សម្រាប់​លោកមានន័យថា​ អ្នក​ធ្វើ​អគារ​មាន​ចេតនា​ឲ្យ​អគារ​ហ្នឹង​រលំ ​និងបង្ហាញ​ថា​ការ​សាង​សង់​របស់​ជនជាតិ​ចិននេះ​ គឺ​មានចេតនា​ឲ្យ​អគារ​ហ្នឹង​រលំ​មែន។ ប៉ុន្តែ​បើសិន​មិនស្ថិត​ក្នុង​ន័យ​ហ្នឹងទេ​ ឬ​គ្រាន់តែ​ក្នុង​ន័យ​ធ្វេស​ប្រហែស​ នោះ​មិនអាច​ចោទ​ពីបទ​ធ្វើឲ្យ​ខូចខាត​ដោយ​​ចេតនា​បាន​ទេ។

លោក​បញ្ជាក់ថា​៖ «នៅពេល​បទ​ល្មើស​​មួយ​រួចផុត​ អាច​នៅ​បទល្មើស​មួយ​ទៀត ​ព្រោះ​ថា​ ក្នុងការ​ចោទប្រកាន់ ​គឺ​តុលា​ការ ​អាច​ចោទ​ប្រកាន់​បានច្រើន​ករណី ​ហើយ​រួមទាំង​ការដាក់​ទោស​ផងដែរ​ ដូចជា​ការស្រូប​ទោស​ជា​ដើម។ ប៉ុន្តែ​យ៉ាង​ណា ​ចំពោះ​ការចោទ​ប្រកាន់​របស់​តុលាការ​ក្នុង​បទល្មើស​ទាំងនេះ ​លោក​មិនអាច​ធ្វើការ​សន្និដ្ឋាន​បាន​ទេ។

មន្ត្រី​សម្របសម្រួល​សមាគមការពារ​សិទ្ធិមនុស្ស ​អាដ​ហុក ​ប្រចាំ​ខេត្ត​ព្រះសីហនុ ​លោក​ស្រី ​ជៀប សុធា​រី ​មានប្រសាសន៍​ថា ​ការទាមទារ​របស់​ជន​រងគ្រោះ ​គឺជា​សិទ្ធិ​ដែល​ផ្តល់​ឲ្យ​ទៅ​តាម​ច្បាប់។

ប៉ុន្តែ​លោក​ស្រី ក៏​នៅតែ​ទាមទារ​ឲ្យ​មានការ​ស៊ើប​អង្កេត​រក​អ្នក​ពាក់ព័ន្ធ​ក្នុង​សោកនាដកម្ម​នេះ​បន្ថែម​ទៀត ​ព្រោះ​ការ​បណ្តោយ​ឲ្យ​មាន​សំណង់​អគារ​ខុសច្បាប់​ អាច​សាង​សង់​បាន​ដូច្នេះ ​គឺជា​អំពើ​មួយ​ដែល​ត្រូវតែ​បើក​ការស៊ើបអង្កេត​ឲ្យ​បានច្បាស់​លាស់ ​ជាពិសេស​អ្នក​ទទួល​ខុសត្រូវ។

លោក​ស្រីក៏​បានបញ្ជាក់​ផងដែរ​ថា​៖​ «នៅ​ពេល​ដែលមាន​ការបើក​សវនាការ​លើ​សំណុំ​រឿងនេះ ​សុំ​ឲ្យ​មានការ​ជូនដំណឹង​ជា​សាធារណៈ ​ព្រោះ​រឿង​ហ្នឹង​អ្នកណា​ក៏​ចង់ដឹង​ដែរ ​ហើយ​វា​មិនមែន​អាថ៌​កំបាំង​អី​ដូច​រឿង​រដ្ឋប្ប​វេណី​ទេ។ គួរតែ​ឲ្យ​មានការ​ជូន​ដំណឹង​ជា​សាធារណៈ ​ហើយ​នៅពេល​បាន​លទ្ធផល​យ៉ាងណាៗ ​គួរតែ​អ្នក​នាំពាក្យ​តុលាការ​ហ្នឹង​ ផ្សព្វផ្សាយ​ឲ្យ​ប្រជា​ពលរដ្ឋ​បាន​ដឹង​ផង»៕