The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជនរងគ្រោះ​ដីធ្លី​ព្រមាន ​ហែញត្តិ​ទាមទារ​ឲ្យ​លោក​ ហ៊ុន សែន ​ជួយ

ជនរងគ្រោះ​ដីធ្លី​ព្រមាន ​ហែញត្តិ​ទាមទារ​ឲ្យ​លោក​ ហ៊ុន សែន ​ជួយ

Content image - Phnom Penh Post
ប្រជាពលរដ្ឋ​កោះកុង​ដែល​មាន​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​កោះកុង ស៊ូហ្គ័រ និង​ក្រុមហ៊ុន ហេង ហ៊ុយ ថែ្លង​ក្នុង​សន្និសីទ​កាសែត​ដែល​បាន​ធ្វើ​ឡើង​នៅ​វត្ត​សាមគ្គីរង្សី រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ម្សិលមិញ។ ពួកគេ​ព្រមាន​ហែ​ញត្តិ​ទៅ​ ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ក្នុង​សប្ដាហ៍​នេះ។ ផា លីណា

ជនរងគ្រោះ​ដីធ្លី​ព្រមាន ​ហែញត្តិ​ទាមទារ​ឲ្យ​លោក​ ហ៊ុន សែន ​ជួយ

ភ្នំពេញ: ប្រជាពលរដ្ឋ​ជិត ២០០ នាក់​តំណាង​ឱ្យ ១៤៧ គ្រួសារ​មកពី​ខេត្ត​កោះកុង​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​កោះកុង ស៊ូហ្គ័ររបស់ លោក លី យ៉ុងផាត់ និង​ក្រុមហ៊ុន ហេង ហ៊ុយ ខាល់ឆ័រគ្រុប កំពុង​ស្នាក់នៅ​វត្ត​សាមគ្គីរង្ស៊ី រាជធានី​ភ្នំពេញ​បាន​ព្រមាន​ហែ​ញត្តិ​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ក្នុង​សប្តាហ៍​នេះ​ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍ វិវាទ​ដីធ្លី​ដែល​អូស​បន្លាយ​ជិត ១០ ឆ្នាំ​ខណៈ​មន្ត្រី​ដោះស្រាយ​ការងារ​នេះ​ស្នើ​ពលរដ្ឋ​រង់ចាំ​ការ​ដោះស្រាយ​របស់​ក្រសួង​ដែល​កំពុង​ធ្វើ​លើ​រឿង​នេះ។

អ្នក​រងគ្រោះ​ទាំង​នោះ​មកពី​ភូមិ​រួម​មាន ភូមិតាធង ព្រះអង្គកែវ ឃុំ​ដងពែង ភូមិ​ត្រពាំងកណ្តាល ភូមិជីខ ឃុំ​ជីខលើ និង​ភូមិ​ព្រែកជីក ឃុំ​ជីខក្រោម ស្រុក​ស្រែអំបិល ភូមិ​កណ្តាល ឃុំ​កណ្តាល ស្រុក​បុទុមសាគរ ខេត្ត​កោះកុង។

តំណាង​សហគមន៍​ដីធ្លី​អ្នកស្រី ផាវ ញើង បាន​ថ្លែង​ថា​កាលពី​ថ្ងៃ​ទី ២០ ក្រុម​គាត់​បាន​ទៅ​រដ្ឋសភា និង​ទៅ​ក្រសួង​បរិស្ថាន​ដើម្បី​ពន្លឿន​ដំណោះស្រាយ​តែ​មិន​ទាន់​មាន​ការ​ឆ្លើយតប​ជា​វិជ្ជមាន​ឡើយ​ខណៈ​ដែល​មន្ត្រី​នៅ​មូលដ្ឋាន​មិន​មាន​ចេតនា​ដោះស្រាយ។

អ្នកស្រី​បន្ថែម​ថា​ដោយសារ​អស់​ជំនឿ​លើ​មន្ត្រី​ថ្នាក់​ក្រោម​ក្រុម​គាត់​នឹង​ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិញ​ម្តង​ដើម្បី​ជួយ​ដោះស្រាយ​លើ​បញ្ហា​ដ៏រ៉ាំរ៉ៃ​នេះ។

អ្នកស្រី​ថា៖ «បើ​នៅ​តែ​អត់​មាន​ដំណោះស្រាយ​ពីរ​ថ្ងៃ​ទៀត​ពួកខ្ញុំ​ទៅ​ខុទ្ទកាល័យ​សម្តេច ហ៊ុន សែន ដោយសារ​យើង​អត់​មាន​ជម្រើស​ទៀត​ទេ​ខ្ញុំ​ជឿ​សម្តេច​នាយក​ប្រហែល​ជា​ដឹង​រឿង​នេះ​ព្រោះ​លោក​សមាជិក​ព្រឹទ្ធ​សភា​លោក លី យ៉ុងផាត់​ ជា​អ្នក​យក​ដី​នេះ​តែ​ប្រហែល​ជា​លោក​មិន​ដាក់​ចំណាត់ការ​ឱ្យ​លឿន​អ៊ីចឹង​យើង​នឹង​ទៅ​រក​គាត់​ជំរុញ​ឱ្យ​ដោះស្រាយ​លឿន​បំផុត»។

សមាជិក​ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​នៃ​គណៈកម្មការ​ទី ៨ នៃ​ក្រសួង​ដែនដី​លោក អេ ប៊ុនធឿន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​កន្លង​ទៅ​ក្រសួង​បាន​ចុះ​វាស់វែង​ដីធ្លី​នៅ​តំបន់​មាន​ជម្លោះ និង​យក​មក​ផ្ទៀងផ្ទាត់​ទើប​មាន​វិធានការ​តាម​ក្រោយ។ ហើយ​បាន​ស្នើ​ឱ្យ​ពលរដ្ឋ​អត់ធ្មត់​រង់ចាំ​ការ​ដោះស្រាយ​ដោយ​អះអាង​ថា​បញ្ហា​ដីធ្លី​មាន​ភាព​ស្មុគស្មាញ។

លោក​បញ្ជាក់​ថា៖ «គាត់​ចេះ​តែ​ចង់​ឱ្យ​យើង​ដោះស្រាយ​លឿន តែ​យើង​មាន​នីតិវិធី​ក្នុង​ការ​ពិនិត្យ និង​ស្រាវជ្រាវ​ព្រោះ​យើង​មិន​ធ្វើ​តែ​រឿង​គាត់​មួយ​ទេ​នៅ​មាន​រឿង​ផ្សេង​ទៀត​ដែល​ត្រូវ​ធ្វើ​អ៊ីចឹង​វា​មិន​បាន​ឆាប់​ទេ​ណា​មួយ​ទៀត​ពួកគាត់​មាន​ច្រើន​គ្រួសារ​ឥឡូវ​យើង​មិន​ទាន់​សម្រេច​យ៉ាង​ម៉េច​ទេ​ព្រោះ​យើង​នៅ​បន្ត​ស្រាវជ្រាវ​ពី​អត្តសញ្ញាណ​គាត់​ ទីតាំង​ដី យើង​ចង់​ធ្វើ​ម្តង​ឱ្យ​ចប់​យើង​មិន​អាច​សន្យា​ថា​ដោះស្រាយ​ពេល​ណា​ចប់​ទេ អាស្រ័យ​លើ​ការ​សហការ​ពី​ភាព​ស្មោះត្រង់​ពួកគាត់​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ឱ្យ​យើង​ដែរ​ព្រោះ​កន្លង​ទៅ​គ្នា​គាត់​ចេះ​តែ​ថា​ទំហំ​ដី​ធំ អ្នក​ខ្លះ​មិន​មាន​ដី​ថា​មាន​ដី​ដែរ​ហើយ​អ្នក​ខ្លះ​ជា​សមាសភាព​ដែល​ក្រុមហ៊ុន​ធ្លាប់​ដោះស្រាយ​ហើយ​តែ​នៅ​បន្ត​ទាមទារ​ទៀត​រឿង​ហ្នឹង​យើង​ត្រូវ​វែកញែក​ឱ្យ​ច្បាស់លាស់»។

Content image - Phnom Penh Post
ពលរដ្ឋ​មកពី​ខេត្ត​កោះកុង​គ្រោង​ហែ​ញត្តិ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ជួយ​រក​ដំណោះស្រាយ​ដីធ្លី។ ផា លីណា

យ៉ាង​ណា​ក៏​លោក​បញ្ជាក់​ថា​ក្រសួង​មិន​ដែល​យក​សំណើ​របស់​ប្រជាពលរដ្ឋ​មក​ទុកចោល​នោះ​ទេ​ហើយ​នឹង​បន្ត​ធ្វើ​តាម​នីតិវិធី​ច្បាប់។

បើ​តាម​លោក​ អេ ប៊ុនធឿន បន្ទាប់ពី​ពិនិត្យ​ចប់​សព្វ​គ្រប់​ចំនួន ១៥ គ្រួសារ​ដែល​ធ្លាប់​បាន​វាស់វែង​ក្រសួង​នឹង​ចុះ​ពិនិត្យ​ទីតាំង​មាន​ជម្លោះ​ផ្សេង​ទៀត​នៅ​ថ្ងៃ​ខាង​មុខ។

កន្លង​ទៅ​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​ទទួល​ពាក្យ​បណ្តឹង​នៃ​រដ្ឋសភា​លោក អេង ឆៃអ៊ាង បញ្ជាក់​ថា​រដ្ឋសភា​បាន​បញ្ជូន​លិខិត​អន្តរាគមន៍​របស់​ពលរដ្ឋ​ទៅ​កាន់​ក្រសួង​បរិស្ថាន​ដើម្បី​ពិនិត្យ​លើ​សំណើ​របស់​ពលរដ្ឋ​រួច​ហើយ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​នេះ ក្រោយ​ពី​ទទួល​បាន​ញត្តិ​ភ្លាម។

តែ​កាលពី​ថ្ងៃ​ទី ២០ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​លោក អ៊ាង សុផល្លែត បញ្ជាក់​ថា​ក្រសួង​ពុំ​មាន​សមត្ថកិច្ច​ដោះស្រាយ​វិវាទ​ដីធ្លី​ទាក់ទង​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​ទេ​ដោយ​បង្វែរ​ទៅ​ក្រសួង​កសិកម្ម​វិញ។

បើ​តាម​ពលរដ្ឋ​ពួកគេ​ភាគ​ច្រើន​រស់នៅ​តាំង​ពី​ឆ្នាំ ១៩៧៩ និង​អ្នក​ខ្លះ​តាំង​ពី​ឆ្នាំ ១៩៩៣ មក​បាន​បង្ក​បង្កើន​ផល​រួម​មាន ស្រូវ ពោត ដំឡូង ចេក កៅស៊ូ ស្វាយ ទុរេន ក្រូច សាវម៉ាវ ព្រម​ទាំង​ដាំ​បន្លែ និង​រក​អនុផល​ឈើ​នៅ​ទី​នោះ។

តែ​លុះ​ដល់​ឆ្នាំ ២០០៦ ក្រុមហ៊ុន​ទាំង​ពីរ​នេះ​បាន​យក​គ្រឿង​ចក្រ​ចូល​មក​ឈូសឆាយ​បំផ្លាញ​គ្មាន​សល់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​កន្លង​មក និង​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ធ្វើ​សកម្មភាព​ចាប់​ ឬ​សម្លាប់​សត្វ​គោក្របី​របស់​អ្នកភូមិ​ទៀត​ផង។

ភ្នំពេញ ​ប៉ុស្តិ៍​ មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ឧកញ៉ា ហេង ហ៊ុយ ម្ចាស់​ក្រុមហ៊ុន ហេង ហ៊ុយ និង​ក្រុមហ៊ុន​កោះកុង​ស៊ូហ្គ័រ​របស់​លោក លី យ៉ុងផាត់ បាន​នៅ​ឡើយ​ទេ៕

អត្ថបទគួរចាប់អារម្មណ៍