ភ្នំពេញៈ ​ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​លោក​ កែវ វី បាន​អះអាង​ពីថ្ងៃ​អាទិត្យ​ថា គិតពី​ដើមឆ្នាំ​មកទល់​ថ្ងៃទី​ ២០ ខែ​កញ្ញា ជនរងគ្រោះ​ដោយសារ​រន្ទះបាញ់​បាន​កើន​ដល់​ ៩៨ ​នាក់ ​ក្នុង​នោះ​ ៦១ ​នាក់​បាន​ស្លាប់ និង​ ៣៧ ​នាក់​បាន​រងរបួស ​ដែល​តួលេខ​នេះ​រាប់បញ្ចូល​ទាំង​ករណី​រន្ទះបាញ់​ស្លាប់ និង​របួស​ ១១ ​នាក់​ នៅ​បាត់ដំបង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ផង​។

លោក​បាន​បន្តថា ក្រៅពី​បង្ក​ឲ្យ​មនុស្ស​ស្លាប់ និង​រងរបួស បាតុភូត​រន្ទះបាញ់​ក្នុង​រយៈពេល​ ៩ ​ខែ​ឆ្នាំនេះ​ក៏បាន​បង្ក​ឲ្យ​សត្វពាហនៈ​ចំនួន​ ៥៣ ​ក្បាល​បាន​ងាប់ និង​ខូចខាត​ផ្ទះ​ ១២ ​ខ្នង​ផងដែរ​។

លោក កែវ វី បាន​បញ្ជាក់ថា​៖ «​ករណី​រន្ទះបាញ់​នៅ​ឆ្នាំនេះ មាន​លក្ខណៈ​អាក្រក់​បំផុត​បើ​ធៀប​នឹង​ឆ្នាំមុនៗ ហើយ​រហូត​មកទល់​ពេល​នេះ​គ្មាន​ការសិក្សា​​ណាមួយ​អាច​បកស្រាយ​អំពី​គន្លង​ផ្លូវ​​នៃ​បាតុភូត​រន្ទះ​បាន​នោះទេ​»​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​ភ្ជុំ​មាន​មនុស្ស​យ៉ាងហោច​ ៨ ​នាក់​បាន​ស្លាប់​ និង​ ៣ ​នាក់​ទៀត​រងរបួស​ដោយសារ​រន្ទះបាញ់​នៅ​ឃុំ​ព្រែកជីក ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង​។ ​នេះ​បើតាម​នគរបាល​មូលដ្ឋាន​។

លោក​ ទូច វិន អធិការរង​ស្រុក​រុក្ខគិរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីថ្ងៃ​ទី​ ២០ កញ្ញា​ថា ករណី​រន្ទះបាញ់​នេះ​បាន​កើតឡើង ខណៈ​ក្រុមគ្រួសារ​ និង​សាច់ញាតិ​ជនរងគ្រោះ​កំពុង​បរិភោគ​អាហារ​ជុំគ្នា​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដោយ​មនុស្ស​ ៦ ​នាក់ ​ក្នុង​ចំណោម​គ្នា​ ១០ ​នាក់​រួមមាន លោក យ៉ុម ញឹក អាយុ​ ៥៦ ​ឆ្នាំ​ មាន​លំនៅ​ក្នុងភូមិ​បឹងធ្មួយ ឃុំ​ព្រែកជីក​ជា​ម្ចាស់ផ្ទះ និង​ភរិយា​ឈ្មោះ ជា សុខណា ព្រមទាំង​កូនប្រុស​ស្រី​ពួកគាត់ ​២ និង​សាច់ញាតិ​ ២ ​នាក់​ទៀត​មកពី​ក្រុង​បាត់ដំបង​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​។

ចំណែក​មនុស្ស​ ៤ ​នាក់​ទៀត​បាន​រងរបួស តែ​ម្នាក់​ក្នុង​ចំណោម​នោះ​គឺ​លោក ហួត ហុង អាយុ​ ៥៨ ​ឆ្នាំ​ មាន​លំនៅ​ក្នុង​ក្រុង​បាត់ដំបង​បាន​ស្លាប់​នៅ​តាម​ផ្លូវ ខណៈ​សមត្ថកិច្ច​កំពុង​ជួយ​ដឹក​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មោងឫស្សី​។

លោក វិន បាន​បន្តថា ក្នុង​ថ្ងៃ​ដដែល​នោះ​បុរស​ម្នាក់​ឈ្មោះ ឡោ វីរៈ អាយុ​ ៤៦ ​ឆ្នាំ រស់នៅ​ភូមិ​ព្រែកតាវេន ក្នុង​ឃុំ​ព្រែកជីក​តែ​មួយ​ក៏​ត្រូវបាន​រន្ទះបាញ់​ស្លាប់​ផងដែរ ខណៈ​គាត់​កំពុង​ដឹកគោ​ត្រឡប់​ពី​ស្រែ​វិញ​។

លោក​ថា​៖ «​ករណី​រន្ទះបាញ់​នៅ​ថ្ងៃ​នោះ​ពិតជា​គួរ​ឲ្យ​រន្ធត់​ណាស់ មនុស្ស​ ៨ ​នាក់​បាន​ស្លាប់ និង​ ៣ ​នាក់​ទៀត​បាន​រងរបួស​តែ​ក្នុង​រយៈពេល​មុន​ក្រោយ​គ្នា​ប្រមាណ​តែ​ ១៥ ​នាទី​ប៉ុណ្ណោះ​»​។

គួរបញ្ជាក់​ផងដែរ​ថា ក្រោយ​ទទួល​បាន​ដំណឹង​ពី​ករណី​រន្ទះបាញ់​ស្លាប់​មនុស្ស​ ៨ ​នាក់​ និង​រងរបួស​ ៣ ​នាក់​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ និង​បាន​ឧបត្ថម្ភ​ថវិកា​សម្រាប់​​បុណ្យសព​ម្នាក់ៗ​ ៣ ​លាន​រៀល និង​ជួយ​អ្នករងរបួស​ម្នាក់ៗ​ ២ ​លាន​រៀល​។

នេះ​បើតាម​របាយការណ៍​រដ្ឋបាល​ខេត្ត​បាត់ដំបង​កាលពី​ថ្ងៃទី​ ១៨ ខែកញ្ញា​៕