ស្វាយរៀងៈ ជនរងគ្រោះបីនាក់ក្នុងសំណុំរឿងបង្ករបួសស្នាមដោយចេតនានៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិតដែលប្រព្រឹត្តដោយអតីតអភិបាលក្រុង ឈូក បណ្ឌិត ដ៏មានឥទ្ធិពលបានអំពាវនាវឲ្យសមត្ថកិច្ចតុលាការមេត្តាពន្លឿននីតិវិធីបង្គាប់ឲ្យជនល្មើសចេញថ្លៃសំណងចំនួន ៣៨ លានរៀលដល់ពួកគេស្របពេលដែលទណ្ឌិតរូបនោះកំពុងជាប់ឃុំនៅក្នុងពន្ធនាគារមានសេរីភាពប្រសើរជាងទណ្ឌិតដទៃ។
កម្មការិនីរងគ្រោះ នុត សាខន ដែលរងរបួសដៃបានថ្លែងថាពួកនាងដែលជាជនរងគ្រោះទាំងបីសប្បាយចិត្តនៅពេលដែលឃើញជនល្មើសដែលជាអ្នកមានឥទ្ធិពលត្រូវបានចាប់ឃុំក្នុងពន្ធនាគារប៉ុន្តែអ្វីដែលធ្វើឲ្យពួកនាងនៅមានការបារម្ភនោះគឺបញ្ហាប្រាក់សំណងដែលតុលាការបានបង្គាប់ឲ្យជនល្មើសសងមកលើពួកនាង។ នាងបានថ្លែងថា៖ «រហូតមកដល់ពេលនេះរឿងប្រាក់សំណងគឺស្ងាត់ឈឹងតែម្តងមិនមានឃើញខាងណាទាក់ទងមកពួកខ្ញុំសោះ»។
នាងបានឲ្យដឹងទៀតថាពួកនាងសព្វថ្ងៃនេះនៅតែមានបញ្ហាសុខភាពដែលបង្កឡើងដោយគ្រាប់រំសេវនោះដដែលគឺតែងតែឈឺ និងបានសុំច្បាប់ពីកន្លែងធ្វើការជាញឹកញាប់ដូច្នេះពួកនាងសូមឲ្យតុលាការមេត្តាជួយពន្លឿននីតិវិធីដើម្បីឲ្យពួកនាងបានប្រាក់ដើម្បីយកមកព្យាបាលជំងឺ។
នាងបានឲ្យដឹងទៀតថា៖ «យុត្តិធម៌បានរកឃើញហើយតែបញ្ហាសំណងនៅដដែលបើទោះបីជាពួកខ្ញុំមិនពេញចិត្តសំណងនោះតែពួកខ្ញុំមិនចង់បានយកទៅធ្វើអ្វីនោះទេគឺគ្រាន់តែដើម្បីទុកទិញថ្នាំព្យាបាលខ្លួនតែប៉ុណ្ណោះ»។
ចំណែកឯកម្មការិនី កែវ នា បានថ្លែងឲ្យដឹងថាពួកនាងសព្វថ្ងៃមិនសូវចេះដឹងខាងច្បាប់នោះទេដូច្នេះនាងសុំអំពាវនាវឲ្យតុលាការដែលធ្វើការផ្នែកច្បាប់នោះមេត្តាធ្វើយ៉ាងណាបង្គាប់ឲ្យ ឈូក បណ្ឌិត សងប្រាក់ដែលតុលាការបានកំណត់នោះមកឲ្យពួកនាងដើម្បីបានយកទៅទិញថ្នាំ។ នាងបានថ្លែងថា៖ «ខ្ញុំមិនដឹងធ្វើម៉េចទេគឺរង់ចាំដំណឹងតែពីខាងតុលាការតែប៉ុណ្ណោះ»។
គួររំឭកផងដែរថាលោក ឈូក បណ្ឌិត ត្រូវបានសាលាដំបូងខេត្តស្វាយរៀងកាត់ទោសដាក់ពន្ធនាគារ ១ ឆ្នាំ ៦ ខែ និងពិន័យជាប្រាក់ចំនួន ៣៨ លានរៀលជាសំណងដល់ជនរងគ្រោះក្នុងបទបង្ករបួសស្នាមដោយអចេតនា។ ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីលោក ឈូក បណ្ឌិត ត្រូវបានគេរកឃើញថាបានបាញ់រះធ្វើឲ្យកម្មការិនីរោងចក្រស្បែកជើងកៅវ៉េ (Kaoway) ក្នុងក្រុងបាវិត ចំនួន ៣ នាក់រងរបួសក្នុងពេលពួកគេតវ៉ាទាមទារលក្ខខណ្ឌការងារល្អកាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១២។ ប្រាក់ ៣៨ លានរៀលនោះត្រូវបង់ទៅឲ្យកម្មការិនី កែវ នា ចំនួន ៨ លានរៀល នុត សាខន ចំនួន ១០ លានរៀល និង ប៊ុន ចិន្តា ចំនួន ២០ លានរៀល។
ទាក់ទងនឹងសំណងនេះដែរអ្នកស្រី សារី បុត្រចរិយា មេធាវីការពារឲ្យកម្មការិនីទាំងបីនាក់បានថ្លែងថាយើងមិនអាចធ្វើអ្វីលឿនតាមចិត្តបាននោះទេគឺអ្នកស្រីកំពុងរង់ចាំលិខិតបញ្ជាក់សាលដីកាស្ថាពររបស់តុលាការកំពូល។ អ្នកស្រីថា៖ «មុននឹងឈានដល់ការដាក់បណ្ដឹងសុំអនុវត្តទាមទារសំណងនៅសាលាដំបូងខេត្តស្វាយរៀងលុះត្រាតែយើងមានលិខិតបញ្ជាក់សាលដីការស្ថាពររបស់តុលាការកំពូល»។
ទាក់ទិនទៅនឹងបញ្ហាឃុំខ្លួននេះលោក នុត បូពិណ្ណរ័ត្ន មន្ត្រីសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តស្វាយរៀងដែលធ្លាប់បានចូលទៅមើលស្ថានភាពរស់នៅរបស់លោក ឈូក បណ្ឌិត ក្នុងពន្ធនាគារនោះឲ្យដឹងថាទណ្ឌិតដែលធ្លាប់មានឥទ្ធិពលរូបនេះអាចចេញពីក្នុងបន្ទប់ឃុំឃាំងបានច្រើនជាងគេ។
លោកបានថ្លែងថា៖ «បើទោះបីជាគាត់ជាប់ពន្ធនាគារគាត់នៅតែមានឥទ្ធិពលពីព្រោះយើងមើលតាំងពីនៅកន្លែងតុលាការគឺគាត់ជាទណ្ឌិតនៅតែមានគេចាក់ទឹកតែឲ្យផឹកមកដល់គុកគាត់អាចចេញមកបណ្ណាល័យ ១ ថ្ងៃពេញដែលផ្ទុយពីអ្នកទោសដទៃគឺបើចេញពេលព្រឹកត្រូវចូលបន្ទប់នៅពេលល្ងាចដើម្បីដោះដូរអ្នកទោសដទៃលើកលែងតែអ្នកទោសស្ត្រីទើបអាចនៅពេញមួយថ្ងៃបាន។ ដូច្នេះគាត់នៅតែស្ថានភាពប្រសើរ»។
លោក សួស សាខូ ប្រធានពន្ធនាគារខេត្តស្វាយរៀងមានប្រសាសន៍ថាលោក ឈូក បណ្ឌិត គឺត្រូវរស់នៅក្នុងបន្ទប់ទំហំ ៥ ម៉ែត្រគុណនឹង ៦ ម៉ែត្រ ដាក់អ្នកទោសសរុប ៣០ នាក់ ដូចគេដូចឯង។
លោកបានថ្លែងថា៖ «រឿងអានសៀវភៅនៅបណ្ណាល័យគឺអ្នកទោសណាក៏អាចមើលបានដែរ»។
កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៥ លោក ឈូក បណ្ឌិត បានដើរចូលមកសារភាពដោយខ្លួនឯងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបានថ្លែងនៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១៥ ក្នុងឱកាសសម្ពោធដាក់ឲ្យដំណើរការស្ពានមិត្តភាពកម្ពុជា ចិន តាខ្មៅ ថា៖ «នគរបាលត្រូវតែតាមចាប់ខ្លួនលោក ឈូក បណ្ឌិត។ រឿង ឈូក បណ្ឌិត បើប៉ូលិសមិនតាមចាប់ខ្លួនទេគឺប៉ូលិសខុស»៕