កណ្តាល៖ ជន​សង្ស័យ​ចាក់​សម្លាប់​ក្មេង​ស្រី​ជា​សិស្ស​សាលា​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត​កណ្តាល ចាប់​ខ្លួន​បាន​​នៅ​ថ្ងៃ​អង្គារ​នេះ ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែកហូរ ក្រុង​តាខ្មៅ។

លោក​ ចៅ ​វុទ្ធី​ ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​​ខេត្ត​កណ្តាល​ប្រាប់​​នៅ​ថ្ងៃ​អង្គារ​នេះ ​ថា ​ជន​សង្ស័យ​ឈ្មោះ ​ទូច​ សុជាតិ​ ហៅ​ម៉ាប់​ អាយុ ៤១ ឆ្នាំ ​រីឯ​ក្មេង​ស្រី​រងគ្រោះ​ឈ្មោះ​ផេង​ បញ្ញា​ អាយុ ១៨ ឆ្នាំ ​ជា​សិស្ស​សាលា។ ​ទាំង​ក្មេង​ស្រី​រងគ្រោះ​និង​ជន​ល្មើស​ស្នាក់​នៅ​បន្ទប់​ជួល​ជាប់គ្នា​ស្ថិត​នៅ​ទីតាំង​ខាង​លើ។

លោក​បន្តថា ជន​សង្ស័យ​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​របស់​លោក​ សាកសួរ​ពាក់ព័ន្ធ​នឹង​​អំពើ​ឃាតកម្ម​នេះ​ហើយ​ក៏​កំពុង​ត្រួត​មើល​ទឹក​នោម​របស់​ជន​សង្ស័យ​រក​សារធាតុញៀន​ ព្រោះ​ក្រែង​ជន​សង្ស័យ​រូប​នេះ​​ប្រើ​ប្រាស់​គ្រឿង​ញៀន។ ជន​សង្ស័យ​បាន​ចាប់​ក្មេង​ស្រី​រងគ្រោះ​រំលោភ​សេពសន្ថវៈ​បាន​សម្រេច​​ កាល​ពី​ប៉ុន្មានថ្ងៃ​ មុន​កើត​ហេតុ ហើយ​ជន​ល្មើស​សម្លាប់​ជនរង​គ្រោះ​ដើម្បី​បំបិទ​មាត់។

លោក​ថ្លែង​ថា៖ «សមត្ថកិច្ច​ជំនាញ​ខ្ញុំ កំពុង​សួរ​ចម្លើយ​ជន​សង្ស័យ​ នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កណ្តាល។ ចំពោះ​ហេតុផល​ពី​ចម្លើយ​ជនល្មើស​នៅ​មិន​ទាន់​ប្រមូល​អស់​នៅ​ឡើយ​ទេ»។

ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​នេះ​ ​លោក​ឯម​ ចាន់រ៉ាត់​ នាយប៉ុស្តិ៍​នគរបាលសង្កាត់​ព្រែក​ហូរ​ប្រាប់​ នៅ​ថ្ងៃ​នេះ​ដែរ​ថា​ ក្មេង​រងគ្រោះ​ជា​​កូន​បង​ហើយ​មាន​ប្អូនប្រុស​តូចៗ ២ នាក់​ទៀត​ ដែល​មាន​ឪពុក​ជា​កម្មករ​សំណង់ ​រីឯ​ម្តាយ​លក់​បន្លែ។ ​ចំណែក​ជនសង្ស័យ​មាន​បង​ប្អូន ៣ នាក់ ប៉ុន្តែ​ពួកគេ​គ្មាន​ម្តាយ​ឪពុក​ទេ និង​ជួល​បន្ទប់​ស្នាក់​នៅ​ក្បែរ​បន្ទប់​ក្មេងស្រី​រងគ្រោះ​ដែរ។

លោក​បន្ត​តាម​​សម្តី​ក្មេង​​ប្រុស​ឈ្មោះផេង​​រិន​ ណា​រុង​ អាយុ​ ១០ ​ឆ្នាំ​ ជាប្អូនរបស់​ជនរងគ្រោះ​ថា​​ មុនពេល​កើតហេតុ​ប្រហែល​ជា​ម៉ោង​ជាង​៦​កន្លះ​ព្រឹក​ថ្ងៃ​ទី​ ៥​ ខែ​ មករា ​ឆ្នាំ​​ ឪពុកម្តាយ​គេបានចេញ​ពីផ្តះអស់​​នៅសល់តែខ្លួន ​(ក្មេងប្រុស)​ និង​បងស្រី​នៅ​ក្នុង​បន្ទប់ជួល​​តែ ២ នាក់​។​ ពេលនោះ​ជន​រងគ្រោះ​បាន​ប្រើ​រូបគេ​ឲ្យ​ទៅ​ទិញ​​បាយ​ក្តាំង​ហូប​​ ហើយ​ជនសង្ស័យ​​ឲ្យ​លុយ​មក​គេ​ចំនួន​ ៥០០ រៀល​ ដើម្បី​ទិញ​បារី​ឲ្យ​ជន​សង្ស័យ​ជក់​។

លោក​បន្ត​ថា​ ក្រោយ​ពី​ទិញ​បារីរួច​មក​ក្មេងប្រុស​បាន​ត្រឡប់​មក​បន្ទប់​វិញ​​ ក៏​ឃើញ​ជន​សង្ស័យ​​កំពុង​ឈរ​នៅ​​មុខ​បន្ទប់​ជួល​របស់​​ខ្លួន​ ហើយ​ប្អូនប្រុស​ របស់​ជន​រងគ្រោះ​បាន​ហុច​បារី​ឲ្យ​ជន​សង្ស័យ។ គ្រា​នោះ ​ប្អូនរបស់​ជន​រងគ្រោះ ​បាន​ឃើញ​បង​ស្រី​របស់​ខ្លួន​ដេក​នៅ​លើ​ពូក​ក្នុង​បន្ទប់​ជួល​របស់​គេ​ដោយ​មាន​ឈាម​ជោគ​ខ្លួន​ហើយ​បាន​ប្រាប់​ឲ្យ​ជន​សង្ស័យ​យក​បងស្រី​ខ្លួន​ទៅ​​ពេទ្យ។​

បើតាម​លោក​ឯម ​ចាន់​​រ៉ាត់​ថា​ នៅពេលនោះ​​គេ​បាន​ឃើញ​ជន​សង្ស័យ​បី​ជន​រងគ្រោះ​ដើរ​ទៅ​រក​ពេទ្យ​ភូមិ​នៅ​ក្បែរនោះ​ដែរ ​​តែ​ដោយ​គ្រូពេទ្យ​​ឃើញ​សភាព​របួស​ធ្ងន់ធ្ងរ​ពេក​ទើប​ដេញ​ជន​សង្ស័យ​​ឲ្យ​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​តាខ្មៅ។​ ប៉ុន្តែ​ជនរងគ្រោះ​​បាន​ដាច់​ខ្យល់​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ជ័យ​ជំនះ។​

លោក​ថ្លែង​ថា​៖ «ដំបូង​អ្នក​ភូមិ​ឃើញ​ជនសង្ស័យ​បី​ជន​រងគ្រោះ​ដែរ តែ​គេមិន​ចាប់​អារម្មណ៍ថា​​ជាជនល្មើស​។ ក្រោយមក​ទើប​សមត្ថកិច្ច​​ហៅ​ជន​សង្ស័យ​មក​សាកសួរ​​ទើប​ដឹង​ថា​ជន​នោះ​​ជា​អ្នក​សម្លាប់​ក្មេង​ស្រី​រងគ្រោះ»​។​

លោក​បញ្ជាក់​ថា​ តាម​ចម្លើយ​របស់ជនសង្ស័យ​បានសារភាពថា​ រូបគេ​បានចាប់​ក្មេងស្រីរងគ្រោះ​​រំលោភ​សេពសន្ថវៈ​តាំង​​ពី​​ ២ ​​ទៅ ​​៣ ​ថ្ងៃ​ មុន​ថ្ងៃចាក់​សម្លាប់​ជនរងគ្រោះទៅទៀត​។ តែដោយ​​ជនសង្ស័យ​ខ្លាចក្មេង​រងគ្រោះ​យករឿងនេះ​ទៅ​និយាយ​ប្រាប់​ឪពុក​ម្តាយ​នាង​ ទើប​នៅព្រឹកថ្ងៃ​ទី​ ៥​ មករា ​ជនសង្ស័យ​ក៏​រៀប​ចំ​គម្រោង​សម្លាប់​ជន​រងគ្រោះតែ​ម្តង​ទៅ​។

បើតាម​ការធ្វើកោសល្យវិច័យ​ពី​សមត្ថកិច្ចជំនាញ​ឃើញ​ថា ក្មេង​ស្រី​រងគ្រោះ​ត្រូវបានជនល្មើស​ចាក់​ត្រូវចុង​​ដង្ហើម​ ១ កន្លែង​​ នៅ​​ត្រង់​ក្បាល​ពោះ​ពី​ ១ ​ទៅ ​២ ​កន្លែង​ទៀត​ដោយ​កាំបិតចុង​ស្រួច​៕​​