ស្វាយរៀងៈ នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​បាន​កសាង​សំណុំ​រឿង​បញ្ជូន​បុរស​ជា​ជន​សង្ស័យ​ម្នាក់​ទៅ​សាលា​ដំបូង​ខេត្ត​នៅ​ថ្ងៃ​អង្គារ​នេះ​បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​ខ្លួន​ករណី​កាប់​ប្អូន​ប្រុស​បង្កើត​ស្លាប់ នៅ​ភូមិ​ព្រៃ​រកា ឃុំ​ដូន​ស ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង កាល​ពីថ្ងៃ​ទី ២៧ ខែ​មករា។

លោក គឹម ឡៃ នាយ​កា​រិ​យាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​បាន​ប្រាប់​ថា ជន​សង្ស័យ​មាន​ឈ្មោះ​លី សារ៉ាត អាយុ ៣១ ឆ្នាំ។ រីឯ​បុរស​រង​គ្រោះ ឈ្មោះ លី សា​រឿង អាយុ ២៧ ឆ្នាំ ពួកគេ​រស់​នៅ​ភូមិ-ឃុំ​កើត​ហេតុ​ខាង​លើ។ លោក​បន្តថា សមត្ថកិច្ច​បាន​បញ្ចប់​ការ​សាក​សួរ​ជន​សង្ស័យ​រួច​ហើយ ហើយ​ត្រូវ​បញ្ជូន​បន្ត​ទៅ​សាលា​ដំបូង​ខេត្ត​នៅ​ថ្ងៃ​អង្គារ​នេះ។

លោក​ថា៖ «ចំពោះ​ជនសង្ស័យ​ខ្ញុំ​នឹង​បញ្ជូន​គាត់​ទៅ​តុលាការ​នៅ​ថ្ងៃ​ស្អែក (ថ្ងៃ​ទី ២៩ មករា) នេះ​ហើយ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​បន្ត​ទៀត»។

ជុំវិញ​អំពើ​ឃាតកម្ម​នេះដែរ លោក ពិន អាន អធិការ​នគរបាល​ស្រុក​ស្វាយជ្រុំ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដោយ​ផ្អែក​តាម​សម្តី​សាច់​ញាតិ​ជន​រង​គ្រោះ​ថា រវាង​ជន​សង្ស័យ និង​ជន​រង​គ្រោះ​ជា​បងប្អូន​បង្កើត​នឹង​គ្នា ប៉ុន្តែ​ជន​រង​គ្រោះ​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​ដោយ​មិន​សូវ​ទៅ​ស្រុក​កំណើតទេ។ ប៉ុន្តែ​នៅ​ថ្ងៃ​កើត​ហេតុ​ទី ២៧ មករា​ជន​រង​គ្រោះ​បាន​មក​លេង​ស្រុក​កំណើត​ហើយ​មាន​បំណង​ចេញ​ទៅ​រាជធានី​ភ្នំពេញ​វិញ​នៅ​ល្ងាច​ថ្ងៃ​ដដែល ប៉ុន្តែ​ចៃដន្យ​ក៏​មាន​រឿង​បែប​នេះ​កើត​ឡើង​ទៅ។

លោក​បន្តថា មូលហេតុ​ដំបូង​ដោយសារ​ជនរងគ្រោះ​បាន​សុំ​លុយ​ម្តាយ ២ ម៉ឺន​រៀល ហើយ​ត្រូវ​ជន​សង្ស័យ​ស្ដី​ឲ្យ​ថា មក​ពេល​ណា​ក៏​ឃើញ​តែ​សុំ​លុយ​ម្តាយ មិន​ឃើញ​ឲ្យ​លុយ​គាត់​ទេ។ ពេល​នោះ​ពួកគេ​ក៏​ឈ្លោះ​គ្នា​ហើយ​ក៏​ត្រូវ​ជន​សង្ស័យ​ស្ទុះ​ទៅ​ទាញ​កាំ​បិតក​កុក​កាប់​ជន​រង​គ្រោះ​ត្រូវ​កញ្ចឹងក​ដួល​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​តែ​ម្តង។

លោក​បាន​បញ្ជាក់ថា៖ «រឿង​វា​ឈ្លោះ​គ្នា​នេះ​គ្មាន​រឿង​អី​ធំដុំ​ទេ​ដោយសារ​តែ​លុយ ២ ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយ​ករណី​នេះ​​មិន​មែន​ជា​ការ​ប្រើ​អំពើ​ហិង្សា​ទេ​គឺជា​រឿង​ឃាតកម្ម​សុទ្ធសាធ»។

លោក​បាន​បន្តថា ក្រោយ​បង្កហេតុ ជនសង្ស័យ​បាន​ព្យាយាម​រត់​គេច​ខ្លួន​តែ​ត្រូវ​សមត្ថកិច្ច​របស់​លោក​ចាប់​បាន​មក​វិញ ហើយ​បាន​បញ្ជូន​ទាំង​មនុស្ស និង​កំណត់​ហេតុ​រួម​ទាំង​វត្ថុតាង​បន្ត​ទៅ​ស្នងកា​រដ្នាន​នគរបាល​ខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ទី ២៨ ខែ​មករា៕