បាត់ដំបង៖ បុរស​សង្ស័យ​ពាក់ព័ន្ធ​ឃាតកម្ម​សម្លាប់​ប្រពន្ធ​ខ្លួនឯង​ដោយសារ​រឿង​ប្រចណ្ឌ ​ត្រូវបាន​សមត្ថកិច្ច​នគរបាល​ខេត្ត​បាត់​ដំបង​បញ្ជូន​ទៅ​តុលាការ​ខេត្តពី​ម្សិល​មិញ ​បន្ទាប់​ពី​ទទួលបាន​សំណុំរឿង​នេះ ​ពី​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់​ដំបង​ ក្នុង​ករណី​ឃាត​កម្ម​កើត​ឡើង​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង ​កាលពី​ថ្ងៃទី ៤ ​មេសា។

​លោក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​ពី​ម្សិលមិញថា ​សមត្ថកិច្ច​នគរបាល​ខេត្ត​បាត់ដំបង ​បានបញ្ជូន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណីឃាតកម្ម​សម្លាប់​ប្រពន្ធ​ខ្លួន​ឯង ​ទៅ​អយ្យការ​អម​សាលា​ដំបូង​ហើយ ​នៅ​ព្រឹក​ថ្ងៃទី ៨ ​ខែមេសា ​បន្ទាប់ពី​បានទទួល​សំណុំរឿង​ពី​អធិការ​នគរ​បាល​ក្រុង​កាលពី​ល្ងាច​ថ្ងៃទី ៧ ​ខែមេសា។

លោក​ថ្លែងថា​៖ «ព្រោះ​បន្ទាប់ពី​ទទួល​សំណុំរឿង​ពី​អធិការ​នគរបាល​ក្រុង ​កម្លាំង​ជំនាញ​បានធ្វើ​ការត្រួត​ពិនិត្យ ​និង​បានបញ្ជូន​ជន​សង្ស័យ​ទៅ​តុលាការ​ហើយ​នៅ​ព្រឹក​នេះ»។

លោក​ ឆាង វណ្ណឆៃ ​អធិការ​នគរបាល​ក្រុង​បាត់​ដំបង​ថ្លែងថា ​​នគរបាល​ក្រុង​បាត់​ដំបង​បានឃាត់​ខ្លួនជន​សង្ស័យ​ម្នាក់​នៅ​ថ្ងៃ​ទី ៦ ​មេសា​ ដើម្បី​ធ្វើការ​សាក​សួរ​ បន្ទាប់ពី​ពលរដ្ឋ​រាយការណ៍​ថា ​មាន​ករណី​ឃាតកម្ម​បណ្តាលឲ្យ​មនុស្ស​ស្លាប់​ក្នុង​បន្ទប់​ជួល​ស្ថិតក្នុង​ក្រុមទី១ ​ភូមិ​រំចេក ៣ ​សង្កាត់​រតនៈ ​ក្រុង​បាត់​ដំបង​ដោយ​មិន​ដឹង​មូលហេតុ។

​លោក​បញ្ជាក់ថា​ នៅ​ល្ងាច​ថ្ងៃទី ៧ ​មេសា ​សមត្ថកិច្ច​បាន​បញ្ជូន​សំណុំរឿង​ទៅស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ចាត់​ការ​បន្ត។ ​

​តាម​ការបញ្ជាក់​របស់​លោក​ វណ្ណឆៃ​ សមត្ថកិច្ច​បានស្រាវជ្រាវ​ដឹងថា​ជនសង្ស័យ​ឈ្មោះ​ ប៉ុល ប៊ុនធឿន ​ភេទ​ប្រុស ​អាយុ ៤០ ​ឆ្នាំ ​មាន​ទីលំនៅ​ផ្ទះ​ជួល​ស្ថិតនៅ​ភូមិ​រំចេក ៣ ​សង្កាត់​រតនៈ ​ក្រុង​បាត់ដំបង ​ត្រូវជា​ប្តី​របស់​ស្ត្រីរង​គ្រោះ​ឈ្មោះ ​សេង វ៉េត ​ហៅ ​ស ​អាយុ​ ៣៩ ឆ្នាំ។

លោក​ថ្លែងថា​៖ «នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ​បុរស​ជាប្តី​ឈ្មោះ ​ប៉ុល ប៊ុនធឿន ​បាន​ឆ្លើយ​សារភាព​ថា ​គាត់​ពិត​ជាបាន​សម្លាប់​ស្រី្ត​ជាប្រពន្ធ​របស់​គាត់​កាលពី​ថ្ងៃទី ៤ ​ខែ មេសា ​ឆ្នាំ ២០២១ ​នាវេលា​រំលង​អធ្រាត្រ​ដោយ​ការវាយដំ​លើ​ផ្ទៃមុខ​ និង​ច្របាច់​ក​រហូត​ដល់​ស្លាប់»។

លោក​ វណ្ណឆៃ ​ថ្លែង​ទៀត​ថា ​មូលហេតុ​ដែល​នាំឲ្យ​ជនសង្ស័យ​សម្លាប់​ប្រពន្ធ​ខ្លួនឯង​ កើតឡើង​ដោយ​សារតែ​ការ​ប្រចណ្ឌ។

មន្ត្រី​នគរបាល​រូបនេះ​បញ្ជាក់ថា​៖ «​មូល​ហេតុ​ដែល​ឈានដល់​ការសម្លាប់​ប្រពន្ធ​បែបនេះ ​គឺ​ដោយ​សារ​ប្រពន្ធ​គាត់​តែង​តែ​ជេរ​ប្រមាថ​គាត់​នៅពេល​ខឹង ​ហើយ​តែងតែ​ទូរស័ព្ទ​ទៅ​រក​ប្តី​មុន ​(អតីតស្វាមី) ​របស់​គាត់​ និង​និយាយ​សរសើរ​ប្តី​មុន​នៅ​ចំពោះ​មុខ​គាត់​ជាញឹកញយ​ពេក»។

តាម​ការរៀបរាប់​របស់​ជនសង្ស័យ​ ជនសង្ស័យ​ និង​ស្រី្ត​រងគ្រោះ​ទើប​នឹង​បានគ្នា​ជាប្តី​ប្រពន្ធ​ក្នុងរ​យ:​ពេល​តែ​ជាង​ ១ ឆ្នាំ​ប៉ុណ្ណោះ​ ហើយ​ស្រ្តី​ជាប្រពន្ធ​មាន​ទីលំ​នៅ​ឯ​ខេត្ក​កណ្តាល។ អ្នក​ទាំង ២​ បានគ្នា​ក្នុង​ពេល​ធ្វើ​កម្មករ​រោង​ចក្រ​នៅ​ខេត្ត​តាកែវ​ជាមួយ​គ្នា​ និង​ទើប​មក​ជួល​បន្ទប់​ស្នាក់នៅ​ទីនេះ​ក្នុង​អំឡុង​ខែមីនា ​ឆ្នាំ​ ២០២១ ​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ​វណ្ណឆៃ។

អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បាត់​ដំបង ​លោក​ ផាន់ រតនា ​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​ ពី​ម្សិល​មិញ៕