បាត់ដំបង៖ បុរសជនសង្ស័យពាក់ព័ន្ធនឹងការប្រើប្រាស់ដោយខុសច្បាប់ នូវសម្លៀកបំពាក់សម្រាប់អាជ្ញាធរសាធារណៈ និងក្លែងបន្លំឯកសារសាធារណៈ ដោយធ្វើខ្លួនជាឧត្តមសេនីយ៍ឯកយោធា ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការយោធា នៅថ្ងៃទី ២២ មេសា ឆ្នាំ ២០២១ នេះ។
លោក សូ ឌី ប្រធានមន្ទីរយុត្តិធម៌នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងឲ្យដឹងថា សមត្ថកិច្ចអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យ ២ នាក់ នៅភូមិស្តៅ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី ២១ មេសា។ ប៉ុន្តែក្រោយពីការស្រាវជ្រាវឃើញថា ម្នាក់ទៀតមិនពាក់ព័ន្ធទើបត្រូវដោះលែងទៅវិញ។
លោកថា៖ «យើងចាប់បាន ២ នាក់ ប៉ុន្តែអ្នកជាប់បទល្មើសមានតែម្នាក់ទេ ហើយម្នាក់ទៀតនោះគាត់មិនដឹងអីទេ។ គេប្រើធ្វើអី ក៏ធ្វើហ្នឹងទៅ ព្រោះគាត់ស្មានថា ជាមន្ត្រីផ្កាយ ៣ មែន។ អ៊ីចឹងម្នាក់ទៀតហ្នឹង យើងអត់បញ្ជូនទៅតុលាការទេ ហើយការដែលមិនបញ្ជូនទៅនេះ ក៏ដោយសារតែមានការសម្រេចដោយតុលាការយោធាដែរទេ។ មិនមែនខាងកម្លាំងយើងអត្តនោម័តដោយខ្លួនឯងឡើយ»។
ជនសង្ស័យមានឈ្មោះ រស់ វណ្ណៈ ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកម្នាក់ទៀតឈ្មោះ រៃ វណ្ណាសី ភេទប្រុស អាយុ ៤០ ឆ្នាំ អ្នកបើកបរ មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានដោះលែង។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន មានអាវត្រេអ៊ី (អាវការងារដៃខ្លី) ចំនួន ១ ស័ក្តិស្មាថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន ១ គូ ស័ក្តិកអាវថ្នាក់ឧត្តមសេនីយ៍ឯកចំនួន ១ គូ ផ្លាកឈ្មោះមានអក្សរ ឧ. រស់ វណ្ណា ចំនួន ១ គ្រឿង ឥស្សរយយស (មេដាយ) ចំនួន ១ ផ្ទាំង ស្លាកសញ្ញាដែកក្រសួងការពារជាតិចំនួន ១ បន្តោង ដែកហនុមានចំនួន ១ ស្បែកជើងកវែងចំនួន ១ គូ ខ្សែសាន់ណារ៉ុងចំនួន ១ មួកប៉ារេពណ៌ខ្មៅចំនួន ១ មួកថ្នាក់ឧត្តមសេនីយ៍ចំនួន ១ ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងថ្នាក់ឧត្តមសេនីយ៍ឯកក្លែងក្លាយចំនួន ១ សន្លឹក ទូរស័ព្ទដៃចំនួន ២ គ្រឿង និងរថយន្ត ១ គ្រឿង។
បើតាមលោក សូ ឌី ការក្លែងបន្លំធ្វើជាមន្ត្រីផ្កាយ ៣ នេះ មិនមែនទើបតែធ្វើក្នុងពេលថ្មីៗនេះទេ គឺជនសង្ស័យបានក្លែងបន្លំតាំងពីខែមករា ឆ្នាំ ២០២០ មកម៉្លេះ។
លោកថា៖ «យើងបានធ្វើការតាមដានយូរដែរហើយ ដោយសារឃើញគាត់មានអួតអាងថា សុទ្ធតែថ្នាក់អគ្គលេខាធិការរង ឬក៏ជំនួយការផ្ទាល់សម្តេចពិជ័យសេនា ទៀ បាញ់ អ៊ីចឹងទៅ។ ដល់មើលទៅមិនសម យើងក៏ស្រាវជ្រាវ រហូតដល់ថ្នាក់លើឃើញថា អត់មានឈ្មោះហ្នឹងទេ។ អ៊ីចឹងឃើញថា គាត់ក្លែងបន្លំមែន យើងធ្វើការឃាត់ខ្លួនគាត់តែម្តងទៅ»៕