ស្វាយរៀងៈ ជន​សង្ស័យ​ជា​ជនជាតិ​ខ្មែរ​និង​វៀតណាម​ចំនួន​ ៥នាក់ កំពុង​ត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយរៀង​សាក​សួរ នៅ​ថ្ងៃទី​១០ ឧសភា ពាក់​ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន​ជាង​ ១១ គីឡូក្រាម។

ជន​សង្ស័យ​ទាំង​ ៥ នាក់​នេះ​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ៥-៦ ឧសភា នៅ​ខេត្តស្វាយរៀង នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ត​កណ្តាល។

លោក កែវ សុថា ស្នង​ការ​រង​ទទួល​ការងារ​ផែន​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត ស្វាយរៀង ឱ្យ​ដឹង​នៅ​ថ្ងៃទី ១០ ឧសភា ថា ជន​សង្ស័យ​ទី​១-ឈ្មោះ ហ៊ួ តឹក ភេទប្រុស អាយុ ៥៩ឆ្នាំ ទី២- ឡេ យ៊ាំងគួ ភេទប្រុស អាយុ ៤៥ឆ្នាំ ទី៣- ង្វៀង ថាន់លីន អាយុ ៣៨ឆ្នាំ ពួកគេ​ជា​ជនជាតិ​វៀតណាម។ ទី៤- ហេង សុវត្ថា ភេទប្រុស អាយុ ៣៩ឆ្នាំ និង នុត ប៊ុនធឿន ភេទប្រុស អាយុ ៥៦ឆ្នាំ។ ពួកគេ​ខ្លះ​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខ្លះ​រស់​នៅ ស្រុក​មុខ​កំពូល​ ខេត្ត​កណ្តាល និង រស់​នៅ​ខេត្ត​ស្វាយរៀង។

លោក​ថ្លែង​ថា៖«យើង​បាន​បញ្ជូន​ពួកគេ​ដល់​តុលាការ​ហើយ ហើយ​ខាង​អយ្យការ​លោក​កំពុង​ធ្វើការ​សាក​សួរ នៅ​ឡើយ​នៅ​ថ្ងៃទី ១០ ឧសភា»។

លោក​បន្ត​ថា៖ «ជា​នីតិវិធី ពេល​អយ្យការ​សួរ​ចប់​បញ្ជូន​ជន​នោះ​បន្ត​ទៅ​ចៅក្រម​ស៊ើប​សួរ ហើយ​បើ​ចៅក្រម​ស៊ើប​សួរ ចេញ​ដីកា​ឃុំ គឺ​តុលាការ​ប្រគល់​ឱ្យ​យក​ជន​ទាំង​នោះ​ទៅ​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​តែ​ម្តង»។

បើ​តាម​លោក សុថា គ្រឿងញៀន​ដែល​សមត្ថកិច្ច​រឹបអូស​បាន​ពី​ក្រុម​ជន​សង្ស័យ​មាន​ចំនួន​ជាង ១១ គីឡូក្រាម។ ក្នុង​នោះ​ថ្នាំ​ញៀន​ប្រភេទ​ មេតំហ្វេតាមីន មាន​ជាង ៩​គីឡូក្រាម គ្រឿង​ញៀន​ប្រភេទ កេតាមីន ​មាន​ចំនួន​ជាង ១​គីឡូក្រាម។

លោ​កប្រាប់​ថា ប្រតិបត្តិការ​នេះ សមត្ថកិច្ច​របស់​លោក​បាន​សហការ​ជាមួយ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន និង​មាន​ការ​សម្រប​សម្រួល​ផ្លូវ​ច្បាប់​ពី​សាលា​ដំបូង​ខេត្ត​ស្វាយរៀង និង សាលា​ដំបូង​រាជធានី​ភ្នំពេញ។

លោកថា ដំបូង​ចាប់​ជន​សង្ស័យ​ឈ្មោះ ហ៊ួ តឹក នៅ​ចំណុច​គោលដៅ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ស្ថិត​ក្នុង​ភូមិ​ធ្លក ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ ខេត្ត ស្វាយរៀង។ ពេល​ចាប់​នោះ​មាន​រថយន្ត ១​គ្រឿង​ម៉ាក CRV រួម​នឹង​ថ្នាំ​ញៀន ១០​កញ្ចប់​ធំ។ បន្ទាប់​មក​ចាប់​បាន​ជន​ ២ នាក់​ទៀត​នៅ​ស្រុក កំពង់រោទ៍ ខេត្ត​ស្វាយរៀង។

លោក​បន្ត​ទៀត​ថា ក្រោយ​ពី​សមត្ថកិច្ច​ចាប់​ជន​សង្ស័យ ៣ នាក់​ខាង​លើ ហើយ​ក៏​បន្ត​មក​រាជធានី​ភ្នំពេញ ដោយ​ឃាត់​ខ្លួន​បាន​ម្នាក់ និង​នៅ​ស្រុក មុខកំពូល ឃាត់​បាន​ម្នាក់។ ពួកគេ​ជា​មុខ​សញ្ញា​ដឹក​គ្រឿង​ញៀន​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម។

លោក​បញ្ជាក់ថា៖ «ចំពោះ​មេ​ខ្លោង​ សមត្ថកិច្ច​ខ្ញុំ​កំពុង​សុំ​ដីកា​ពី​តុលាការ ដើម្បី​ស្វែង​រក​ចាប់​ខ្លួន ព្រោះ​យើង​កំណត់​អត្តសញ្ញាណ​បាន​អស់​ហើយ»។

ដោយឡែក នៅ​ឯខេត្តបាត់ដំបង​នៅ​រសៀល​ថ្ងៃនេះ សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​បាន​កសាង​សំណុំ​រឿង​បញ្ជូន​បុរស​ម្នាក់​ទៅ​សាលា​ដំបូង​ខេត្ត ពាក់ព័ន្ធ​នឹង​ការ​រក្សា​ទុក​កាំភ្លើង​ខុស​ច្បាប់។

លោក ថាច វ៉ាន់ ប្រធាន​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​ខេត្ត​បាត់ដំបង ប្រាប់​នៅ​ថ្ងៃទី១០ ឧសភា ថា ជន​សង្ស័យ​ឈ្មោះ​សាំ សុខ​បញ្ញា​វ័ន្ត អាយុ ២៥​ឆ្នាំ ជា​ជាង​ដែក​រស់​នៅ​ភូមិ​ចំការ​ឫស្សី សង្កាត់​ព្រែក​ព្រះ​ស្ដេច ក្រុង បាត់ដំបង ខេត្ត​បាត់ដំបង។

លោក​ថ្លែង​ថា៖«រឿងនេះ​ ខ្ញុំ​បាន​ចាត់​បញ្ជូន​ជន​ម្នាក់​នោះ​ទៅ​តុលាការ​ដើម្បី​ឱ្យ​ច្បាប់​អនុវត្ត​បន្ត​ហើយ»។

ចំពោះ​វត្ថុតាង​រួម​មាន​កាំភ្លើង M ១៦ ចំនួន​១ដើម លេខ ៤៧២៣៧៨ បង់ M១៦​ចំនួន ១០បង់ បង់អាកា ៤៧​​ចំនួន ៤បង់ បង់ម៉ាត់​តាយ៉ែត​ចំនួន ២ បង់។

គ្រាប់​កាំភ្លើង M១៦ ចំនួន ២៤២គ្រាប់ គ្រាប់​កាំភ្លើង AK ៤៧ ចំនួន ៦៤គ្រាប់ គ្រាប់ខ្ចិប AK៤៧ ចំនួន ៧​គ្រាប់- មីន​ចំនួន ៤គ្រាប់ ទូសសៀ​ចំនួន១ ស្បែកជើង​ក​វែង​យោធា​ចំនួន ២ ឯកសណ្ឋាន​ប៉ារ៉ា​ចំនួន ១ កំភ្លេ​និង​អាវ​ភ្លៀង​​យោធា​ចំនួន ១៕