មណ្ឌលគិរី/កំពង់ធំៈ បុរសសង្ស័យម្នាក់ដែលបាញ់សម្លាប់ ២ នាក់ប្តីប្រពន្ធនៅស្រុកកោះញែក ហើយដែលសមត្ថកិច្ចនៃនាយកដ្ឋានព្រហ្មទណ្ឌតាមចាប់ខ្លួនបាននៅខេត្តស្វាយរៀងកាលពីថ្ងៃទី ៧ តុលានោះត្រូវបានបញ្ជូនទៅតុលាការខេត្តមណ្ឌលគិរីកាលពីល្ងាចម្សិលមិញ ខណៈបុរសម្នាក់ទៀតត្រូវបានបញ្ជូនទៅតុលាការខេត្តកំពង់ធំនៅថ្ងៃជាមួយគ្នានេះពាក់ព័ន្ធករណីវាយម្តាយបង្កើតស្លាប់នៅភូមិអូរកន្ធរត្បូង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោកវរសេនីយ៍ឯក ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់កាលពីម្សិលមិញថា ករណីជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងការបាញ់សម្លាប់មនុស្សនៅស្រុកកោះញែក ខេត្តមណ្ឌលគិរីដែលសមត្ថកិច្ចរបស់លោកតាមចាប់ខ្លួនដល់ខេត្តស្វាយរៀងនោះត្រូវបានប្រគល់ទៅឲ្យសមត្ថកិច្ចខេត្តមណ្ឌលគិរីវិញហើយ។
លោកប្រាប់ថា៖ «ជនម្នាក់នោះខាងនាយកដ្ឋានខ្ញុំបញ្ជូនជនសង្ស័យទៅខេត្តមណ្ឌលគិរីហើយ ព្រោះជនសង្ស័យបានប្រព្រឹត្តបទល្មើសនៅទីនោះ»។
លោក សូ សុវណ្ណ ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានប្រាប់កាលពីម្សិលមិញថា លោកបានទទួលជនសង្ស័យនោះហើយគឺគេមានឈ្មោះ សុខ ចំរើន អាយុ ៤៩ ឆ្នាំ ហើយឥឡូវសមត្ថកិច្ចបានបញ្ជូនបន្តទៅសាលាដំបូងខេត្តមណ្ឌលគិរីនៅល្ងាចថ្ងៃទី ៨ តុលា។
លោកបានបញ្ជាក់ថា៖ «ជនរូបនេះខាងខ្ញុំបញ្ជូនបន្តទៅសាលាដំបូងខេត្តមណ្ឌលគិរីហើយក្រោយពីបញ្ចប់ការសាកសួរ»។
បើតាមលោក សូ សុវណ្ណ ជនសង្ស័យរូបនេះមានលំនៅក្នុងភូមិអូរគគីរ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ រីឯជនរងគ្រោះដែលត្រូវបានបាញ់សម្លាប់នោះ ឈ្មោះ រ៉ា ហៅ ម៉ៅ អាយុ ៣៧ ឆ្នាំ និងប្រពន្ធឈ្មោះ អាន អុល អាយុ ៣៤ ឆ្នាំជាកសិកររស់នៅក្នុងភូមិ-ឃុំជាមួយគ្នា។
ជុំវិញករណីនេះបើយោងតាមមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកោះញែកមួយរូបសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា ឃាតកម្មនេះកើតចេញពីគំនុំរឿងទំនាស់ដីធ្លី។
ទាក់ទងនឹងការចាប់ខ្លួនជនសង្ស័យឈ្មោះ សុខ ចំរើន នេះលោក ម៉ៅ ភិនភិរម្យ នាយប៉ុស្តិ៍នគរបាលសង្កាត់-ក្រុងបាវិតខេត្តស្វាយរៀងបានប្រាប់ថាសមត្ថកិច្ចរបស់លោកគឺជាម្ចាស់មូលដ្ឋានដែលជនសង្ស័យមកលាក់ខ្លួន។ ដូច្នេះសមត្ថកិច្ចរបស់លោកគ្រាន់តែសហការជាមួយខាងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃទេ។
លោកប្រាប់បន្តតាមសម្តីជនសង្ស័យដែលឆ្លើយប្រាប់សមត្ថកិច្ចក្រោយចាប់ខ្លួនថា បន្ទាប់ពីខ្លួនបាញ់សម្លាប់ ២ នាក់ប្តីប្រពន្ធនោះហើយ គឺគាត់បានរត់ទៅរស់នៅពីកន្លែង ១ ទៅកន្លែង ១ ដើម្បីគេចពីការតាមចាប់របស់សមត្ថកិច្ច ប៉ុន្តែពេលរត់មកដល់ខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី ៧ ខែតុលាបានប៉ុន្មានម៉ោង ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅម៉ោង ៤ រសៀលថ្ងៃដដែលតែម្តង។
លោកថ្លែងថា៖ «ជនសង្ស័យគេចមកលាក់ខ្លួននៅក្នុងមូលដ្ឋានរបស់ខ្ញុំ ហើយមកនៅខាងក្នុងការដ្ឋានសំណង់»។
ដោយឡែកជនសង្ស័យម្នាក់ទៀតក៏ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំកាលពីល្ងាចម្សិលមិញផងដែរ បន្ទាប់ពីចាប់ខ្លួនប៉ុន្មានម៉ោងក្រោយពីបុរសរូបនេះវាយសម្លាប់ម្តាយបង្កើតកាលពីថ្ងៃទី ៧ ខែតុលា នៅភូមិអូរកន្ធរត្បូង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោក ចាក ចាន់រ៉េត នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពង់ធំប្រាប់ពីម្សិលមិញថា ជនសង្ស័យមានឈ្មោះ សឿន យឿន ហៅ ឌឿន អាយុ ២៧ ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅក្នុងភូមិ-សង្កាត់កើតហេតុខាងលើ។ រីឯស្ត្រីរងគ្រោះជាម្តាយឈ្មោះ ក្ដុល អាង អាយុ ៥៤ ឆ្នាំ។
លោកប្រាប់តាមសម្តីសាក្សីនៅកន្លែងកើតហេតុថាកាលពីថ្ងៃទី ៧ តុលានៅវេលាម៉ោង ២ រសៀលជនសង្ស័យបាននៅផ្ទះជាមួយម្តាយដែលពេលនោះស្ត្រីរងគ្រោះកំពុងដេកក្នុងអង្រឹង។ លុះមួយសន្ទុះក្រោយមកស្រាប់តែជនសង្ស័យបានយកចបកាប់វាយសំពងទៅលើមុខស្ត្រីរងគ្រោះ បណ្តាលឲ្យបែកមុខស្លាប់នៅកន្លែងកើតហេតុ។
លោកបានបន្តថា បន្ទាប់ពីធ្វើសកម្មភាពហើយជនសង្ស័យមិនបានរត់គេចខ្លួនទេ ហើយពលរដ្ឋជិតនោះក៏បានរាយការណ៍ប្រាប់នគរបាលសង្កាត់អូរកន្ធរចុះទៅឃាត់ខ្លួនតែម្តង។ សមត្ថកិច្ចពិនិត្យសាកសព ឃើញមានបែកថ្ងាសដល់ឆ្អឹងលលាដ៍ក្បាល ១ កន្លែង និងបែកត្រង់ប្រជុំចិញ្ចើម ១ កន្លែងធ្លាយឆ្អឹងលលាដ៍ក្បាល និងបាក់ឆ្អឹងកំភួនដៃខាងឆ្វេង។
ជុំវិញហេតុការណ៍នេះដែរលោក ញ៉ែម ឈុនលី អធិការនគរបាលក្រុងស្ទឹងសែនបានប្រាប់កាលពីម្សិលមិញថា មូលហេតុដែលជនសង្ស័យវាយសម្លាប់ម្តាយឯងបែបនេះគឺដោយសារខឹងនឹងស្ត្រីរងគ្រោះស្តីបន្ទោសរឿងដើរលេងច្រើនមិនជួយធ្វើការរកលុយមកជួយផ្គត់ផ្គង់ក្នុងគ្រួសារ៕