ភ្នំពេញៈ ​ជន​សង្ស័យ​ឆក់​ទូរស័ព្ទ​ដៃ​​ម្នាក់​អាយុ​ ១៨ ​ឆ្នាំ​បាន​ស្លាប់​នៅ​ក្នុង​មន្ទី​រពេទ្យ​ ក្រោយ​ពេល​លោត​ពី​លើ​អគារ​ជាន់​ទី ​៧​ ដោយ​សារ​គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​សមត្ថ​កិច្ច​ និង​ប្រ​ជា​ពល​រដ្ឋ​។​ ក​រ​ណី​នេះ ​បាន​កើត​ឡើង​កាល​ពី​​រសៀល​ថ្ងៃទី​ ៤ ​ខែ​កុម្ភៈ​ ឆ្នាំ ២០១៩ ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេ​ខ​ ៤៣២​ ស្ថិត​ក្នុង​ក្រុម​ទី ៦​ ភូមិ​ ២​ សង្កាត់​បឹង​ត្របែក​ ​ខណ្ឌ​ចំ​ការមន​ រាជ​ធានី​ភ្នំពេញ។​

លោក​ ហ៊ាង​ ថា​រ៉េ​ត​ អធិ​ការ​រង​ខណ្ឌ​ចំការ​មន​ ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ម្សិល​មិញ​ថា ​ជន​សង្ស័យ ​ដែល​បាន​លោត​ទម្លាក់​ខ្លួន​ពី​លើ​អគារ​ជាន់​ទី​ ៧ ​នោះ ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្ត​សញ្ញាណ​ពិត​ប្រាកដ​ទេ ​តែ​តាម​រយៈ​បក្ខ​ពួក​របស់​គេ​ម្នាក់​ឈ្មោះ ​ផល​ ​ព្រួញ ​អាយុ​ ១៨ ​ឆ្នាំ ​ដែល​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ឃាត់​កាល​ពី​រសៀល​ថ្ងៃ​កើត​ហេតុ​នោះ បាន​បញ្ជាក់​ថា​ ​ជន​សង្ស័យ​ដែល​បាន​ស្លាប់​នោះ​ឈ្មោះ ​«​អា​យួន​»​ ​អាយុ​ ១៨ ឆ្នាំ។​

​លោក ​ថារ៉េត ​បាន​បញ្ជាក់​ថា​៖​ «​​យើង​ បាន​ព្យាយាម​ដឹក​ជន​សង្ស័យ​ដែល​រង​របួស​ ក្រោយ​លោត​ទម្លាក់​ខ្លួន​ពី​លើ​អគារ​​​ជាន់​ទី ៧ ​នោះ ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​ដែរ​ តែ​ដោយ​របួស​ធ្ងន់​ពេក​ ជន​សង្ស័យ​ក៏​បាន​ដាច់ខ្យល់​ស្លាប់​ក្រោយ​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​រុស្ស៊ី​បាន​ប្រមាណ​ ១០​ នាទី»។

លោក​ ថារ៉េត​ ​អះ​អាង​ថា​ នៅ​មុន​ករណី​នេះ​កើត​ឡើង​ ​គេ​ឃើញ​ក្រុម​ជនសង្ស័យ​ទាំង ​២ នាក់​ខាង​លើ​នេះ​ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្ម​ភាព​ឆក់​យក​ទូរ​ស័ព្ទ​ដៃ​ពី​ស្ត្រី​រង​គ្រោះ​ម្នាក់ ​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ម៉ូតូ​កង់ ​៣ ​នៅចំណុច​កើត​ហេតុ​ខាង​លើ ប៉ុន្តែ​ត្រូវ​ជន​រង​គ្រោះ​ចាប់​ដៃ​ជាប់​ ​បណ្ដាល​ឲ្យ​ម៉ូតូ​ជន​ស​ង្ស័យ​ ដែល​បើក​បរ​ដោយ​ឈ្មោះ ​យួន​ ​ដួល​បោក​ទៅ​លើ​ដង​ផ្លូវ​។​ បន្ទាប់​មក​ជន​សង្ស័យ​ទាំង ​២​ បាន​នាំ​គ្នា​រត់​ឡើង​ទៅ​លើ​អគារ​កម្ពស់​ ៧ ​ជាន់​មួយ​នៅក្បែរ​នោះ​ ដើម្បី​គេច​ខ្លួន​តែ​ត្រូវប្រជាពល​រដ្ឋ ​​រួម​ទាំង​អាជ្ញា​ធរ​មូលដ្ឋាន​ ​នៅ​ក្នុង​តំបន់​នោះ​ ធ្វើ​ការ​ឡោម​ព័ទ្ធ​ និង​ឡើង​តាម​ក្រោយ​ដើម្បី​ចាប់​ខ្លួន​ពួកគេ។​ ​នៅ​ពេល​អស់​ផ្លូវ​គេច​​ជនសង្ស័យ​ឈ្មោះ ​ផល ​ព្រួញ​ ​បាន​សម្រេច​ចិត្ត​ឲ្យ​សមត្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន​ ចំណែក​ ជន​សង្ស័យ​ឈ្មោះ​យួន បាន​ព្យា​យាម​លោត​ពី​លើ​អ​គារ​ដើម្បី​គេច​ខ្លួន​ពី​ការតាម​ចាប់​ ប៉ុន្តែ​មិន​បាន​សម្រេច​ក៏​ត្រូវ​រងរបួស​ និង​ស្លាប់​ក្រោយ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។

លោក​ ថារ៉េត ​បាន​បន្ត​ថា​ ក្រោយ​កើត​ហេតុ​ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​កង់​ ៣​ ចេញ​ទៅ​បាត់​ដោយ​ពុំ​បាន​ដាក់​ពាក្យ​ប​ណ្ដឹង​នោះ​ទេ។​​ បច្ចុប្ប​ន្ន​ជន​សង្ស័យ​ឈ្មោះ ​ផល​ ព្រួញ​ ត្រូ​វ​បាន​ក្រុម​មន្ត្រី​នគរ​បាល​យុត្តិ​ធម៌​ ​សាក​សួរ​ចម្លើយ​ និង​កសាង​សំណុំ​រឿង​ចោទ​ប្រកាន់​ពី​បទ «​លួច​មាន​ស្ថាន​ទម្ងន់​ទោស»​ និង​គ្រោង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ​នេះ ​ដើម្បី​ចាត់​វិធាន​ការ​បន្ត​តាម​ផ្លូវ​ច្បាប់។​

អ្នក​ស្រី ចក់ សុភាព​ នាយិកាប្រតិ​បត្តិ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​និយាយ​ថា​ ការ​វាយ​ធ្វើ​ទារុណ​កម្ម​ទៅ​លើ​ជន​សង្ស័យ​ក្រោយ​ការ​ចាប់​​ខ្លួន ​ដោយ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ផ្សេងៗ ​និង​ការ​ជំនុំ​ជម្រះ​ទោស​ពី​ហ្វូង​មហាជន​ក្រៅ​ប្រព័ន្ធ​តុលាការ​នា​ពេល​កន្លង​មក​ ធ្វើ​ឲ្យ​ជន​សង្ស័យ​ ឬ​ជន​រង​គ្រោះ​មួយ​ចំនួន​អស់​ជំនឿ​ទៅ​លើ​ប្រព័ន្ធ​ច្បាប់​ ហើយ​ហ៊ាន​ធ្វើ​អត្ត​ឃាត​ដោយ​ខ្លួន​ឯង​ ដើម្បី​គេច​វេះពីការ​ជំនុំ​ជម្រះ​​ទោស និង​ក្លាយ​ជា​ជន​ដៃដល់​ដោយ​ខ្លួន​ឯង​ ដែល​ពួក​គេ​យ​ល់​ថា​ គ្មាន​សមត្ថភាព៕