
ជនសង្ស័យរួមទាំងវត្ថុតាង ដែលសមត្ថកិច្ចឃាត់បានកាលពីថ្ងៃទី ២ ឧសភា។ រូបថត ប៉ូលិស
កំពង់ចាម៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ចាមកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យជាង ១០ នាក់ទៅតុលាការ បន្ទាប់ពីបានសហការស្រាវជ្រាវបង្ក្រាបបទល្មើសគ្រឿងញៀនរហូតឃាត់ខ្លួនបានជនសង្ស័យទាំងនោះជាបន្តបន្ទាប់ នៅថ្ងៃទី ២ ខែឧសភា។ នេះបើតាមការផ្សាយរបស់អគ្គស្នងការនគរបាលជាតិនៅថ្ងៃនេះ។
កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម សហការមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបមុខសញ្ញារក្សាទុកជួញដួរដោយខុសច្បាប់នូវសារធាតុញៀន (ជាមុខសញ្ញាមានដីកា) ចំនួន ១ ករណី នៅថ្ងៃទី ២ ខែឧសភា។
លោកឧត្តមសេនីយ៏ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ១ នាក់ ឈ្មោះ ផៃ សីហា ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយជូ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
«កម្លាំងជំនាញបានដកហូតវត្ថុតាងម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀនចំនួន ២ កញ្ចប់ធំ (ទម្ងន់ ២ ០៣៧.៧១ ក្រាម) គិតទាំងសម្បក និងទូរស័ព្ទចំនួន ២ គ្រឿង។ ជនសង្ស័យជាមុខសញ្ញាមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ២១៦ ចុះថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០២១ ចេញដោយលោក ធន់ ដារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម»។
បើតាមអគ្គស្នងការនគរបាលជាតិនៅថ្ងៃដដែលនោះ សមត្ថកិច្ចជំនាញបានបន្តធ្វើការស្រាវជ្រាវ រួមជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពបតាងួន បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ២ នាក់ថែមទៀត។
ជនសង្ស័យឈ្មោះ វ៉ាន ភត្រា ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅភូមិជ្រោយអំពិល ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងឈ្មោះ ឪក គីណាល ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ កម្មករ ជនជាតិខ្មែរ ទីលំនៅភូមិតាម៉ៅ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ អ្នកទាំង ២ នាក់នេះជាមុខសញ្ញាជួញដូរ ដែលមកទិញថ្នាំញៀនពីឈ្មោះ ផៃ សីហា យកទៅលក់បន្ត។
«ក្រោយមកនៅពេលមុខសញ្ញាប្រើប្រាស់ថ្នាំញៀនបានទូរស័ព្ទមកឈ្មោះ ផៃ សីហា រកទិញថ្នាំញៀន សមត្ថកិច្ចក៏បានឃាត់ខ្លួនចំនួន ១៣ នាក់បន្ថែមទៀត ដកហូតវត្ថុតាងមានទូរស័ព្ទដែលជនសង្ស័យធ្វើការទំនាក់ទំនងទិញថ្នាំញៀនបានចំនួន ១២ គ្រឿង»៕