ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ម្សិលមិញ​បាន​សម្រេច​ឃុំខ្លួន​សមាជិក​ក្រុមប្រឹក្សា​នីតិកម្ម​នៃ​ក្រសួងមហាផ្ទៃ​ម្នាក់​ក្នុង​ពន្ធនាគារ​ព្រៃស​ជា​បណ្តោះអាសន្ន បន្ទាប់ពី​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាប់​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​អង្គារ​ពាក់ព័ន្ធ​ករណី​ឆបោក​លុយ​ ២ ​ម៉ឺន​ដុល្លារ​អាមេរិក​ពី​បុរស​ម្នាក់ ដោយ​ធានាថា​នឹង​ជួយ​រត់ការ​ឲ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​នគរបាលជាតិ​។

លោក​ គុជ គឹមឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ម្សិលមិញ​ថា ជនជាប់ចោទ​ឈ្មោះ ហុក គីមសាយ អាយុ​ ៥០ ​ឆ្នាំ​មាន​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​នីតិកម្ម​នៃ​ក្រសួងមហាផ្ទៃ​ស្នាក់​នៅផ្ទះ​លេខ​ ២៧ ផ្លូវ​ ៣៩០ សង្កាត់​បឹងកេងកង​ ៣ ខណ្ឌ​បឹងកេងកង រាជធានី​ភ្នំពេញ​ត្រូវ​បាន​លោក​ចៅក្រម​ស៊ើបសួរ សេង រិទ្ធី សម្រេច​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​ដោយ​ចោទប្រកាន់​ពី​បទ​ «​ឆបោក​»​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្រោយ​ការចោទប្រកាន់ ជនសង្ស័យ​ត្រូវ​បាន​លោក​ចៅក្រម​ស៊ើបសួរ​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​យុត្តិធម៌​នាំ​យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ដើម្បី​រង់ចាំ​ការជំនុំជម្រះ​នៅពេល​ក្រោយ​»​។

នៅ​ថ្ងៃ​ម្សិលមិញ​នេះ​ផង​ដែរ​លោក​ ម៉ាំង សុខលុច្យ នាយការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​កាលពី​ ២ ​ឆ្នាំមុន​ជនសង្ស័យ​បាន​ឆបោក​លុយ​បុរស​ម្នាក់​ឈ្មោះ​ ម៉ែន ច័ន្ទវាសនា ចំនួន​ ២ ​ម៉ឺន​ដុល្លារ​ដោយ​សន្យាថា​នឹង​ជួយ​រត់ការ​ឲ្យ​បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​នគរបាលជាតិ​។ ប៉ុន្តែ​ក្រោយពី​ទទួល​បាន​លុយ​ពី​ជនរងគ្រោះ ជនសង្ស័យ​មិនបាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​តាម​កិច្ចសន្យា​នោះទេ មិន​តែ​ប៉ុណ្ណោះ​ជននេះ​បាន​ព្យាយាម​បិទ​ទូរស័ព្ទ គេចវេះ​ពី​ការទទួល​ខុសត្រូវ​។

លោក​ សុខលុច្យ ​បន្តថា​៖ «​ដោយ​អស់សង្ឃឹម​ក្នុង​ការទាមទារ​ប្រាក់​របស់​ខ្លួន​ត្រឡប់​មកវិញ​មិន​បាន ជនរងគ្រោះ​ក៏បាន​ដាក់ពាក្យ​ប្ដឹង​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​ដោយ​ចោទប្រកាន់​ពី​បទ​ឆបោក​។ ទោះជា​បែប​ណា​ក្នុង​អំឡុងពេល​ជិត​ ២ ​ឆ្នាំ​កន្លង​មក​នេះ​ជនសង្ស័យ​មិន​បាន​ចូល​បំភ្លឺ​តាម​ដីកាកោះ​របស់​តុលាការ​ទេ រហូត​ដល់​មាន​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​ពី​តុលាការ​»​។

លោក​ សុខលុច្យ បន្ថែម​ថា​នៅពេល​សាកសួរ ជនសង្ស័យ​ឈ្មោះ​ ហុក គីមសាយ បាន​សារភាព​ថា គាត់​បាន​ប្រព្រឹត្ត​អំពើ​នោះ​ដូច​ការចោទប្រកាន់​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន​។ ប៉ុន្តែ​ថា​ប្រាក់​ទាំងនោះ​គាត់​ទទួល​បាន​តែ​ ៣០០០ ​ដុល្លារ​ប៉ុណ្ណោះ ចំណែក​ប្រាក់​នៅ​សល់​ពី​នោះ​ចំនួន​ ១៧០០០ ​ដុល្លារ​ទៀត គាត់​បានប្រគល់​ទៅ​ឲ្យ​កូន​លោកធំ​ម្នាក់​ទៀត​ជួយ​រត់​ការបន្ត​។

លោក​បាន​បន្ថែមថា ករណី​នេះ​ក្រុម​សមត្ថកិច្ច​នឹង​បន្តធ្វើ​ការស្រាវជ្រាវ​បន្ថែម​ទៀត ដើម្បី​នាំ​ជន​ពាក់ព័ន្ធ​ក្នុងករណី​នេះ​មក​ផ្ដន្ទាទោស​តាម​នីតិវិធី​ច្បាប់​៕