បុរស​ជា​ឪពុកចុងម្នាក់​​ ដែល​បាន​ចាប់រំលោភ​កូនចុង​របស់ខ្លួន​ កាល​ពី​ថ្ងៃ​ទី​ ២៩ កញ្ញា ​នៅ​ឃុំ​ស្វាយរំពារ​ស្រុក​ស្វាយ​ទាប​ត្រូវ​បាន​នគរបាល​ស្រុក​ចាប់​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅថ្ងៃនេះ​ ហើយ​សមត្ថកិច្ច​នគរបាល​ខេត្ត​កំពុង​សួរ​ចម្លើយ​ជនសង្ស័យ​រូប​នេះ។

លោក ​កែវ​ សុភ័ណ្ឌ​ អធិការ​​នគរបាល​ស្រុក​ស្វាយទាប​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ថ្ងៃនេះថា​ ជនសង្ស័យ​ជា​ឪពុក​ចុង​ឈ្មោះ​សាញ់​ រតនា​ អាយុ​ ៣៣ ឆ្នាំ ​រីឯ​ក្មេង​ស្រី​រងគ្រោះ​ឈ្មោះ​ម​.ស​ អាយុ​ ១១ ឆ្នាំ។ ​​ពួកគេ​រស់នៅ​ក្នុង​ឃុំ​ស្វាយ​រំពារ ​ស្រុកស្វាយ​ទាប។ ​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ហើយ​ កាលពី​ថ្ងៃទី​ ៣០ កញ្ញា។

ចំណែក​ លោក​ នេត​ សារឿន ​ប្រធាន​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ស្វាយ​រៀង​ប្រាប់​ថ្ងៃនេះដែរ​ថា​ សមត្ថកិច្ច​របស់​លោក​កំពុង​តែ​សាកសួរ​ជនសង្ស័យ ​ដើម្បី​រៀបចំ​សំណុំ​រឿង​បញ្ជូន​បន្តទៅ​សា​លាដំបូង​ខេត្ត​ស្វាយរៀង​តាម​នីតិវិធី​ច្បាប់។

លោក ​កែវ សុភ័ណ្ឌ ថ្លែង​ថា​៖ «ជន​ម្នាក់​នោះ​សមត្ថកិច្ច​ខ្ញុំ​ទើប​សាកសួរ​គាត់​ចប់​នៅ​ស្រុក។ ​រីឯ​ជនសង្ស័យ​ក៏ឆ្លើយ​សារភាព​ពី​សកម្មភាព​របស់​ខ្លួន​ដែរ​។ ព្រឹក​មិញ​នេះ ​[ម្សិលមិញ]​ ខ្ញុំបាន​បញ្ជូន​ទាំង​មនុស្ស​ និង​របាយការណ៍​ទៅ​ខេត្តអស់​ហើយ»។

បើតាម​ការរៀបរាប់ ​របស់​លោក​ កែវ​ សុភ័ណ្ឌ​ ប្រាប់តាម​សម្តី​ក្មេងស្រី​រងគ្រោះ​ថា​ ម្តាយ​របស់​នាង​បាន​លែងលះ​គ្នា​ជាមួយ​ឪពុក​បង្កើត​របស់​នាង​ជាច្រើនឆ្នាំ​មក​ហើយ។ ក្រោយ​មក ​ម្តាយ​នាង​បាន​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ ជា​មួយ​ឪពុក​ចុង ​របស់​នាង ដែល​ជាជន​សង្ស័យ​នេះ។ ពួក​គាត់​ទាំង​២នាក់​មាន​មុខរប​ដើរ​ច្រៀង ​និង​លេង​ភ្លេង​ការ​ប្រពៃណី​ តាម​រោង​បុណ្យ​ផ្សេងៗ​ហើយ​ម្តាយ​របស់​ក្មេងស្រី​រងគ្រោះ​មានតែ​កូនស្រី​ដែលជា​ក្មេង​រងគ្រោះ​ម្នាក់​ប៉ុណ្ណោះ។

លោក​បន្តថា​ បើតាម​សម្តី​របស់​ក្មេង​រងគ្រោះ​ប្រាប់​លោក​ថា​ចាប់​តាំង​ពី​ដើម​ឆ្នាំ​ ២០២០​ មក​ដល់​ខែ​កញ្ញានេះ ​ឪពុក​ចុង​របស់​នាង​បាន​ចាប់​នាង​រំលោភ​រហូត​ជាង​ ១០ ដង​ហើយ។ ​ជួនកាល​នៅផ្ទះ​ និង​ជួនកាល​នៅ​ក្រៅផ្ទះ​ នៅពេល​ណា​ដែល​ម្តាយ​នាង​មិន​នៅផ្ទះ​។ បន្ទាប់​ពី​ឪពុក​ចុង​រំលោភ​បាន​សម្រេច​ម្តងៗ ​គឺ​គាត់​តែង​សម្លុត​គំរាម​ មិនឲ្យ​នាង​និយាយ​ប្រាប់​ម្តាយ​នាង​ទេ​ ឬ​នរណា​ទេ។ ​បើ​និយាយ​ឲ្យគេ​ដឹង ​គឺ​ឪពុក​របស់​នាង​នឹង​សម្លាប់​ចោល​ ដូច្នេះ​ហើយ​នាង​មិន​ហ៊ាន​និយាយ​ប្រាប់​ឲ្យ​នរណា​ដឹងទេ​និង​ទ្រាំ​លាក់​រឿង​នេះ​រហូត។

មន្ត្រី​នគរបាល​រូបនេះ​រៀបរាប់​ទៀតថា​លុះ​នៅ​យប់​ថ្ងៃ​ទី​​ ២៩ ​កញ្ញា ​ជនសង្ស័យ​ជា​ឪពុក​ចុង​បាន​ចាប់​នាង​រំលោភ​ម្តង​ទៀត​ហើយ​សកម្មភាព​នេះ​ត្រូវ​ឪពុក​មា ​[ប្អូន​ប្រុស​របស់​ម្តាយ]​ របស់​នាង​ទៅ​ទាន់​ហើយបាន​ទូរស័ព្ទ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ឃុំ​ស្វាយ​រំពារ​តែម្តង។ បន្ទាប់​ពី​នគរបាល​ប៉ុស្តិ៍​ទទួល​បាន​បណ្តឹង​តាម​ទូរស័ព្ទ​ក៏បាន​រាយការណ៍​បន្ត​ទៅ​លោក​អធិការ​ស្រុក​ស្វាយ​ទាប​ហើយ​លោក​បាន​បញ្ជា​ឲ្យ​នគរបាល​ឃុំ​ចុះ​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​យប់​នោះ​តែ​ម្តង។​

លោក​ប្រាប់​ថា​៖«ករណីនេះ​ក្មេង​រងគ្រោះ​បាន​និយាយ​រៀបរាប់​ប្រាប់​ខ្ញុំ​ពី​ដំណើរ​រឿង​អស់​ហើយ​ ទើបស​មត្ថកិច្ច​របស់​ខ្ញុំ​សម្រេច​បញ្ជូន​ជនសង្ស័យ​ទៅ​ខាង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​ខេត្ត​ស្វាយរៀង​ចាត់ការ​បន្ត»៕