កំពតៈ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពត​បាន​សម្រេច​ឲ្យ​សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ចំនួន ២ ​នាក់​ដែល​ជា​មេខ្យល់​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់ ពី​ប្រទេស​វៀតណាម​ ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ ខណៈ​ជនជាតិ​វៀតណាម​ ៤ ​នាក់​ត្រូវបាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​របស់​ពួកគេ​វិញ​។

កាលពី​ថ្ងៃទី​ ១៤ មីនា កម្លាំង​សមត្ថកិច្ច​ខេត្តតាកែវ​បាន​ឃាត់​ខ្លួន​មេខ្យល់​ម្នាក់ ជាមួយ​នឹង​ជនជាតិ​វៀតណាម​ចំនួន​ ៤ ​នាក់ ខណៈ​មេខ្យល់​ម្នាក់ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​នេះ ត្រូវបាន​ឃាត់ខ្លួន​នៅ​ស្រុក​កំពង់ត្រាច បន្ទាប់ពី​ពួកគេ​បាន​នាំ​ជនជាតិ​វៀតណាម​ចូល​កម្ពុជា​ខុសច្បាប់​តាម​ទូក​នៅ​ចំណុច​ព្រំដែន​ច្រក​តន់ហន់​។

មេខ្យល់​នាំ​មនុស្ស​ឆ្លងដែន​ពី​ប្រទេស​វៀតណាម​ ចូលមក​កម្ពុជា​នេះ​មាន​ឈ្មោះ ជា សុវណ្ណារី ភេទ​ប្រុស អាយុ​ ៣០ ​ឆ្នាំ​ ហៅ​ ចិន ជនជាតិ​ខ្មែរ មុខរបរ​​រត់​ឡាន​តាក់ស៊ី​ដឹក​ភ្ញៀវ​ទៅ​កាស៊ីណូ​ព្រែកចាក​មាន​លំនៅ​ភូមិ​ក្រសាំង ឃុំ​ឈូក ស្រុក​ឈូក និង​ឈ្មោះ នាង ខេង ភេទ​ស្រី អាយុ​ ៥៨ ឆ្នាំ ហៅ បីហ៊ាន់ មុខរបរ​ដឹក​បារី​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ មាន​លំនៅ​ភូមិ ព្រែកក្រឹស ឃុំ​ព្រែកក្រឹស ស្រុក​កំពង់ត្រាច​។ នេះ​បើតាម​លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ​នគរបាល​ខេត្ដ​កំពត​។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា បន្ទាប់ពី​ឃាត់ខ្លួន​បាន ព្រះរាជអាជ្ញា បានចេញ​ដីកា​ឃុំខ្លួន​បណ្តោះអាសន្ន ហើយ​សមត្ថកិច្ច​ខេត្ត​ក៏​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​បន្ត ខណៈ​ជនសង្ស័យ​ទាំង​ ២ ​នាក់​ត្រូវបាន​បញ្ចូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តកំពត​។

លោក​បន្ថែមថា ចំពោះ​ជនជាតិ​វៀតណាម​ដែល​ត្រូវបាន​នាំ​ឆ្លងដែន​ខុសច្បាប់ ក៏បាន​បញ្ចូន​ទៅ​ប្រទេស​វៀតណាម​វិញ​ភ្លាមៗ​កាលពី​ថ្ងៃទី​ ១៤ មីនា​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​ចោទប្រកាន់​គាត់​ពី​បទជួញដូរ​មនុស្ស​ខុសច្បាប់ ដោយសារ​តែ​គាត់​បាន​នាំ​ពលករ​វៀតណាម​ឆ្លងដែន​ខុសច្បាប់​។ យើង​បាន​សួរនាំ​គាត់ កន្លង​មក​គាត់​បាន​នាំ​មនុស្ស​ខុសច្បាប់ ៣ ទៅ​ ៤ ដង​ហើយ​ដោយ​ជនជាតិ​វៀតណាម​ដែល​ឆ្លងដែន​ខុសច្បាប់​ទាំងនេះ​គឺ​ពួកគេ​មាន​គោលបំណង​មក​ធ្វើ​ជា​ជាងសំណង់​នៅ​កម្ពុជា​យើង​»​។

បើតាម​លោក ម៉ៅ ច័ន្ទមធុរិទ្ធ ក្រៅពី​មាន​ចំណាត់ការ​លើ​ជនសង្ស័យ​ទាំងនេះ សមត្ថកិច្ច​ខេត្ត​ក៏​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​វៀតណាម ដើម្បី​តាម​ចាប់ខ្លួន មេខ្យល់ និង​បក្ខពួក​ដែល​កំពុង​សំងំ​លាក់ខ្លួន​នៅ​ប្រទេស​វៀតណាម​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​ខាង​កម្ពុជា​យើង គឺ​យើង​បាន​ទប់ស្កាត់​បាន​ហើយ ចំណែក​ខាង​វៀតណាម​គឺ​យើង​បាន​ទំនាក់ទំនង​ជាមួយ​វៀតណាម ដើម្បី​ច្បាម​មុខសញ្ញា​ដែល​នៅ​ខាង​ភាគី​វៀតណាម​នេះ​បន្ថែមទៀត​។ ជាធម្មតា គឺ​ពួកមេខ្យល់​នេះ​គឺ​មាន​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​បាន​គាត់​អាច​នាំ​មនុស្ស​ខុសច្បាប់​ឆ្លងដែន​បាន បើ​អត់មាន​បណ្តាញ​នៅតាម​ព្រំដែន​ទាំង​ ២ ​ទេ គឺ​ពួកគាត់​មិនអាច​ធ្វើ​បានទេ​»​។

លោក យន់ ផល្លី ​អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្តកំពត និង​កែប​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា នៅក្នុង​ស្ថានភាព​ដែល​កំពុង​តែមាន​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ហើយ​នៅតាម​បណ្តា​ព្រំដែន​នៃ​ប្រទេស​ទាំង​សង​ខាង​គឺ​ត្រូវបាន​បិទ ហើយ​បើ​ក្រុម​មេខ្យល់​ទាំងនេះ​នៅ​តែ​បន្ត​នាំ​មនុស្ស​ខុសច្បាប់​ឆ្លងដែន​បែបនេះ​ទៀត​គឺ​វា​មាន​ហានិភ័យ​ខ្លាំង​ដែល​សមត្ថកិច្ច​ត្រូវតែ​ចាត់​វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​។

លោក​ យន់ ​ផល្លី ​សង្ឃឹមថា សមត្ថកិច្ច​នឹង​បន្ត​ចាត់វិធានការ​បន្ថែមទៀត​ចំពោះ​បញ្ហា​នេះ ជាពិសេស​នៅតាម​ច្រកព្រំដែន​ដែល​គ្មាន​ការយាមកាម​ត្រឹមត្រូវ​។

លោក​បញ្ជាក់ថា​៖ «​នេះ​គឺជា​ការឆកល្វែង​មួយ​ដែរ ដែល​នៅតែមាន​ការនាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​។ ជួនកាល​នេះ​ គឺជា​ការគេច​ចន្លោះ​ពី​កម្លាំង​សមត្ថកិច្ច ហើយ​ការនាំ​ចាកចេញ ឬ​នាំ​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​គេច​ពី​សមត្ថកិច្ច នៅ​តាម​ច្រកព្រំដែន​ណាមួយ គឺ​ច្រើនតែ​ធ្វើឡើង​នៅតាម​ច្រក​ដែល​គ្មាន​សមត្ថកិច្ច​ដាក់​នៅតាម​គោលដៅ ហើយ​ជន​ខិលខូច​នេះ​ឆ្លៀត​ឱកាស​ក្នុង​ការនាំ​មនុស្ស​ឆ្លងដែន​»៕