កណ្តាលៈ ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​ម្នាក់​ដែល​បាន​ប្រើ​កាំភ្លើង​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​បាន​បាញ់​ការពារ​ខ្លួន​បណ្តាលឱ្យ​រងរបួស​កាលពី​វេលា​ម៉ោង​ជិត​ ២ ​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​ ១១ ខែវិច្ឆិកា នៅពេល​នេះ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ជ័យជម្នះ​ក្នុង​ក្រុង​តាខ្មៅ​។ ជននេះ​នឹងត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅពេល​ដែល​ស្ថានភាព​មុខរបួស​បាន​ធូរស្រាល​។

លោក ឈឿន សុចិត្រ ស្នងការ​នគរបាល​ខេត្តកណ្ដាល​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ដែល​កំពុង​សម្រាក​ព្យាបាល​ជើង​ដែល​ត្រូវ​សមត្ថកិច្ច​បាញ់​ត្រូវ​ជើង​គឺ​បាន​ធូរស្រាល​ហើយ​។ ជននេះ​ត្រូវ​បាន​យាមកាម​យ៉ាង​តឹងរ៉ឹង​ពី​សមត្ថកិច្ច​ហើយ​នៅពេល​មុខរបួស​ធូរស្រាល សមត្ថកិច្ច​នឹង​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​និតិវិធី​ច្បាប់​។

លោក​បន្តថា ក្នុង​ប្រតិបត្តិការ​កាលពី​ថ្ងៃទី​ ១០ ខែវិច្ឆិកា​សមត្ថកិច្ច​បាន​ប្រើ​កម្លាំង​ប្រមាណ​ជិត​ ១០០ ​នាក់​ ដើម្បី​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប មេខ្លោង​ចែកចាយ​គ្រឿងញៀន​ឈ្មោះ លាន ទិត្យ អាយុ​ ២៧ ​ឆ្នាំ និង​ប្រពន្ធ ឈ្មោះ ឆេង តុងលី អាយុ​ ២៥ ​ឆ្នាំ មាន​កូន​ស្រី​តូចៗ​ចំនួន​ ២ ​នាក់​រស់នៅ​ភូមិ​ថ្កុល ឃុំ​ត្រើយស្លា ស្រុក​ស្អាង ខេត្តកណ្តាល​។ ជនសង្ស័យ​ប្រដាប់​ដោយ​អាវុធ​វែង AK47 ជាប់​នឹង​ដៃ ហើយ​បាន​គំរាម​ប្រពន្ធ និង​កូន​មិនឱ្យ​ចេញពីផ្ទះ បើសិន​ជា​ហ៊ាន​ចេញ​ជនសង្ស័យ​នឹង​បាញ់សម្លាប់​។

បើតាម​លោក​ សុចិត្រ ដែលជា​អ្នកដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ផ្ទាល់​ក្នុង​ការចុះបង្ក្រាប​ដែល​បាន​ចាប់ផ្តើម​តាំងពី​ម៉ោង​ ២ ​រសៀល​ថ្ងៃទី​ ១០ ខែវិច្ឆិកា រហូតដល់​ម៉ោង​ជិត​ ២ ​ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃទី​ ១១ ខែវិច្ឆិកា​ទើប​ឃាត់ខ្លួន​ជនល្មើស​បាន​។ លោក​ថា ជនសង្ស័យ​ប្រើប្រាស់​អាវុធ​ដោយ​បាញ់​អស់​ជាង ២០ គ្រាប់ តដៃ​ជាមួយ​សមត្ថកិច្ច ខណៈ​ខាង​សមត្ថកិច្ច​ក៏បាន​បាញ់​តបត​វិញ អស់​ជាច្រើន​គ្រាប់ និង​ត្រូវចំ​ជើង​ស្តាំ​រហូត​ឈានដល់​ការចាប់ខ្លួន​បាន​។

លោក​បន្តថា​៖ «​បន្ទាប់ពី​ឃាត់ខ្លួន​បាន ជនល្មើស​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ជ័យជម្នះ​ក្នុង​ក្រុង​តាខ្មៅ​ដោយមាន​ការយាមកាម​ពី​ក្រុម​សមត្ថកិច្ច​ហើយ​បន្ទាប់ពី​ព្យាបាល​ជាសះស្បើយ យើង​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​»​។

លោក​ថា​៖ «​យើង​ព្យាយាម​មិនបាញ់​តបត​ទៅ​ជនល្មើស ប៉ុន្តែ​ក្នុង​ស្ថានភាព​ការពារ​ខ្លួន​ក៏​បាន​បាញ់​តបត​ទៅវិញ ទើប​ធ្វើឱ្យ​ត្រូវ​ជនល្មើស​ចំ​ជើង​ខាងឆ្វេង​» ។

លោក ពុយ ទ្រី នាយប៉ុស្តិ៍​នគរបាល​ឃុំ​ត្រើយស្លា​បាន​ឱ្យ​ដឹងថា នៅក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​នៅពេល​ដែល​ជននេះ​ត្រូវ​រងរបួស​ជើង​ហូរឈាម​មាន​សភាព​ស្លេកស្លាំង និង​អស់កម្លាំង​ជាខ្លាំង​។ លោក​បន្តថា​៖ «​នៅក្នុង​ស្ថានភាព​បែបនេះ ម្តាយ​ជនសង្ស័យ​ក៏​បាន​អង្វរ​លួងលោម​ជនសង្ស័យ ទម្រាំ​តែ​ដក​កាំភ្លើង​ពី​ជនសង្ស័យ​ជូន​សមត្ថកិច្ច​បាន​»​។

បើ​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ក្នុង​ការបង្ក្រាប​នេះ​សមត្ថកិច្ច​បាន​រឹបអូស​វត្ថុតាង​រួមមាន អាវុធ AK.47 កាត់​ស្វាយ​លេខ ZG12729 ផលិត​នៅ​ប្រទេស រុស្សី ឆ្នាំ 1971 គ្រាប់​ ១៥ ​គ្រាប់ សម្បក​គ្រាប់​រក​ឃើញ ១១ ​គ្រាប់ ក្បាល​គ្រាប់ ៥ ​គ្រាប់ និង​បង់​ ១៕