ភ្នំពេញៈ មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគ្រោងបញ្ជូនសំណុំរឿងជនសង្ស័យចំនួន ៥១ នាក់ ក្នុងនោះមានស្រី ៥ នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ ខណៈសមត្ថកិច្ចក៏កំពុងសាកសួរពួកគេជុំវិញការជួញដូរ និងប្រើប្រាស់គ្រឿងញៀន បន្ទាប់ពីសមត្ថកិច្ចចុះបង្ក្រាបជាបន្តបន្ទាប់កាលពីថ្ងៃទី ៤ ខែមីនា នៅក្នុងខណ្ឌទួលគោក និងខណ្ឌដូនពេញ។
លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញថ្លែងពីម្សិលមិញថា សមត្ថកិច្ចជំនាញបាននិងកំពុងធ្វើការសាកសួរជនសង្ស័យទាំង ៥១ នាក់នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅឡើយ។ លោកបញ្ជាក់ថា មន្ត្រីជំនាញគ្រោងនឹងបញ្ជូនពួកគេទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ៦ ខែមីនា នេះ។
លោកបញ្ជាក់ថា៖ «ក្រោយពីយើងបានធ្វើការឃាត់ខ្លួនគាត់ជាបន្តបន្ទាប់មកគឺយើងកំពុងសាកសួរ ដើម្បីរកអ្នកណាអ្នកប្រើប្រាស់អ្នកណាអ្នកជួញដូរ អ្នកណាអ្នកពាក់ព័ន្ធ។ អ៊ីចឹងយើងសួរមិនទាន់ចប់ទេ ហើយធ្វើទៅតាមនីតិវិធីច្បាប់។ នៅពេលយើងសាកសួរសព្វគ្រប់ហើយ យើងនឹងបញ្ជូនទៅតុលាការហើយ។ ព្រោះយើងសួរជិតចប់ដែរហើយ»។
លោក ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិដកស្រង់សម្តីថា ការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះកម្លាំងនគរបាលធ្វើឡើងក្រោយពីទទួលព័ត៌មានប្តឹងរាយការណ៍ពីពលរដ្ឋនូវសកម្មភាពប្រព្រឹត្តបទល្មើសគ្រឿងញៀនជាក់ស្តែង។
លោកបន្តថា សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន ៩ នាក់ (ស្រី ៣ នាក់) និងដកហូតវត្ថុតាង ៨ កញ្ចប់តូច និងម៉ូតូ ២ គ្រឿងនៅចំណុចតាមបណ្តោយផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បន្ទាប់ពីនេះកម្លាំងបន្តចុះត្រួតពិនិត្យនៅតាមបណ្តោយផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក ហើយក៏ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនថែមទៀត។
លោកថ្លែងថា៖ «ពួកគាត់ចូលមកទិញថ្នាំញៀនពីជនសង្ស័យជួញដូរគ្រឿងញៀន។ អ៊ីចឹងយើងចាប់បានចំនួនសរុប ៤២ នាក់ ស្រី ២ នាក់បន្ថែមទៀត។ ចំណែកវត្ថុតាងត្រូវបានដកហូតក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ២ កញ្ចប់តូច ម៉ូតូ ១៥ គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន»។
លោកបន្ថែមថា ដូច្នេះសមត្ថកិច្ចបានចុះបង្ក្រាបនៅ ២ ទីតាំងផ្សេងគ្នា ប៉ុន្ដែក្នុងថ្ងៃតែមួយដោយឃាត់ខ្លូនជនសង្ស័យសរុប ៥១ នាក់មានស្រី ៥ នាក់ដកហូតវត្ថុតាងដូចជា ថ្នាំញៀន ១០ កញ្ចប់តូច ម៉ូតូ ១៧ គ្រឿង ឧបករណ៍ជក់ចំនួន ៥ និងដែកកេះ ៤ ដើម។ បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួន និងសាកសួរ ដើម្បីបន្ដអនុវត្តតាមនីតិវិធី។
តាមរបាយការណ៍ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យដឹងថ្ងៃទី ៥ មីនា ក៏បានបង្ហាញតួលេខនៃការបង្ក្រាបបានជនសង្ស័យ និងវត្ថុតាងក្នុងករណីគ្រឿងញៀននេះស្របទៅនឹងការអះអាងរបស់មន្ត្រីនគរបាលខាងលើនេះដែរ។
ប្រតិបត្តិការបង្ក្រាបនេះក៏ត្រូវបានសម្របសម្រួលនីតិវិធីពីលោក រៀល សុភិន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញអនុញ្ញាតឲ្យចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់នៅចំណុចសំណង់មិនរៀបរយតាមផ្លូវរថភ្លើងភូមិ ១៦ សង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងនៅចំណុចតាមបណ្តោយផ្លូវរថភ្លើងក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕