មណ្ឌលគិរីៈ ​បុរស​ជា​ជន​សង្ស័យ​ម្នាក់​ឈ្មោះ​ ចេល ​ចូច​ អាយុ ​៣៤ឆ្នាំ​ត្រូវ​បាន​ស្នង​ការរង​ផ្នែក​ព្រហ្មទណ្ឌ​ខេត្ត​មណ្ឌល​គិរី​កំពុង​បន្ត​នីតិ​វិធី​នៃ​ការ​សាក​សួរ​ កាល​ពីម្សិល​មិញ​ ពាក់​ព័ន្ធ​ជា​មួយ​អំ​ពើ​ឃាតកម្ម​លើ​ក្មេង​ប្រុស​អាយុ១១​ឆ្នាំ​ម្នាក់​ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​វាល​ស្រែ ​ក្នុង​ភូមិស្រែ​ហ៊ុយ ឃុំ​ស្រែហ៊ុយ​ ស្រុក​កោះញែក​ កាល​ពី​ខែ​តុលា។

​លោក ​សូ ​សុវណ្ណ ​ស្នង​ការ​រង​ផ្នែក​ព្រហ្មទណ្ឌ​ខេត្ត​មណ្ឌលគិរី​ បាន​អះ​អាង​កាល​ពីម្សិល​មិញ​ថា​ ជន​សង្ស័យ​ត្រូវ​ជា​ឪពុក​របស់​ក្មេង​ប្រុស​រង​គ្រោះ ដែលត្រូវ​បាន​គេ​រក​ឃើញ​ស្លាប់​ដោយ​មាន​ស្នាម​ចិញ្ច្រាំ​ស្ទើ​រ​តែ​ពេញ​ខ្លួន។

​លោក​ ​​សុវណ្ណ ​បា​ន​ថ្លែង​​ថា​តាម​ប្រវតិ្ត​គ្រួសារ​​ គ្រួសារ​នេះ​ធ្លាប់​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ធ្វើ​អំពើ​អាបធ្មប់។​​

​លោក​ សុវណ្ណ​ បាន​ថ្លែង​ថា​៖​«​យើង​សង្ស័យ​ថា​ វា​ជា​អំពើ​អាប​ធ្មប់​បណ្តាល​មក​ពី​រឿង​នេះ​ នេះ​គឺ​ជា​ការ​សន្និ​ដ្ឋាន​របស់​យើង​ទេ។​​ យើង​អញ្ជើញ​គាត់​មក​​ដើម្បី​បាន​ព័ត៌​មាន​ ​គាត់​ដឹង​រឿង​ប៉ុន្តែ​គាត់​ព្យាយាម​លាក់​ជា​មួ​យ​យើង​ ហើយ​យើង​មិន​ទាន់​ចោទ​ប្រកាន់​គាត់​ថា​ជា​ឃាត​ករទេ»។​​

​លោក​ អះអាង​ដោយ​មន្ទិល​ទៅ​លើ​ជន​សង្ស័យ​ នៅ​ក្នុង​រឿង​​ករណី​ឃាតកម្ម​នេះ​ ដោយ​គាត់​ហាក់​បី​ដូច​ជា​មាន​ការ​​លាក់លៀម​។ ​គាត់​អត់​បាន​ប្រាប់​មន្ត្រី​ជំនាញ​ថា ​គាត់​បាន​ជួប​អ្នកណា​ពេល​ដែល​គាត់​ដើរ​មក​វិញ​ទេ ​តែ​អ្នក​ជិត​ខាង​បាន​និយាយ​ប្រាប់​មន្ត្រី​ជំនាញ។​

​លោ​ក​ សុវណ្ណ​ ថ្លែង​ថា​៖«​យើង​ឲ្យ​គាត់​និយាយ​ប៉ុន្តែ​គាត់​​ហាក់​មិន​ទាន់​និយាយ​ពាក់​ព័ន្ធ​ជា​មួយ​​ភ័ស្តុតាង ​យើង​មិន​ហ៊ាន​អះអាង​ថា​ករណី​នេះ​​វា​អាច​ជា​រឿង​គំនុំ​ទេ ​ពីព្រោះ​គាត់​ជា​កុមារ​ត្រឹម​តែ​អាយុ​១១ឆ្នាំ។ ​អ៊ីចឹង​​មិនអាច​មាន​បញ្ហា​ជា​គំនុំ​ជា​មួយ​អ្នក​ណា​ទាំង​អស់​ទេ»។​​

លោក​ ខ្លូត ​សុភា​ អធិការ​នគរ​បាល​ស្រុក​កោះ​ញែក ​បាន​ថ្លែង​ថា ​នគរ​បាល​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​​កាល​ពី​ថ្ងៃ​ចន្ទ​ដើម្បី​សាក​​សួរ​​រក​វត្ថុ​តាង​ ហើយ​​ក៏បាន​បញ្ចូន​ជន​សង្ស័យ​ទៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ព្រោះ​​នៅ​មាន​អាថ៌​កំបាំង​ដែល​ត្រូវ​សួរ​បន្ត​ទៀត។​​

​លោក​ សុភា​ បាន​ថ្លែង​ថា៖​«កូន​ដែល​ត្រូវ​បាន​សម្លាប់​ ឪពុក​ម្តាយ​គាត់​អត់​បាន​រាយ​ការណ៍ជូន​អ្នក​ណា​ទេ។​ ឪពុក​ម្តាយ​មិន​បាន​រាយ​ការណ៍ជូន​យើង​ទេ។​​ អ្នក​ជិត​ខាង​ជា​អ្នក​រាយ​ការ​ណ៍ជូន​យើង»​។

បញ្ហារឿង​ចេះ​ធ្វើ​អំ​ពើអាបធ្មប់​ ជា​ជំនឿដែល​មាន​ក្នុង​សង្គម​ខ្មែរ​ជាហូរ​ហែ​ ខណៈ​លោក អធិការ​នគរ​បាល​ស្រុកកោះញែក​បាន​អះអាង​ថា​ ក្នុង​រយៈ​ពេល​១០ឆ្នាំ​ នគរបាល​បង្ក្រាបបាន​៣​ករណីហើយ៕