កណ្ដាលៈ នគរបាល​ស្រុក​កៀនស្វាយ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្តកណ្តាល​កាលពី​ម្សិលមិញ​ បន្ទាប់ពី​ចាប់ខ្លួន​តាម​បណ្តឹង​របស់​ម្តាយ​ក្មេងរងគ្រោះ​ពាក់ព័ន្ធ​ចាប់​កូនស្រី​បង្កើត​រំលោភ​សេពសន្ថវៈ​រហូត​សម្រេច​ ៤ ​ដង​ ប្រព្រឹត្ត​នៅ​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

លោក ព្រំ សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ​ ញ៉ែម ច័ន្ទដារ៉ា អាយុ​ ៣៥ ​ឆ្នាំ រីឯ​ក្មេងស្រី​រងគ្រោះ​អាយុ​ ១០ ​ឆ្នាំ​ជា​កូនបង្កើត​របស់​ជនសង្ស័យ​រស់នៅក្នុង​ឃុំ​ដីឥដ្ឋ​។ ដោយឡែក​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​របស់​លោក​បញ្ជូន​បន្តទៅ​សាលាដំបូង​ខេត្ត​កណ្តាល​ហើយ​បន្ទាប់ពី​សាកសួរ​ចប់​។

លោក​ថ្លែង​ប្រាប់ថា​៖ «​ឥឡូវនេះ​បន្ទាប់ពី​ខាង​សមត្ថកិច្ច​របស់​យើង​បញ្ជូន​ជនសង្ស័យ​ដល់​តុលាការ​គឺ​ខាង​អយ្យការ​កំពុងតែ​ដំណើរការ​រឿងនេះ​ហើយ​»​។

យោងតាម​នាយ​នគរបាល ប៉ុស្តិ៍​ដីឥដ្ឋ លោក ជឿន សារុំ រៀបរាប់​ប្រាប់​ពី​ម្សិលមិញ​ដែរ​ថា គ្រួសារ​នេះ​មាន​កូន​ចំនួន​ ៣ ​នាក់ ប្រុស​ ២ ​នាក់ និង​ក្មេងស្រី​រងគ្រោះ​ជា​កូន​ទី​ ២​។ ប៉ុន្តែ​បើតាម​ប្រពន្ធ​របស់​ជនសង្ស័យ​ និង​ត្រូវ​ជា​ម្តាយបង្កើត​របស់​ក្មេងរងគ្រោះ​បាន​និយាយប្រាប់​សមត្ថកិច្ច​របស់​លោក​ថា​ក្នុង​គ្រួសារ​គាត់​ (​ស្ត្រី​ប្រពន្ធ​ជនសង្ស័យ​) ​ឧស្សាហ៍​ឈ្លោះ​គ្នា​ហើយ​រាល់ពេល​គាត់​ឈ្លោះ​ជាមួយ​ប្តី​ (​ជនសង្ស័យ​) ​គាត់​តែងតែ​ទៅ​ដេក​នៅផ្ទះ​ម្តាយ​ ឬ​ផ្ទះ​បងប្អូន​របស់​គាត់​ដែល​នៅក្នុង​ភូមិ-ឃុំ​នោះ​ដែរ​។

លោក​បន្ត​តាម​សម្តី​ក្មេងរងគ្រោះ​ទៀត​ថា​ មូលហេតុ​ដែល​ឪពុក​របស់​នាង​មាន​ឱកាស​រំលោភ​នាង​បាន​នោះ​ ដោយសារ​ឪពុកម្តាយ​នាង​ចេះ​តែ​ឈ្លោះ​គ្នា ហើយ​ពេលណា​ពួកគាត់​ឈ្លោះ​គ្នា​គឺ​ម្តាយ​របស់​នាង​ទៅ​ដេក​នៅ​ផ្ទះ​បងប្អូន ចំណែក​នាង​ដេក​ជាមួយ​ឪពុក​ទើប​កើត​ជា​រឿង​នោះ​ឡើង​ជា​បន្តបន្ទាប់​មក​។

លោក​ថា​៖ «​បើទោះ​ជា​ជនសង្ស័យ​មិន​សារភាព​ក៏ដោយ តែ​ចម្លើយ​ក្មេងរងគ្រោះ​អាច​បង្ហាញ​បាន​ថា ពិតជា​មាន​ករណី​នេះ​កើតឡើង​។ ​ប៉ុន្តែ​យ៉ាងណា​អាស្រ័យ​លើ​ការសាកសួរ​បន្ត​ពី​សមត្ថកិច្ច​តុលាការ​ទៀត​»៕