ក្រចេះ: នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ខេត្តក្រចេះ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្តក្រចេះ​កាលពី​រសៀល​ម្សិលមិញ​ពាក់ព័ន្ធ​រំលោភ​កូនស្រី​បង្កើត​របស់ខ្លួន​ប្រព្រឹត្ត​នៅ​ឃុំ​កោះខ្ញែរ ស្រុក​សំបូរ ខេត្តក្រចេះ​កាលពី​ថ្ងៃទី​ ១២ តុលា​។

លោកស្រី នៅ រតនា ស្នងការរង​ទទួល​ផែន​ប្រឆាំង​ការជួញដូរ​មនុស្ស​ខេត្តក្រចេះ​ឱ្យដឹងពី​ម្សិលមិញ​ថា​ជនសង្ស័យ​ឈ្មោះ​ ណៃ ចិន្តា អាយុ​ ៥៧ ​ឆ្នាំ ចំណែក​នារី​រងគ្រោះ​ជា​កូន​អាយុ​ ២០ ​ឆ្នាំ​។

លោក ប៊ុន ឈឿន អធិការនគរបាល​ស្រុក​សំបូរ​ថ្លែង​ថា​បើតាម​ចម្លើយ​របស់​នារី​រងគ្រោះ​ប្រាប់​សមត្ថកិច្ច​ថា ឪពុក​របស់​នាង​បាន​ចាប់បង្ខំ​នាង​រំលោភ​សេពសន្ថវៈ​ក្នុង​អំឡុង​ខែ​កក្កដា​ ឆ្នាំ​ ២០១៥ ​បាន​ម្តង​ដែល​កាលនោះ​នាង​នៅមាន​អាយុ​ទើបតែ​ ១៥ ​ឆ្នាំ​នៅឡើយ ខណៈ​នាង​នៅផ្ទះ​តែម្នាក់ឯង​។

បន្ទាប់ពី​ឪពុក​ចាប់​នាង​រំលោភ​បាន​សម្រេច​ហើយ​គាត់​គំរាម​មិន​ឱ្យ​នាង​យក​រឿងនេះ​ទៅ​និយាយប្រាប់​ម្តាយ​ ឬ​ក៏​អ្នកណា​ផ្សេង​ទេ​ហើយ​បើ​នាង​ហ៊ាន​តែ​យក​រឿងនេះ​ទៅ​ប្រាប់​ឱ្យ​ម្តាយ​ដឹង​គឺ​ឪពុក​របស់​នាង​សម្លាប់ចោល​។ ដោយ​ខ្លាច​ស្លាប់ នាង​មិន​ហ៊ាន​និយាយ​ប្រាប់​នរណា​ទេ ហើយ​ចេះតែ​លាក់ទុក​រឿងនេះ​មក​រហូត​មក​។

ជនរងគ្រោះ​ថា លុះដល់​ថ្ងៃទី​ ៨ ​ខែ តុលា ឆ្នាំ​ ២០២០ នេះ​ខណៈ​បងប្រុស​ និង​ម្តាយ​របស់​នាង​មិន​នៅផ្ទះ​ស្រាប់តែ​ជនសង្ស័យ​ជា​ឪពុក​បាន​ចាប់​នាង​រំលោភ​ម្តងទៀត​តែ​ចៃដន្យ ពេល​ឪពុក​កំពុង​ធ្វើ​សកម្មភាព​មកលើ​នាង​ក៏​មាន​ក្មួយប្រុស​តូច​របស់​នាង​ម្នាក់​ (​កូន​របស់​បងស្រី​) ​ដែល​រស់នៅ​ជាមួយ​ចូលទៅ​ទាន់ ហើយ​ក៏​យក​រឿងនេះ​ប្រាប់​ម្តាយ​នាង​តែម្តង​។

ជនសង្ស័យ​មិន​ព្រមឆ្លើយ​សារភាព​ពិតមែន​តែ​ផ្អែក​លើ​ការធ្វើ​កោសល្យវិច័យ​ និង​ការរៀបរាប់​ប្រាប់​ពី​ជនរងគ្រោះ​អាច​សន្មត​បាន​ថា រឿងហេតុ​កើត​មាន​ពិតមែន​។ ផ្អែក​តាម​ការប្រមែប្រមូល​ជុំវិញ​អង្គហេតុ​ហ្នឹង​បាន​បង្ហាញថា មាន​បន្ទុក​ទៅ​លើ​ជនសង្ស័យ​ជាពិសេស​ចម្លើយ​ជនរងគ្រោះ​តែម្តង​៕