បន្ទាយមានជ័យ៖ ជន​សង្ស័យ​ម្នាក់​ដែល​ជា​មេ​ខ្យល់​នាំ​មនុស្ស​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ចាត់​ការ​តាម​នីតិវិធី​នៅ​ថ្ងៃទី ២១ ខែ​មេសា​នេះ។

លោកស្រី ឌី សុជាតិ ស្នងការ​រង​ទទួល​ការងារ​យេនឌ័រ និង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ខេត្ត​បន្ទាយ​មាន​ជ័យ​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​មេ​ខ្យល់​ម្នាក់​នោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ថ្មពួក ចាប់​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃទី ២០ ​ខែ​មេសា។

លោកស្រី​ថ្លែង​ថា៖ «យើង​បាន​បញ្ជូន​គាត់​ទៅ​កាន់​តុលាការ​ហើយ​នៅ​ព្រឹក​នេះ។ អ៊ីចឹង​ពេល​នេះ​ជនសង្ស័យ​កំពុង​នៅ​តុលាការ។ គេ​សម្រេច​ចោទ​ប្រកាន់ ស៊ើបសួរ និង​ឃុំខ្លួន​យ៉ាង​ណា​នោះ លើ​ស្ថាប័ន​អយ្យការ»។

លោក ឈឿន គឹមឈុន អធិការ​នគរបាល​ស្រុក​ថ្មពួក​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ នឹម វណ្ណា ភេទ​ប្រុស អាយុ ៦៨ ឆ្នាំ នៅ​ភូមិ​បន្ទាយមានរិទ្ធ ឃុំ​គោករមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។

បើ​តាម​លោក​អធិការ ជន​សង្ស័យ​រូប​នេះ​ត្រូវ​បាន​នគរបាល​វរសេនាតូច​ការពារ​ព្រំដែន​គោក​លេខ ៨០៧ ឃាត់​ខ្លួន​ជា​មួយ​ពលករ​ខ្មែរ​ប្រុស-ស្រី ចំនួន ២ នាក់ មាន​ឈ្មោះ តោ សូរិយ៉ា ភេទ​ស្រី អាយុ ៣៩ ឆ្នាំ នៅ​ភូមិ​ស្រះឈូក ឃុំ​ស្រះជីក ស្រុក​ភ្នំស្រុក និង​ឈ្មោះ មាត បឹម ភេទ​ប្រុស អាយុ ២០ ឆ្នាំ រស់នៅ​ទីកន្លែង​ជាមួយ​គ្នា។ ពួក​គេ​បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ នៅ​ចំណុច​ច្រក​ស្តុកស្តោរ ក្នុង​ភូមិសាស្ត្រ​ឃុំ​គោករមៀត ស្រុក​ថ្មពួក។

លោក​បញ្ជាក់​ថា ដោយ​មាន​បទ​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត និង​មាន​ការ​សម្របសម្រួល​ពី​លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត ជន​សង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់​ខ្លួន​នៅ​វេលា​ម៉ោង ១១ និង ២០ នាទី​ព្រឹក នៅ​ថ្ងៃទី ២០ មេសា។

លោក​អធិការ​បញ្ជាក់​ថា៖ «ចំណែក​ពលក​រប្រុស-ស្រី​ទាំង ២ នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ចត្តាឡីស័ក»៕