ភ្នំពេញ:​ បុរស​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​ ​២​ នាក់​ ត្រូវ​បាន​មន្ត្រី​ជំនាញ​ ​កំពុង​សាក​សួរ​នៅ​ស្នង​ការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ ​បន្ទាប់​ពី​សមត្ថ​កិច្ច​ឃាត់​ខ្លួន​នៅ​ថ្ងៃ​ទី​ ៤ ​ខែ​មករា ​ពា​ក់​ព័ន្ធ​ករណី​ឃាត​កម្ម​បាញ់​សម្លាប់​មន្ត្រី​នគរបាល​ការិយា​ល័យ​ព្រ​ហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ម្នាក់ ​កាល​ពី​យប់​ថ្ងៃ​ទី ២៩​ ​ខែ ​ធ្នូ​ ឆ្នាំ​ ២០២០​។​

មន្ត្រី​នគរ​បាល​ដែល​ស្លាប់​ ​ឈ្មោះ ​រ៉េត​ ​ស៊ី​ណែ​ត​ ហៅ​ញ៉​ក់ ​ត្រូវ​បាន​ខ្មាន់​កាំ​ភ្លើង​បាញ់​សម្លាប់​ នៅ​ភូមិ​ក្បាល​ដំរី ២​ សង្កាត់​កា​កាប ​២ ​ខណ្ឌ​ពោ​ធិ៍​សែន​ជ័យ ​រាជ​ធានី​ភ្នំពេញ​ ​ដោយ​ប្រើប្រាស់​អាវុធ​ខ្លី ១ ​ដើម​ ​ខណៈ​ករណី​នេះ​ផ្ដើម​ចេញ​ពី​គ្រោះ​ថ្នាក់​ចរាចរ និង​ទំនាស់​ពា​ក្យ​ស​ម្ដី​​គ្នា​តិច​តួច។​ ​លុះ​ដល់​ថ្ងៃទី​ ​៤​ ខែ​ មករា ​ឆ្នាំ ​២០២១ ​សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខ​ពួក​ម្នា​ក់​នៅ​ខេត្ត​បាត់​ដំបង​។​ ​

លោក​ ​សាន​ ​សុខ​សីហា ​អ្នក​នាំ​ពាក្យ​ស្នង​ការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​ ៤ ​ខែម​ក​រា​ ​ថា សមត្ថ​កិច្ច​ជំ​នាញ​កំពុង​សាក​សួរ​ជន​សង្ស័យ​​នៅ​ស្នង​ការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ​នៅ​ឡើយ​។​

លោក​បញ្ជាក់​ថា​៖​«​ខ្ញុំ​ក៏​មិន​ទាន់​អាច​និយាយ​អ្វី​បាន​ដែរ​ ​ដោយ​រង់ចាំ​ការ​បញ្ចប់​នីតិ​វិធី​សិន​»​។​

លោក​ ​ង៉េ​ង​ ​ជួ ​ប្រធាន​នាយក​ដ្ឋាន​នគរ​បាល​ព្រហ្ម​ទណ្ឌ​នៃ​អគ្គស្នង​ការ​នគរ​បាល​ជាតិ​ បាន​ឱ្យ​ដឹង​ដែរ​​ថា​ ជ​ន​សង្ស័យ​ឈ្មោះ កែ ​ចាន់​មាន​ ​ភេទ​ប្រុស​ អាយុ​ ២៤ ​ឆ្នាំ ​ជន​ជាតិ​ខ្មែរ​ ​ជា​អ្នក​បើក​បរ​រថ​យន្ត​ដឹក​ជន​ដៃ​ដល់​ ហើយ​​បាន​ប្រគល់​សំណុំ​រឿ​ង​នេះ​ឱ្យ​មន្ត្រី​ជំនាញ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​ ​ជា​អ្នក​ចាត់​ចែង​នីតិ​វិធី​ច្បាប់​។​

លោក​បញ្ជាក់​ថា​៖ «​យើង​ចាប់​បាន​អ្នក​បើក​រថ​យន្ត​ឱ្យ​ជន​ល្មើស​ ​ប៉ុន្ដែ​ជន​ដៃ​ដល់​ ​គឺ​យើង​កំពុង​បន្ត​នីតិ​វិធី​ទៀត​»​។​ ​

តា​ម​សារ​ព័ត៌​មាន​ក្នុង​ស្រុក​មួយ​បាន​ដក​ស្រង់​សម្ដី​លោក ​ង៉េ​ង ​ជួ ​នៅ​ថ្ងៃ​ទី​ ៤ ខែ​មករា​នេះ​ដែរ​ថា​ ជន​សង្ស័យ​បាន​សា​រ​ភា​ព​ប្រាប់​សមត្ថ​កិច្ច​ថា ​កាល​ពី​យប់​ថ្ងៃ​ ២៩​ ​ខែ​ ធ្នូ​ ឆ្នាំ​ ២០២០​ ខ្លួន​បាន​ចេញ​ពី​ផឹក​ស៊ី​ ហើយ​បើក​រ​ថ​យន្ត​ជូន​ឈ្មោះ​ រ៉េ​ន​ (ជ​ន​ដៃ​ដល់)​ ទៅ​ផ្ទះ​នៅ​ម្តុំ​កំបូល​ទាំង​ស្រវឹង​ ​ពេល​មក​ដល់​កន្លែង​កើត​ហេតុ​ ខ្លួន​បាន​បើក​រថយន្ត​បុក​គូថ​រថយន្ត​ជនរង​គ្រោះ​ពី​ក្រោ​យ​។ ​បន្ទាប់​មក​ជន​រ​ង​គ្រោះ​បាន​បើក​រថ​យន្ត​កាក់​រថ​យន្ត​ខ្លួន​ ​ហើយ​បាន​យក​អាវុធ​ខ្លី​ភ្ជង់​ខ្លួន ​ដើម្បី​ឱ្យ​អែប​ខាង​ ព្រ​ម​ទាំង​ប្រើ​ពា​ក្យ​សម្តី​ជេរ​ប្រមាថ​មក​លើ​ខ្លួន​ទៀត​ផង​ ​ទើប​ឈ្មោះ ​រ៉េ​ន​ ​មាន​កំហឹង​ ហើយ​ប្រាប់​ខ្លួន​ឱ្យនៅ​ស្ងៀម​ចាំ​ធ្វើ​តែ​តាម​ឈ្មោះ​ រ៉េ​ន ប្រាប់​​បាន​ហើយ​។​ ​

លោក​ ​ង៉េ​ង​ ​ជួ ​បន្ត​ថា​ ពេល​កំពុង​ចរចារ​គ្នា​រឿង​គ្រោះ​ថ្នាក់​ចរាច​ណ៍​ខាង​លើ​ ដោយ​ឃើញ​ជន​រង​គ្រោះ​ធ្វេស​ប្រ​ហេស​ ឈ្មោះ រ៉េ​ន​ ​ក៏​បាន​ដក​អាវុធ​ខ្លី​ដែល​សៀត​នៅ​នឹង​ចង្កេះ​បាញ់​ទៅ​លើ​ជន​រងគ្រោះ ​រួច​ប្រាប់​ឱ្យ​ខ្លួន​បើក​រថយន្ត​គេច​ពី​កន្លែង​កើត​ហេតុ​តែ​ម្តង​។​

តាម​របាយ​ការណ៍​រប​ស់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បាត់​ដំបង​បាន​ឱ្យដឹង​ថា​ សមត្ថ​កិច្ច​នគរ​បាល​ខេត្ត​បាត់​ដំបង​សហ​ការ​ណ៍​ជា​មួយ​សមត្ថ​កិច្ច​នគរ​បាល​នាយក​ដ្ឋាន​នគរ​បាល​ព្រហ្ម​ទណ្ឌ ​និង​សមត្ថ​កិច្ច​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ ឃាត់​ខ្លួន​បុរស​ជា​អ្នក​បើក​រថ​យន្ត​ដឹក​ខ្មាន់​កាំ​ភ្លើង​ក្នុង​ករណី​បាញ់​ស​ម្លាប់​មន្ត្រី​នគរបាល​រូប​នោះ។ ​

ជន​សង្ស័យ​មាន​ទីលំ​នៅ​ភូមិ​អន្លង់​វិ​ល​ ឃុំ​អ​ន្សា ស្រុក​កណ្តៀង​ ​ខេត្ត​ពោធិ៍​សាត់​ ​ដែល​ជា​អ្នក​បើក​រថយន្ត​ ​Luxus ​Rx300 ​ពណ៌​ខ្មៅ ​ជនសង្ស័យ​រូបនេះ​បាន​រត់​គេ​ច​មក​សម្ងំ​លាក់​ខ្លួន​នៅ​ចំណុច​សង្កាត់​ទួល​តា​ឯក​ ​ក្រុង​បាត់​ដំបង​ ​ខេត្ត​បាត់​ដំបង។ ​ក្រោយ​ធ្វើការ​ឃាត់​ខ្លួន​សមត្ថ​កិច្ច​នគរ​បាល​ខេត្ត​បា​ត់​ដំបង​ ​បាន​ធ្វើ​ការ​ប្រគល់​ជន​សង្ស័យ​ទៅ​​សម​ត្ថ​កិច្ច​នគរ​បាល​នាយក​ដ្ឋាន​នគរ​បាល​ព្រហ្ម​ទណ្ឌ ​និង​សមត្ថ​កិច្ច​រាជ​ធានី​ភ្នំ​ពេញ​៕​