បាត់ដំបង៖ មន្ត្រីនគរបាលខេត្តបាត់ដំបង បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ជនសង្ស័យក្នុងអំពើឃាតកម្មរំលោភសម្លាប់ស្ត្រីវ័យ ៣៧ ឆ្នាំម្នាក់កាលពីថ្ងៃទី ៣០ ខែធ្នូ នោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ ដោយឃាតករ គឺជាប្អូនថ្លៃប្រុសរបស់ស្ត្រីរងគ្រោះ។
លោក ជេត វណ្ណនី ស្នងការរងខេត្តបាត់ដំបងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបាននិយាយថា កាលពីព្រឹកថ្ងៃទី ៣០ ធ្នូ មានអ្នកភូមិជាច្រើនប្រទះឃើញសពស្ត្រីម្នាក់ឈ្មោះ ហង្ស ហ៊ន អាយុ ៣៧ ឆ្នាំ នៅចំណុចវាលស្រែក្នុងភូមិចំការសំរោង ២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ក្នុងសភាពអាក្រាតកាយ។ ដោយសង្ស័យជាករណីឃាតកម្ម កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបើកការស៊ើបអង្កេតភ្លាមៗ ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យជាឃាតករ។
លោក វណ្ណនី បានបន្តថា ដោយមានកិច្ចសហការចូលរួមពីកម្លាំងនគរបាលជំនាញក្រុងបាត់ដំបង និងស្រុកសង្កែ និងមានការសម្របសម្រួលនីតិវិធីផ្នែកច្បាប់ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងនៅល្ងាចថ្ងៃទី ៣១ ខែធ្នូ មន្ត្រីនគរបាលជំនាញបានកំណត់អត្តសញ្ញាណជនសង្ស័យម្នាក់ ឈ្មោះ ស៊ន ដាមូ អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិ-ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។
លោកបានបញ្ជាក់ថា៖ «ជនសង្ស័យជាប្អូនថ្លៃប្រុសរបស់ស្ត្រីរងគ្រោះ។ តាមចម្លើយសារភាពរបស់ជនសង្ស័យនៅមុនកើតហេតុ ពួកគេទាំង ២ [ជនសង្ស័យ និងជនរងគ្រោះ] បានទាក់ទងស្នេហាលួចលាក់នឹងគ្នា។ ដោយភ័យខ្លាចប្រពន្ធដឹងរឿងអាស្រូវនេះ និងដោយមានគំនិតចង់បានទ្រព្យសម្បត្តិពីស្ត្រីរងគ្រោះ ដែលជាបងថ្លៃស្រីរបស់ខ្លួនផងនោះ ជនសង្ស័យក៏រៀបចំគម្រោងសម្លាប់ស្ត្រីរងគ្រោះចោល»។
លោកបានបន្ថែមថា៖ «នៅថ្ងៃកើតហេតុ [ព្រលប់ថ្ងៃអាទិត្យ] ជនសង្ស័យបានល្បួងស្ត្រីរងគ្រោះជាបងថ្លៃទៅផ្សារភូពុយ ដើម្បីទិញបង្អែមហូប។ ប៉ុន្តែពេលឌុបស្ត្រីរងគ្រោះដល់ផ្សារភូពុយ ជនសង្ស័យបានបើកបង្ហួសទៅកាន់វាលស្រែមួយ ដែលនៅពីក្រោយផ្សារនោះ ហើយចាប់ផ្ដើមធ្វើសកម្មភាពឱបថើប និងចាប់បង្ខំរំលោភលើរាងកាយស្ត្រីរងគ្រោះរហូតបានសម្រេច បន្ទាប់មកក៏បានសម្លាប់ស្ត្រីរងគ្រោះ ដោយប្រើខ្សែអង្រឹងចងរឹតបំពង់ករបស់នាង»។
មន្ត្រីរូបនោះនិយាយទៀតថា ចម្លើយសារភាពរបស់ជនសង្ស័យមានភាពស៊ីចង្វាក់ទៅនឹងស្ថានភាពជាក់ស្ដែងនៃសពជនរងគ្រោះរួមទាំងវត្ថុតាង ដែលសមត្ថកិច្ចជំនាញបានពិនិត្យ និងរកឃើញនៅនឹងកន្លែងកើតហេតុកាលពីព្រឹកថ្ងៃចន្ទ គឺសពជនរងគ្រោះមានសភាពអាក្រាតកាយ។ នៅក្បែរសពជនរងគ្រោះ មានខោស្លីបពណ៌ត្រួយចេក ១ ដាក់នៅលើស្បែកជើងកែងចោត ១ គូ និងមានខ្សែអង្រឹង ១ ខ្សែផងដែរ ដែលបង្ហាញថា ជនរងគ្រោះត្រូវបានគេចាប់បង្ខំលើរាងកាយដើម្បីរំលោភសេពសន្ទវៈរួចសម្លាប់។
លោក ជេត វណ្ណី បានបន្តថា យោងតាមចម្លើយសារភាពនេះ ជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញសម្រេចកសាងសំណុំរឿងចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» និងគ្រោងបញ្ជូនជនសង្ស័យទៅកាន់តុលាការខេត្តបាត់ដំបងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីមានចំណាត់ការបន្តតាមនីតិវិធីច្បាប់៕