បាត់ដំបងៈ បុរស​ជា​ជនសង្ស័យ​ ៦ ​នាក់​ត្រូវ​កងរាជ​អាវុធហត្ថ​ខេត្ត​បាត់ដំបង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​ ១២ ធ្នូ​នេះ បន្ទាប់ពី​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​ ១០ ធ្នូ នៅ​ភូមិ​អូររំចេក​ក្រោម​ឃុំ​អូរសំរិល ស្រុក​សំឡូត តាម​ពាក្យបណ្តឹង​របស់​ម្ចាស់​ដី​ម្នាក់​ពាក់ព័ន្ធ​នឹង​ការ​លួច​កាប់​ឈើ​ធ្នង់​​ ១ ​ដើម និង​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់ ។

លោក ឡាច វ៉ាន់ ប្រធាន​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជ​អាវុធ​ខេត្ត​​ប្រាប់​ពី​ម្សិលមិញ​ថា​ជនសង្ស័យ​ខាងលើ​រួមមាន ១- ​ឈ្មោះ​ យី ម៉ង់ អាយុ​ ២៣ ​ឆ្នាំ រស់នៅ​ភូមិ​អូរ​សំរិល​លើ ឃុំ​អូរសំរិល ស្រុក​សំឡូត​,២- ​ឈ្មោះ ប៉ែត សំអ៊ុន អាយុ​ ៣២ ​ឆ្នាំ រស់នៅ​ភូមិ​សាំងតាគង់ ឃុំ​និទាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​,៣- ​ឈ្មោះ ឆៃ ណាក់​អាយុ​ ២៥ ឆ្នាំ រស់នៅ​ភូមិ​កន្ទួត​ ឃុំ​សំឡូត ស្រុក​សំឡូត​ ៤- ​ឈ្មោះ នាក់ មឿន អាយុ ៣៧ ​ឆ្នាំ រស់នៅ​ភូមិ​បឹងរុន ឃុំ​សំឡូត ស្រុក​សំឡូត​,៥- ​ឈ្មោះ សៀង សុខា អាយុ​ ២៤ ឆ្នាំ រស់នៅ​ដូចគ្នា​, ៦- ​ឈ្មោះ គឿត សាវី អាយុ​ ១៨ ​ឆ្នាំ ។ ពួកគេ​ទាំង​នោះ​សុទ្ធ​តែ​មិន​មាន​មុខរបរ​ពិតប្រាកដ ។

លោក​ប្រាប់​ថា​ជន​ទាំង​ ៦ ​នាក់​នេះ​សមត្ថកិច្ច​របស់​លោក​បាន​សាកសួរ និង​បាន​ធ្វើ​កំណត់ហេតុ​ចប់​សព្វគ្រប់​ហើយ ហើយ​ត្រូវ​បញ្ជូន​ពួកគេ​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​បន្ត​ទៀត​នៅ​ថ្ងៃ​ ១២ ​ធ្នូ​នេះ​ដើម្បី​ចាត់ការ​តាម​ច្បាប់​។

លោក​បាន​បញ្ជាក់​ថា៖ «​នៅក្នុង​កំណត់ហេតុ​របស់​ខ្ញុំ​ជា​ការ​ចោទប្រកាន់​បឋម​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស និង​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់ ព្រោះ​ជនសង្ស័យ​ទាំង​ ៦ ​នាក់​នេះ​បាន​លួច​ចូល​ទៅ​កាប់​ដើម​ធ្នង់​របស់​អ្នកចម្ការ​ម្នាក់​ហើយ​បាញ់​គំរាម​គាត់​ផង»។

លោក វ៉ាន់ បាន​រំឭក​ប្រាប់​ថា​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​ ១០ ធ្នូ ក្រុម​ជនសង្ស័យ​បាន​លួច​ចូល​ទៅ​ចម្ការ​អ្នកភូមិ​ម្នាក់ ។ ពេល​នោះ​ម្ចាស់​ចម្ការ​បានឮ​ស្នូរ​សំឡេង​ម៉ាស៊ីន​អារឈើ ហើយ​គាត់​ក៏​ដើរ​ទៅ​មើល ប៉ុន្តែ​ត្រូវ​ក្រុម​ជនសង្ស័យ​បាញ់​គំរាម​ ១ ​គ្រាប់ ។

លោក​បន្ត​ថា​ក្រោយ​មក​ម្ចាស់​ចម្ការ​បាន​រត់​ទៅប្តឹង​កងរាជ​អាវុធហត្ថ​ស្រុក​សំឡូត​ទើប​ឈាន​ដល់​ចាប់​ខ្លួន​ពួកគេ​បាន​ទាំង​ ៦ ​នាក់​តែ​ម្តង​។ ​ចំពោះ​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​មាន​រណារយន្ត ១ ​គ្រឿង​ រថយន្ត​កែច្នៃ​ ១ ​គ្រឿង ​រួម​អាវុធ​អាកា​ស្វាយបត់​ ១ ​ដើម មាន​ ៥ ​គ្រាប់​បាញ់​អស់​ ១ ​គ្រាប់ នៅ​សល់​​ ៤ ​គ្រាប់ ។

លោក​បាន​បន្ថែម​ថា​កន្លង​មក​ក្រុម​ជនសង្ស័យ​ខាង​លើ​តែងតែ​ដើរ​លួច​ដើមឈើ​មាន​តម្លៃ​ដើម្បី​លក់ ប៉ុន្តែ​ពេល​នេះ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​តែ​ម្តង​៕