កណ្តាលៈ ក្រោយពី​រត់គេច​ និង​សំងំ​លាក់ខ្លួន​អស់​រយៈពេល​ ៥ ​ថ្ងៃ បុរស​សង្ស័យ​ក្នុង​អំពើ​ឃាតកម្ម​សម្លាប់​ស្ត្រី​ជា​ភរិយា​នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល កាលពី​សប្ដាហ៍​មុន​ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់ខ្លួន​បាន​កាលពី​យប់​ថ្ងៃ​ចន្ទ នៅ​តំបន់​ព្រៃ​លិចទឹក​បឹង​ទន្លេសាប ខេត្ត​កំពង់ឆ្នាំង​។

លោក​ អ៊ាវ ចំរើន ​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃ​អង្គារ​ថា ជនសង្ស័យ​ឈ្មោះ​ ឃុត សុផល អាយុ​ ៤៦ ​ឆ្នាំ​ ជា​បុគ្គលិក​សន្តិសុខ​នៅ​រោងចក្រ​មួយ​ក្នុង​ខេត្ត​កណ្ដាល​រស់នៅ​ភូមិ​ត្រពាំងពុទ្រា ឃុំ​ទំនប់ធំ ស្រុក ពញាឮ ខេត្ត​កណ្តាល​។ កាលពី​វេលា​ម៉ោង​ ២ ​រំលង​អធ្រាត្រ​ចូល​ថ្ងៃទី​ ២១ ខែ​វិច្ឆិកា ជននេះ​បាន​ប្រើ​អំពើហិង្សា​លើ​ស្ត្រី​ជា​ភរិយា​ឈ្មោះ​ យ៉ាត ស្រីពៅ អាយុ​ ៤៥ ​ឆ្នាំ​ ឱ្យ​រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់​នៅ​លើ​វាលស្រែ​ក្បែរ​មាត់ទឹក​។

លោក​ថ្លែងថា​៖ «​ក្រោយពី​វាយ​សម្លាប់​ស្ត្រី​ជា​ប្រពន្ធ ជនសង្ស័យ​បាន​រត់គេចខ្លួន​ទៅ​ពួន​សំងំ​នៅក្នុង​តំបន់​ព្រៃ​លិចទឹក​នៃ​ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង​ជា​ទី​ដែល​កម្លាំង​សមត្ថកិច្ច​យើង​បាន​រកឃើញ​ និង​ចាប់ខ្លួន​បាន​កាលពី​យប់​ថ្ងៃ​ចន្ទ​។ នៅពេល​នេះ​ជនសង្ស័យ​កំពុង​ស្ថិតក្រោម​ការសាកសួរ​ចម្លើយ​ដោយ​មន្ត្រី​នគរបាល​ជំនាញ​យើង​»​។

បើ​តាម​លោក​ ចំរើន ជនសង្ស័យ នឹង​ត្រូវ​ប្រឈម​ចំពោះ​ការចោទប្រកាន់​ពី​បទ «​មនុស្សឃាត​គិត​ទុកជាមុន​» ​ហើយ​ក្រុមមន្ត្រី​នគរបាល​នឹង​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​កាន់​តុលាការ​ខេត្ត​កណ្ដាល​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដើម្បី​មាន​ចំណាត់ការ​តាម​នីតិវិធី​។

តាម​របាយការណ៍​ស៊ើបសួរ​របស់​សមត្ថកិច្ច​នគរបាល​ស្រុក​ពញាឮ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​នៅ​ថ្ងៃ​អង្គារ ជនសង្ស័យ​បាន​ប្រើ​អំពើ​ហិង្សា​ទៅលើ​ប្រពន្ធ​ម្ដង​រួច​មកហើយ ក្រោយពី​មាន​ជម្លោះ​ពាក្យសម្ដី​ក្នុង​វង់​ផឹកស៊ី​ជាមួយ​អ្នកភូមិ​កាលពី​ល្ងាច​ថ្ងៃទី​ ២០ ខែ​វិច្ឆិកា​។ បន្ទាប់មក​ជនសង្ស័យ​បាន​នាំ​ស្ត្រី​ជា​ប្រពន្ធ​ទៅ​ស្រែ ដើម្បី​រក​ចាប់​ក្ដាម និង​ត្រី​ដោយ​បាន​ទិញ​ស្រាថ្នាំ​ ១ ​លីត្រ​ទៅ​ជា​មួយ​ផង​។

របាយការណ៍​បាន​បន្តថា ក្នុង​ដំណើរ​ទៅ​ស្រែ​នា​ល្ងាច​ថ្ងៃនោះ បុរស​ម្នាក់​ឈ្មោះ​ ឌុច ពេជ្រ អាយុ ៥៦ ​ឆ្នាំ ​ដែល​ជា​អ្នក​ជិតខាង​ប្ដី​ប្រពន្ធ​ទាំង​ ២ ​នេះ​បាន​ឃើញ​ជនសង្ស័យ​ជា​ប្ដី​វាយ​បោចសក់​ និង​ជេរប្រទេច​ស្ត្រី​ជា​ប្រពន្ធ​។ ឃើញ​ដូច្នោះ​បុរស​នោះ​បាន​ព្យាយាម​ចូល​ឃាត់​ជនសង្ស័យ កុំ​ឱ្យ​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ ប៉ុន្តែ​ជនសង្ស័យ​ស្រែក​គំហក​មក​បុរស​នោះ​ថា «​បង​ឯង​កុំ​មក​ចេះដឹង រឿង​ប្ដី​ប្រពន្ធ​ខ្ញុំ​ទេ​»​។ ឮ​ដូច្នោះ​បុរស​ឈ្មោះ​ ឌុច ពេជ្រ ក៏​បាន​ដើរចេញ​៕