កំពង់ចាមៈ បុរស​ជា​ជនសង្ស័យ​ម្នាក់​ដែល​គេចខ្លួន​ពី​ខេត្ត​កំពង់ចាម​ទៅ​ខេត្តកំពត ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន និង​ប្រគល់​ឲ្យ​សមត្ថកិច្ច​ខេត្តកំពង់ចាម​វិញ​ពាក់ព័ន្ធ​ការសម្លាប់​ស្ត្រី​ម្នាក់​នៅ​ភូមិ​សំព័រ ឃុំ​តាអុង ស្រុក​ចំការលើ​កាលពី​ថ្ងៃ​ ១៥ ខែកុម្ភៈ​ នោះ ​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃទី​ ១៩ កុម្ភៈ​។

លោក​ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ​នគរបាល​ខេត្តកំពត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ​ ជួប វិបុល អាយុ​ ៣៥ ​ឆ្នាំ​ មាន​ស្រុកកំណើត​នៅ​ភូមិ​សំព័រ ឃុំ​តាអុង ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​។ សមត្ថកិច្ច​របស់​លោក​សហការ​ចាប់​ជនសង្ស័យ​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​វិញ​ហើយ​។

លោក​ថា​៖ «​ជនសង្ស័យ​ខ្ញុំ​ចាប់បាន​នៅ​ថ្ងៃទី​ ១៦ ​កុម្ភៈ​ ហើយ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ខេត្ត​កំពង់ចាម​នៅ​ថ្ងៃ​នោះ​ភ្លាមៗ​ព្រោះ​ខាង​សមត្ថកិច្ច​ខេត្ត​មក​ទទួលយក​»​។

ដោយឡែក​លោក​ ចាន់ ហោ អនុប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ប្រាប់​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​បាន​ទទួល​ជនសង្ស័យ​ពី​នគរបាល​ខេត្តកំពត​ហើយ​។ លោក​កំពុង​បន្ត​នីតិវិធី​សាកសួរ​បន្ថែម​មុន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ចាម​។

លោក​ថា​៖ «​ខ្ញុំ​កំពុង​សាកសួរ​គាត់ ហើយ​ល្ងាច​ថ្ងៃស្អែក​ [​ថ្ងៃនេះ​] ​បាន​បញ្ជូន​គាត់​ទៅ​តុលាការ​ខេត្ត​ ដើម្បី​ចាត់ការ​តាមច្បាប់​»​។

លោក​ ចាន់ ហោ ក៏បាន​រំឭកថា​ហេតុការណ៍​សម្លាប់​ស្ត្រី​រងគ្រោះ​ឈ្មោះ​ ហេង នី អាយុ​ ៥៩ ​ឆ្នាំ​នេះ​ បាន​កើតឡើង​នៅ​ចន្លោះ​ពី​ម៉ោង​ ៧ ​កន្លះ​ទៅ​ម៉ោង​ ៩ ​កន្លះ​យប់ ថ្ងៃទី​ ១៥ ខែ​កុម្ភៈ ​នៅក្នុង​បន្ទប់ទឹក​ក្រោមផ្ទះ​របស់​ជនរងគ្រោះ​។ លោក​បញ្ជាក់ថា​ជនសង្ស័យ​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅថ្ងៃនេះ​។

ក្រោយពី​ធ្វើ​សកម្មភាព​សម្លាប់​ជនរងគ្រោះ​មក ជនសង្ស័យ​បាន​គេចខ្លួន​ពី​កន្លែង​កើតហេតុ​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បានចុះ​ដល់​ទីតាំង​ និង​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ​ច្បាស់​ហើយ​នោះ សមត្ថកិច្ច​បានដឹងថា​ជនសង្ស័យ​បាន​រត់​ទៅ​លាក់ខ្លួន​នៅ​ភូមិ​ត្រពាំងសង្កែ ឃុំ​ត្រពាំងសង្កែ ស្រុក​ទឹកឈូ ខេត្ត​កំពត ហើយក៏​សុំ​កិច្ចសហការ​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ដើម្បី​ស្រាវជ្រាវ​រហូត​ចាប់​ជនសង្ស័យ​បានតែ​ម្តង​។

លោក​ឲ្យ​ដឹងថា​ បើ​តាម​សមត្ថកិច្ច​ខេត្តកំពត​ប្រាប់ថា​ពេល​ចាប់ខ្លួន​បាន​ដំបូង​ជនសង្ស័យ​មិន​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ទេ ទោះបី​ជនសង្ស័យ​មាន​ស្លាកស្នាម​ក្រចក មុត​សុះសាច់​ពេញ​ខ្លួន ដែល​សមត្ថកិច្ច​ជំនាញ​ដាក់​ការសង្ស័យ​ថា​ពិតជា​ស្នាម​ក្រចក​របស់​ជនរងគ្រោះ​ក៏ដោយ​។ ស្ត្រីរងគ្រោះ​ដែល​ត្រូវ​បាន​ជនសង្ស័យ​សម្លាប់​នោះបាន​បាត់​ខ្សែ​កមាស​ ១ ​ខ្សែ​ទម្ងន់​ ១ ​តម្លឹង និង​ខ្សែដៃ​មាស​ ១ ​ខ្សែ​ទម្ងន់​ ១ ​តម្លឹង​ ២ ​ជី ផង​។

លោក​ ឡុក ជាង នាយនគរបាល​ប៉ុស្តិ៍​តាអុង​ប្រាប់​ពី​ម្សិលមិញ​ថា ស្ត្រី​រងគ្រោះ​ជា​ស្ត្រី​មេម៉ាយ​មាន​កូន​ ៦ ​នាក់ ​ក្នុងនោះ​មាន​ស្រី​ ២ ​នាក់​ និង​កូនប្រុស​បង​មាន​អាយុ​ ៤០ ​ឆ្នាំ​ហើយ​។ ជនសង្ស័យ​ក៏មាន​ផ្ទះ​នៅ​ជិត​ស្ត្រី​រងគ្រោះ​ដែរ​។ មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ​បាន​ចុះពី​លើ​ផ្ទះ​ទៅ​បន្ទប់ទឹក​ខាងក្រោម​ផ្ទះ ពេលនោះ​ជនសង្ស័យ​ចាប់​ស្ត្រី​រងគ្រោះ​រុញ​ផ្ទប់​ទៅ​នឹង​ជញ្ជាំង​ថ្ម​ហើយ​យក​ខ្សែ​កាបូប​រឹតក​រហូត​ដាច់ដង្ហើម​ស្លាប់ និង​ដោះ​យក​ទ្រព្យសម្បត្តិ​គេចខ្លួន​បាត់​៕