ព្រះសីហនុៈ ជនសង្ស័យ​ម្នាក់​ដែល​ជាប់​សង្ស័យ​ករណី​សម្លាប់​អ្នកនេសាទ​ ២ ​នាក់​ទម្លាក់​ក្នុង​ទឹកសមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​ត្រូវ​សមត្ថកិច្ច​ខេត្ត​នេះ​បញ្ជូនទៅ​ សាលាដំបូង​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី​ ៩ ​មីនា​នេះ បន្ទាប់ពី​សមត្ថកិច្ច​ខេត្តព្រៃវែង​សហការ​ចាប់ខ្លួន​បាន​ទៅ​ស្រុក​ស៊ីធរកណ្តាល​កាលពី​ថ្ងៃទី​ ៧ មីនា ហើយ​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​។

លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ ធី វណ្ណៈ ហៅ ធីស៊ីវ អាយុ​ ២៥ ​ឆ្នាំ​ត្រូវបញ្ជូន​បន្តទៅ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី​ ៩ មីនា​នេះ បន្ទាប់ពី​បញ្ចប់​ការសាកសួរ​ក្រោយពេល​សមត្ថកិច្ច​ខេត្តព្រៃវែង​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​របស់លោក​។

លោក​ថ្លែងថា​៖ «​ជនសង្ស័យ​រូបនេះ​យើង​បានបញ្ចប់​នីតិវិធី​សាកសួរ​ហើយ ហើយ​ត្រូវបញ្ជូន​បន្តទៅ​តុលាការ​»​។

លោកស្នងការ​បាន​ប្រាប់​តាម​សម្តី​សារភាពរ​បស់ជនសង្ស័យ​ថា នៅ​មុនពេល​កើតហេតុ​ពួកគេ​មាន​គ្នា​ ៣ ​នាក់​ដែលមាន​អ្នកបើកបរ​ទូក​ម្នាក់ និង​កម្មករ​ទូក​ ២ ​នាក់​បាន​នេសាទ​ត្រី​ក្នុង​ទឹកសមុទ្រ និង​មាន​ការផឹកស៊ី​ហើយ​មាន​ទាំង​ជក់​គ្រឿងញៀន​នៅលើ​ទូក​នេសាទ​នោះ​ផង​។ ក្នុងពេល​កំពុង​ផឹកស៊ី​នោះ​ពួកគេ​បាន​ទំនាស់​ពាក្យសម្តី​ជាមួយគ្នា​ហើយ​ជនសង្ស័យ​បាន​យក​ញញួរ​វាយ​អ្នកបើកបរ​ទូក​នោះ​ត្រូវ​ចំនួន​ ២ ​ញញួរ​ផុង​លលាដ៍ក្បាល ហើយ​រុញ​ទម្លាក់​ក្នុង​ទឹកសមុទ្រ​។ រីឯ​ម្នាក់ទៀត​ត្រូវ​ជនសង្ស័យ​យក​កាំបិត​ចាក់​សម្លាប់ ហើយ​ទម្លាក់​ក្នុង​ទឹកសមុទ្រ​ដូចគ្នា​។ ចំណែក​ជនសង្ស័យ​បាន​បើកទូក​មក​ឡើងគោក​ហើយ​រត់គេច​ទៅ​លាក់ខ្លួន​នៅ​ស្រុកកំណើត​ក្នុង​ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង​។

លោក ជួន ណារិន្ទ បាន​បន្តថា ក្រោយពី​ប្រទះឃើញ​សព​ជនរងគ្រោះ​ម្នាក់​អណ្តែត ទឹកសមុទ្រ​នៅ​ម្តុំ​កោះរ៉ុង​កាលពី​ថ្ងៃទី​ ៣ មីនា សមត្ថកិច្ច​ជំនាញ​បានធ្វើ​កោសល្យ​វិច័យ​សាកសព និង​ស្រាវជ្រាវ​តាម​ជំនាញ​ក៏បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ​ហើយ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​នៅ​ខេត្តព្រៃវែង​ដើម្បី​សុំ​កិច្ចសហការ​រហូត​ចាប់ខ្លួន​ជនសង្ស័យ​បាន​។

លោក អ៊ុក ផាត ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ឲ្យ​ដឹង​កាលពី​រសៀល​ម្សិលមិញ​ថា ការចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​គឺ​សមត្ថកិច្ច​លោក​បាន​ទទួល​ការសុំ​កិច្ចសហការ​ពី​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​។ ករណី​នេះ​កម្លាំង​ជំនាញ​របស់​លោក​បាន​ប្រើពេល​ស្រាវជ្រាវ​អស់​ ៣ ​ទៅ​ ៤ ​ថ្ងៃ​ទើប​ប្រទះឃើញ​ជនសង្ស័យ​ដូច​ភិនភាគ​ដែល​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ចង្អុល​ប្រាប់​ហើយ​ចាប់ខ្លួន​បាន​កាលពី​ថ្ងៃ​ ៧ មីនា​តែម្តង​។

លោក​បន្តថា ភ្លាមៗ​បន្ទាប់ពី​ចាប់ខ្លួន​ជនសង្ស័យ​បាន​សមត្ថកិច្ច​លោក​ក៏បាន​រាយការណ៍​ទៅ​នគរបាល​ខេត្ត​ព្រះសីហនុ​ហើយ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ក៏​​បានធ្វើ​ដំណើរ​មក​ទទួល​យក​ជនសង្ស័យ​នៅ​ថ្ងៃ​ដដែល​នោះ​ដោយ​ដឹក​យកទៅ​ខេត្ត​ព្រះសីហនុ​វិញ​ទាំងយប់​៕