កំពង់​ស្ពឺៈ នគរបាល​ប្រឆាំង​ការជួញ​ដូរ​មនុស្ស​ខេត្តកំពង់ស្ពឺ ​បាន​​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្តនៅ​ថ្ងៃទី ២០ ​ឧសភា​​​នេះ បន្ទាប់ពី​ចាប់ខ្លួនបាន ១ ថ្ងៃ​ ពាក់ព័ន្ធ​ករណី​ចាប់​ប្អូនថ្លៃ​ស្រី​អាយុ ១៣ ឆ្នាំ ​រំលោភ​សេពសន្ថវៈ​នៅ​ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង។

លោកស្រី ងិន សុគន្ធា ស្នង​ការរង​ទទួល​ផែន​ការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្តកំពង់ស្ពឺ​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២០ ឧសភា​ថា​ ជនសង្ស័យ​ឈ្មោះ សេង សុខ​ណា​ង អាយុ​២៥ ឆ្នាំ​ រីឯ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ភ.ម អាយុ​ ១៣ ​ឆ្នាំ​ ជា​ប្អូនថ្លៃ​របស់​ជន​សង្ស័យ។

ចំពោះ​ជនសង្ស័យ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ផ្នែក​ខាង​ជួញដូរ​មនុស្ស ​បញ្ជូនទៅ​តុលា​ការខេត្ត​កំពង់ស្ពឺ​នៅ​ព្រឹក​ថ្ងៃ​ទី ២​០​ ឧសភា។

លោកស្រី​ឱ្យដឹងថា៖ «រឿងនេះ​យើង​បានធ្វើ​ការងារ​យ៉ាង​យកចិត្តទុកដាក់​ ហើយ​យើង​បាន​ប្រមូល​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​ពាក់ព័ន្ធ​អង្គហេតុ​នេះ។ ផ្អែក​តាម​ចម្លើយ​របស់​ក្មេងរងគ្រោះ និង​ចម្លើយ​ជនសង្ស័យ​បង្ហាញថា ​ករណី​នេះ​ពិតជា​កើតលើ​ក្មេង​រ​ងគ្រោះ​ប្រាកដ​មែន»។

បើ​តាម​លោកស្រី​ សុគន្ធា នៅ​ដំណាក់កាល​សាកសួរនៅ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​ ជនសង្ស័យ​បាន​សារភាពថា​ មុនដំបូង​ជនសង្ស័យ​ មិនទាន់​ហ៊ាន​ចាប់​ប្អូនថ្លៃ​របស់ខ្លួន​រំលោភ​ទេ​ ដោយ​គ្រាន់តែ​ស្ទាបអង្អែល​រៀងរាល់​យប់​ នៅពេល​ក្មេងរង​គ្រោះ​ដេកលក់។

ប៉ុន្តែ​ក្រោយៗ​មកទៀត នៅពេលថ្ងៃ​ពេល​ប្រពន្ធ​របស់គាត់​ទៅធ្វើ​ការ​​នៅ​រោងចក្រ​កាត់ដេរ​ និងសមាជិក​ក្នុង​គ្រួសារ​មិន​នៅផ្ទះ គឺគាត់​ចាប់​ប្អូន​ថ្លៃស្រី​រំលោភ​។

លោកស្រី​​បញ្ជាក់​ថា៖ «ក្នុងពេល​សួរចម្លើយ​នោះ​ ជនសង្ស័យ​ឆ្លើយ​មិន​ចាំ​ចំនួន​ដែល​គាត់​រំលោភ​ប្អូនស្រី​ថ្លៃ​គាត់​ទេ​តែ​គាត់​ប្រាប់ថា​ បាន​សម្រេច​ច្រើនលើក​ក្នុង​ឆ្នាំ ២០២១ នេះ»។

បើតាម​លោក ពិន សាវឿន នាយ​នគរបាល​ប៉ុស្តិ៍​ខ្ទុំ​ក្រាំង​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី ​១៩ ឧសភា​ថា​ ករណី​នេះ​ គឺ​ម្តាយ​ក្មេងស្រី​ជា​អ្នកប្តឹង​មក​សមត្ថកិច្ច ដោយសារ​ថា​ ម្តាយ​ក្មេងរងគ្រោះ​ បាន​ទៅ​ទាន់​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​រំលោភ​កូនស្រី​របស់​គាត់។

លោក​បន្ត​តាម​សម្តី​ម្តាយ​របស់​ក្មេងរងគ្រោះ​ថា​ មុន​កើតហេតុ​គាត់ម្តាយ​ក្មេងរងគ្រោះ បាន​ចេញទៅ​ប្រកប​ការងារ​នៅក្រៅ​ផ្ទះ​ ចំណែកឯ​កូនស្រី​របស់គាត់ (ប្រពន្ធ​ជនល្មើស) បានចេញ​ទៅធ្វើ​ការ​នៅ​រោងចក្រ​កាត់ដេរ​រហូត​ដល់​ពេល​ល្ងាច​ទើបបាន​ត្រឡប់មកផ្ទះ​វិញ។

ដូច្នេះ​ចន្លោះ​ពេលដែល​អ្នកផ្ទះ​មិន​នៅ​នេះហើយ​ ទើប​ធ្វើ​ឲ្យ​ជនសង្ស័យ មានឱកាស​​ធ្វើ​សកម្មភាព​ចាប់​កូនស្រី​របស់គាត់​រំលោភ​សេពសន្ថវៈ​បាន។ ប៉ុន្តែ​ចៃដន្យ​គាត់​មក​ផ្ទះ​ទាន់ និង​ឃើញ​ជាក់​ស្តែង​ ទើប​រត់​មកប្តឹង​សមត្ថ​កិច្ច​តែម្តង ៕