កំពង់ស្ពឺៈ ​ជន​ម្នាក់​ដែល​សង្ស័យ​បែក​ថ្នាំ​ដែល​យក​កាំបិត​ចិត​ត្នោត​ទៅ​អា​រក​សម្លាប់​ក្មេងប្រុស​ម្នាក់​អាយុ​ ១០ ​ឆ្នាំ​ស្លាប់​កាលពី​យប់​ថ្ងៃទី​ ៨ ខែ​មីនា នៅ​ភូមិ​ត្រពាំងជ្រៃ ឃុំ​ព្រៃវិហារ ស្រុក​គងពិសី​នឹង​ត្រូវ​សមត្ថកិច្ច​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​នៅ​ថ្ងៃទី​ ១១ ខែ​មីនា​នេះ​។

លោក សម សាក់ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការរដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​នឹង​បញ្ជូន​ជនសង្ស័យ​ឈ្មោះ​ ខេម ផាន់ណា អាយុ ២១ ឆ្នាំ​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​នៅ​ថ្ងៃទី​ ១១ មីនា​។ «​ជន​ម្នាក់នេះ​នគរបាល​ស្រុក​គងពិសី​បញ្ជូន​មកដល់​ការិយាល័យ​ខ្ញុំ​ហើយ ហើយ​ខ្ញុំ​កំពុង​សាកសួរ​ជនសង្ស័យ​បន្ថែម ដើម្បី​ធ្វើ​របាយការណ៍​ផ្ញើជូន​តុលាការ​»​។

លោក ឃឹម សុផាន់រ៉ា អធិការនគរបាល​ស្រុក​គងពិសី​បាន​ឲ្យ​ដឹងថា ក្មេងរងគ្រោះ​ឈ្មោះ សាន លីហៀង អាយុ​ ១០ ​ឆ្នាំ​ដែល​ទាំង​ក្មេងរងគ្រោះ​ទាំង​ជនសង្ស័យ​រស់នៅ​ក្នុង​ភូមិ-ឃុំ​កើតហេតុ​ជាមួយគ្នា​។ បើតាម​សាក្សី​ដែលជា​ជីតា និង​យាយ​របស់​ក្មេងរងគ្រោះ​ប្រាប់​ឲ្យ​ដឹងថា ផ្ទះ​របស់​ពួកគាត់​ជា​ផ្ទះ​ទាប​តូច​ប្រក់​ស័ង្កសី​ហើយ​ពួកគាត់ មាន​កូនស្រី​ម្នាក់​ជា​ម្តាយ​ក្មេងរងគ្រោះ និង​រស់នៅ​ជាមួយ​គ្នា​ដែលមាន​មុខរបរ​ជា​កសិករ​។

រវាង​ក្រុមគ្រួសារ​ក្មេងរងគ្រោះ និង​ជនសង្ស័យ​គឺ​ពួកគេ​គ្មាន​គំនុំ​អ្វី​ជាមួយគ្នា​ទេ ហើយ​ចម្ងាយ​ពី​ផ្ទះ​ជនសង្ស័យ​មក​ផ្ទះ​ក្មេងរងគ្រោះ​មាន​ចម្ងាយ​ ១០០ ​ម៉ែត្រ​។ លោក​បន្តថា មុនពេល​កើតហេតុ​ក្រោយពី​ជុំគ្នា​ហូបបាយ​ល្ងាច​រួច ម្តាយ ឪពុក​របស់​ក្មេងរងគ្រោះ​បាន​ចូលសម្រាន្ត​នៅក្នុង​ផ្ទះ​ដោយសារ​តែ​ជីតា​របស់​ក្មេងរងគ្រោះ​មាន​ជំងឺ​ឈឺ​ធ្ងន់​។ ដោយសារ​អាកាសធាតុ​ប៉ុន្មាន​ថ្ងៃនេះ​មាន​សភាព​ស្អុះស្អាប់ ទើប​ពួកគាត់​ (​តា យាយ​) ​នាំគ្នា​សម្រាក​នៅលើ​គ្រែ​មុខផ្ទះ រួមទាំង​ក្មេងរងគ្រោះ​ផង​។ លុះដល់​ម៉ោង​ ១០ ​កន្លះ​យប់​ថ្ងៃទី​ ៨ ​មីនា​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ដើរ​កាន់​កាំបិត​មក​ស្រែក​គំរាម​យាយ​តា​ថា ប្រយ័ត្ន​គេ​ (​ជនសង្ស័យ​) ​សម្លាប់ចោល​ហើយ​ជនសង្ស័យ​ក៏​មិនបាន​ដើរ​ទៅណា​ឆ្ងាយ​ដែរ​។ បន្ទាប់ពី​ជនសង្ស័យ​ស្រែក​គំរាម​មក ស្រាប់តែ​ជនសង្ស័យ​ស្ទុះ​ទៅ​ចាប់​ក្មេងរងគ្រោះ​ដែល​កំពុង​ដេកលក់​អា​រកតែ​ម្តង រីឯ​យាយ​របស់​ក្មេងរងគ្រោះ ដោយ​ឃើញ​សភាព​បែបនេះ​បាន​ព្យាយាម​រត់គេចខ្លួន ព្រោះ​ភ័យខ្លាច​ជនសង្ស័យ​សម្លាប់​។

ចំពោះ​តា​របស់​ក្មេងរងគ្រោះ​វិញ​ដោយសារ​តែ​ឈឺ​ក្រោក​មិន​រួច​ពី​កន្ទេល បាន​ត្រឹមតែ​ស្រែក​ឲ្យ​គេ​ជួយ​នៅពេល​ឃើញ​ជនសង្ស័យ​កំពុង​អា​រក​សម្លាប់​ចៅ​ជាមួយ​ឈាម​ហូរ​ជោក​កន្ទេល​។

នៅពេលនោះ​ឪពុក ម្តាយ​ក្មេងរងគ្រោះ និង​អ្នកភូមិ​នៅក្បែរ​ផ្ទះកើតហេតុ​បាន​ផ្អើលឆោ​ហើយ​បាន​នាំគ្នា​ដឹក​ក្មេងរងគ្រោះ​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​គងពិសី តែ​ដោយ​ស្ថានភាព​របួសធ្ងន់​ពេក​ក្មេងរងគ្រោះ​ក៏​ដាច់ខ្យល់​ស្លាប់​។ ចំពោះ​ជនសង្ស័យ​បាន​ព្យាយាម​រត់គេចខ្លួន​តែ​ត្រូវ​ពលរដ្ឋ​នាំគ្នា​ចាប់​ហើយ​រាយការណ៍​​ទៅ​នគរបាល ប៉ុស្តិ៍​ព្រៃវិហារ​។

លោក​អធិការ​ ឃឹម សុផាន់រ៉ា បញ្ជាក់ថា៖ «​ក្រោយ​ចាប់ខ្លួន​បើតាម​មើល​សភាព​ជនសង្ស័យ​ប្រហែល​ញៀន​ថ្នាំញៀន ហើយ​អាច​បែក​ថ្នាំ​ផង ព្រោះ​សមត្ថកិច្ច​ពិនិត្យ​ទឹកនោម​ឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​»​។

ពាក់ព័ន្ធ​នឹង​ការធ្វើ​កោសល្យវិច័យ​វិញ​ត្រូវ​បាន​លោក ភោក សម្បត្តិ នាយការិយាល័យ​បច្ចេកទេស​វិជ្ជាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា តាម​ការត្រួតពិនិត្យ​លើ​ក្មេងរងគ្រោះ​ពី​សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល្យវិច័យ​រកឃើញ​ថា នៅលើ ក របស់​ក្មេងរងគ្រោះ​មួយ​ចំហៀង​មាន​ស្នាម​អារ​រយះ​រហូត​ដល់​ដាច់​បំពង់ខ្យល់​ទើប​បណ្តាល​ឲ្យ​ស្លាប់​។ ​«​តាមពិត​ទៅ​ក្មេងរងគ្រោះ​ដាច់ខ្យល់​ស្លាប់​តាំងពី​នៅ​កន្លែង​កើតហេតុ​ប៉ុន្តែ​ដោយសារ​ក្រុមគ្រួសារ​មិន​អស់ចិត្ត​ទើប​ដឹក​ក្មេង​ទៅ​ពេទ្យ​ព្រោះ​គិតថា​នឹង​មាន​ជីវិត​»៕