ភ្នំពេញៈ នគរបាលខណ្ឌពោធិ៍សែនជ័យកាលពីម្សិលមិញបានបញ្ជូនបុរសម្នាក់ ដែលសង្ស័យមានជំងឺសរសៃប្រសាទទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបុរសរូបនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២៩ សីហា ពាក់ព័ន្ធអារកសម្លាប់ម្តាយបង្កើតរបស់ខ្លួនប្រព្រឹត្តនៅសង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ។
លោក ជា សុវណ្ណ អធិការរងខណ្ឌពោធិ៍សែនជ័យទទួលបន្ទុកផែនព្រហ្មទណ្ឌ ឲ្យដឹងពីម្សិលមិញថា ជនសង្ស័យឈ្មោះ អ៊ាម សំណាង អាយុ ៣២ ឆ្នាំ រីឯស្ត្រីរងគ្រោះជាម្តាយឈ្មោះ ហាក់សុខា អាយុ ៦៥ ឆ្នាំ ពួកគេស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់-ខណ្ឌខាងលើ។ ជនសង្ស័យត្រូវសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញហើយនៅថ្ងៃទី ៣០ សីហា។
លោកបន្តថា ជនសង្ស័យមានចរិតកាចសាហាវណាស់ ព្រោះបើទុកនៅអធិការដ្ឋាននគរបាលខណ្ឌទៀតខ្លាចក្រែងជនសង្ស័យម្នាក់នេះអាចសម្លាប់ខ្លួនដោយប្រការណាមួយ។ ប៉ុន្តែនគរបាលបានសាកសួរ និងធ្វើរបាយការណ៍ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះរួចហើយ ដើម្បីបញ្ជូនទាំងជនសង្ស័យ និងរបាយការណ៍ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។
លោកថ្លែងថា៖ «បើតាមមើលអត្តចរិតរបស់ជនម្នាក់នេះមានសភាពកាចសាហាវណាស់»។
លោក ជា សុវណ្ណ បន្តថា ទាំងកូនដែលជាជនសង្ស័យ និងម្តាយរងគ្រោះបានរស់នៅក្នុងបន្ទប់ជួលតែមួយជាមួយគ្នាហើយការសម្លាប់នេះ គ្មាននរណាម្នាក់បានដឹងថា កើតឡើងនៅអំឡុងម៉ោងប៉ុន្មានទេ លុះព្រឹកថ្ងៃទី ២៩ សីហា ទើបមានការភ្ញាក់ផ្អើលថា មានអំពើអារកសម្លាប់មនុស្សដែលដឹងពីអ្នករស់នៅបន្ទប់ជួលជាប់គ្នា។ ភ្លាមៗក្រោយទទួលបានសេចក្តីរាយការណ៍ មន្ត្រីជំនាញនៃនាយកដ្ឋានព្រហ្មទណ្ឌបានចុះដល់កន្លែងកើតហេតុ និងបើកការស្រាវជ្រាវបន្ទាន់ ព្រោះក្រោយពីប្រមូលព័ត៌មានបានពីកន្លែងកើតហេតុមក សមត្ថកិច្ចជំនាញបានដាក់ការសង្ស័យថាករណីនេះ ជនសង្ស័យអាចជាមនុស្សស្គាល់គ្នាជាមួយស្ត្រីរងគ្រោះ។
លោកបន្តទៀតថា បន្ទាប់ពីធ្វើការស្រាវជ្រាវមកសមត្ថកិច្ចទទួលបានសេចក្តីរាយការណ៍ថា គេឃើញមានបុរសម្នាក់បានដើរគ្មានសម្លៀកបំពាក់អាក្រាតកាយនៅខាងក្រោយសាកលវិទ្យាល័យ IU នៅក្នុងទឹកដីខណ្ឌសែនសុខ។ ពេលនោះសមត្ថកិច្ចបានទៅដល់កន្លែងគោលដៅ ហើយបានឃើញជនសង្ស័យបម្រុងចងកសម្លាប់ខ្លួនហើយសមត្ថកិច្ចក៏ឃាត់ខ្លួនតែម្តង។
លោកបន្តថា ក្រោយពីសាកសួរ ជនសង្ស័យបានឆ្លើយប្រាប់សមត្ថកិច្ចថា រូបគេបានយកកាំបិតចិតបន្លែអារកម្តាយ ព្រោះបានឃើញម្តាយរបស់គេត្រូវបានខ្មោចចូល។ លោកបន្តថា ចំពោះទិដ្ឋភាពសាកសពស្ត្រីរងគ្រោះវិញ គឺផ្នែកក្បាលត្រូវបានជនសង្ស័យអារកដាច់ចេញពីដងខ្លួនហើយបើតាមសមត្ថកិច្ចឆែកឆេរនៅក្នុងបន្ទប់កើតហេតុនោះ ឃើញមានកាតធ្វើការងារឲ្យក្រុមហ៊ុនចំនួនមួយសន្លឹករបស់ជនសង្ស័យ។ ជាមួយគ្នានេះសមត្ថកិច្ចក៏រកឃើញលិខិតចេញពីមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត ១ ច្បាប់ ពាក់ព័ន្ធនឹងជំងឺសរសៃប្រសាទរបស់ជនសង្ស័យផងដែរ។
លោកបានថ្លែងថា៖ «រឿងនេះបើយើងថា ជនសង្ស័យវិកលចរិតក៏មិនដឹងថា យ៉ាងម៉េចដែរ ព្រោះជនម្នាក់នេះមានលិខិតពេទ្យ។ ប៉ុន្តែបើគាត់វិកលចរិតមែន ហេតុអីបានជាក្រុមហ៊ុនទទួលគាត់ឲ្យធ្វើការ ហើយបានប្រាក់ខែក្នុង ១ ខែ ២០០ ដុល្លារ។ កាតធ្វើការនោះសរសេរពីសុពលភាពផុតកំណត់ឆ្នាំ ២០២១»។
លោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន ជាវេជ្ជបណ្ឌិតជំនាញផ្នែកកោសល្យវិច័យសាកសពនៃក្រសួងសុខាភិបាលដែលបានចូលរួមធ្វើកោសល្យវិច័យសាកសពប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា លោកបានពិនិត្យឃើញថា ស្ត្រីរងគ្រោះមានស្នាមអារកដាច់ពីដងខ្លួនហើយមានស្នាមជាំនៅលើថ្ងាសផង ដែលលោកអាចសន្និដ្ឋានបានថា មុនសម្លាប់ត្រូវជនសង្ស័យវាយឲ្យសន្លប់ទើបអារកជាក្រោយ។
លោកវេជ្ជបណ្ឌិតបន្តថា ចំពោះលោកមិនដឹងថា ជនសង្ស័យមានជំងឺសរសៃប្រសាទ ឬយ៉ាងណាទេតែបើយោងតាមសម្តីសាច់ញាតិរបស់ស្ត្រីរងគ្រោះ បញ្ជាក់ថា ជនសង្ស័យមានសតិមិនគ្រប់។ ប៉ុន្តែតាមអ្នករស់នៅក្បែរបន្ទប់ជួលនោះបាននិយាយថា មុនកើតហេតុ ១ ថ្ងៃ គេបានឃើញជនសង្ស័យដើរស្រាតហើយម្តាយជាស្ត្រីរងគ្រោះបានហៅកូនចូលក្នុងបន្ទប់។ ប៉ុន្តែបើមើលតាមកាមេរ៉ាសុវត្ថិភាពបង្ហាញថា នៅវេលាម៉ោង ៨ និង ៤០ នាទីយប់ថ្ងៃទី ២៨ សីហាពោលគឺក្រោយកើតហេតុនៅក្នុងកាមេរ៉ានោះឃើញជនសង្ស័យផ្លោះចេញពីបង្អួចទាំងស្រាតខោផងទើបសមត្ថកិច្ចដាក់ការសង្ស័យលើជនសង្ស័យជាអ្នកប្រព្រឹត្ត៕