កំពង់ស្ពឺៈ នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ចាប់​មនុស្ស​ ១៥ ​នាក់​នៅក្នុង​ស្រុក​ ២ ​ផ្សេង​គ្នា​នៅ​ខេត្ត​កំពង់ស្ពឺ​កាលពី​ថ្ងៃទី​ ១៥ ខែ​សីហា​​ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន ហើយ​ត្រូវ​បញ្ជូន​ពួកគេ​ទៅ​តុលាការ​ខេត្ត​នៅ​ថ្ងៃទី​ ១៧ ខែ​សីហា​នេះ​។

លោក ម៉ាត់ ធុច ស្នងការរង​នគរបាល​ខេត្ត​កំពង់ស្ពឺ​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ករណី​ជនសង្ស័យ​ ១៥ ​នាក់​នោះ​ត្រូវ​នគរបាល​ចាប់​ខ្លួន​នៅក្នុង​ស្រុក​សំរោងទង និង​ស្រុក​គងពិសី​។

លោក ហុត សុផល អធិការនគរបាល​ស្រុក​សំរោង​ទង​ឲ្យ​ដឹង​ថា ការបង្ក្រាប​ជាក់ស្តែង​ និង​ឃាត់​ខ្លួន​ជនសង្ស័យ​ទាំង​ ១២ ​នាក់​នោះ​គឺ​មាន​ការសម្របសម្រួល​ផ្នែក​ផ្លូវ​ច្បាប់​ផងដែរ​ពី​លោក​ កែវ សុធា ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ ខណៈ​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​។

លោក​ប្រាប់​ថា​៖ «​ក្នុង​ចំណោម​ជនសង្ស័យ​​ ១២ ​នាក់​មាន​ ៣ ​នាក់​ជា​ជន​សកម្ម​ចែកចាយ​គ្រឿងញៀន​ ប៉ុន្តែ​ជន​ ៣ ​នាក់​នោះ​ខ្ញុំ​មិន​បាន​ចាំ​ឈ្មោះ​ទេ ក្រៅពី​នេះ​ជា​អ្នក​រួម​ដំណើរ​ជាមួយ​។ ក្រុម​ពួក​នេះ​បាន​ធ្វើឲ្យ​អ្នកភូមិ​ព្រួយបារម្ភ​ដោយសារ​តែ​ពួកគេ​បង្ក​ការអុកឡុក​ក្នុង​ភូមិ​»​។

លោក​បាន​ថ្លែង​បន្ត​ថា​ក្នុង​ប្រតិបត្តិការ​នៅក្នុង​ស្រុក​សំរោងទង​កម្លាំង​ដកហូត​វត្ថុតាង​គ្រឿងញៀន​បាន​ ៤ ​កញ្ចប់​តូច​ និង​អាវុធ​កែច្នៃ​ចំនួន​​ ២ ​ដើម កាំបិត​ស្រួច​ ៤ ​និង​ដាវ​ ២ ​ដើម​។ ក្នុង​នោះ​ដែរ​ក្រុម​ជនសង្ស័យ​បាន​ប្រើ​ដាវ​កាប់​មក​លើ​សមត្ថកិច្ច​បណ្ដាល​ឲ្យ​រងរបួស​ដៃ​ធ្ងន់​ម្នាក់​ផង​ដែរ​។ រីឯ​នៅ​ស្រុក​គងពិសី​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មាន​ម្សៅ​ក្រាម​ពណ៌​សថ្លា​សង្ស័យ​ថា​ជា​គ្រឿងញៀន​ចំនួន​ ១៨ ​កញ្ចប់ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​មួយ និង​ទូរស័ព្ទដៃ​ចំនួន​ ៤ ​គ្រឿង​ផង​ដែរ​៕