ភ្នំពេញៈ សាលា​ដំបូង​រាជធានី​ បាន​សម្រេច​ចោទប្រកាន់​ ជន​សង្ស័យ ១៧ នាក់ ដែល​​ត្រូវ​បាន​​ឃាត់ខ្លួន​នៅ​ក្នុង​​ក្លិប លុ​ច្ស​សារី​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿ​ង​​ញៀន ខណៈ​ជនសង្ស័យ​ដែល​ជា​ម្ចាស់​ក្លិប មិនទាន់​ត្រូវ​បាន​​អាជ្ញាធរ​បង្ហាញ​អត្ត​សញ្ញាណ​នៅ​​ឡើយ។

កាលពី​យប់​រំលង​អ្រធាត្រឈានចូល​ថ្ងៃទី ៨ ខែ មិថុនា កម្លាំង​នគរបាល​រាជធានី​ភ្នំពេ​ញ បាន​បើក​ប្រតិបត្តិ​ការចុះ​ឆែក​​ឆេរ​ក្លិប​កម្សាន្ត «លុ​ច្ស​សារី» ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ ២១៤ កែង​ផ្លូវ ៦៣ សង្កាត់​បឹងរាំងខណ្ឌ​ដូន​ពេញ ដោយ​បា​ន​រកឃើញ​ថ្នាំញៀន​ប្រមាណ ១៦២,៧ ក្រាម និង​រកឃើញ​អ្នកញៀន​គ្រឿងញៀន មាន​ទាំង​ជន​ជាតិ​ខ្មែរ និង​បរទេស​ជិត ១០០ នាក់ ក្នុងចំណោម​អ្នក​​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​​នៅ​ក្នុង​ក្លិប​ចំនួន ៤០៨ នាក់។

ក្រោយ​ការស៊ើប​អង្កេតសម​ត្ថ​​កិច្ច បានសម្រេច​បញ្ជូន​ជនសង្ស័យ​ចំនួន ១៧ នាក់ ដែល​មាន​​ជនជាតិ​វៀតណាម​ចំនួន ៥ នាក់ អាយុ​ចន្លោះ​​ពី ២៣ ដ​ល់ ៤១ ឆ្នាំ ទៅ​តុលាការ។

លោក លី សុ​ផា​ណា អ្នកនាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​កាលពី​​ម្សិលមិញ​ថា ក្រោយពី​បានទទួល​ និង​ពិនិត្យ​សំណុំ​រឿ​ង​ ព្រមទាំងសួរ​​ចម្លើយ​លើ​ជនសង្ស័​​យ​ចំនួន ១៧ នាក់ ចប់ស​ព្វ​គ្រប់ តំណាង​អយ្យការ​បាន​សម្រេច​បើក​ការ​ស៊ើបសួរដោ​យ​​​ចោទប្រកាន់​ពួកគេ​ចំនួន ៣ ករណី ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿង​ញៀន។

លោក​បញ្ជាក់​ថា​៖ «តំណាង​អយ្យការ​បាន​សម្រេ​ច​បើក​ការ​ស៊ើបសួរ​ដោ​យ​ចោទប្រកាន់​ពីបទជួញដូរ​សារ​​​​​​​​​​​ធាតុ​ញៀន​ដោយ​ខុស​ច្បាប់ សម្រួ​ល​ និង​ចាត់ចែងឲ្យ​ប្រើ​ប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ រក្សាទុក​សារ​ធាតុ​ញៀន​ដោយ​ខុសច្បាប់ និង​បទ សមគំនិតតាម​មាត្រា ៤០ មា​ត្រា ៤២ និង​មាត្រា ៤៤ នៃ​ច្បាប់​ស្តីពី​ការ គ្រប់គ្រង​គ្រឿងញៀន និង​មាត្រា ២៩ នៃ​ក្រមព្រ​ហ្មទ​ណ្ឌ ហើយ​បញ្ជូន​ជន​ល្មើស​ និង​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើប​សួរ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី»។

ប៉ុន្តែ​ទោះ​យ៉ាងណា​រហូត​មក​ដល់​ពេលនេះ អាជ្ញាធរ​នៅ​មិនទាន់​បង្ហាញ​អត្តសញ្ញាណ ឬក៏​​ឃាត់ខ្លួន​ម្ចាស់​ក្លិប​លុ​ច្សសារី ដែល​ទទួលបាន​អាជ្ញា​ប័ណ្ណ ធ្វើ​អាជីវកម្ម​លើ​ក្លិប​នេះ​នៅ​ឡើយ​ទេ។

លោក ស៊ឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ទទូច​ឲ្យ​មាន​ការ​វែក​មុខ​ម្ចាស់​ក្លិប​លុ​ច្ស​សារីនេះ និង​ឈានទៅរក​ការ​ឃាត់ខ្លួន យកមក​ផ្តន្ទា​​ទោស​តាមច្បាប់​ ខណៈ​លោកមើលឃើ​ញថា បើ​អាជ្ញាធរពិត​ជា​​មាន​ឆន្ទៈ​ក្នុង​ការ​បង្ក្រាប​បទ​ល្មើ​ស​គ្រឿង​ញៀន ដែល​កើត​មាន​នៅ​ក្នុង​ក្លិប​មែន​នោះ គឺ​ជន​សង្ស័យ​នឹងត្រូវ​បាន​ឃាត់​ខ្លួន ក្នុង​ពេល​ឆាប់ៗ។

លោក​បញ្ជាក់ថា​៖ «បើ​សិន​ជា​សមត្ថ​កិច្ចបញ្ជាក់​អំពីស​មាស​ភាព​ជន​ហ្នឹង​ឲ្យ​បាន​ច្បាស់​លាស់ ខ្ញុំ​ជឿ​ជាក់​ថា ជន​ហ្នឹងមិន​អាច​រួច​ផុត​ពីការ​ចាត់​វិធានការ​ដូច​ដែល​ការ​បង្រ្កា​ប​ក្លិប​មុនៗ​បាន​​នោះ​ទេ»។

ភ្នំពេញ​ប៉ុស្តិ៍ មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក ស ថេត ស្នង​ការ​រាជ​ធានី​ភ្នំពេញ​ ជុំវិញ​ចំណាត់​ការបន្ត និង​កា​រស៊ើប​អង្កេត​ដើម្បី​ឈានទៅ​ដល់​ការ​ចាប់​ខ្លួន​ម្ចាស់​ក្លិប​នេះ​បាន​ទេ ដោយ​សារ​​ទូរស័ព្ទ​​លោក​មិន​មាន​អ្នក​ទទួលកាល​ពី​ម្សិ​ល​​មិញ។ ប៉ុន្តែ​​លោក​ធ្លាប់​ថ្លែង​ថា៖ «​មេខ្លោ​​ង (ម្ចាស់​ក្លិប) ពេល​ណា​ចាប់ខ្លួន អាស្រ័យ​លឿន​ឬក៏​ឆាប់​តែ​ប៉ុណ្ណឹង​ទេ ប៉ុន្តែ​​រឿង​ហ្នឹង​គឺ​ធ្វើ​ហើយ»។

ក្នុង​រយៈពេល ៦ ខែ​ ដើម​ឆ្នាំ ​២០១៩​ នេះ សមត្ថកិច្ចបាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ក្លិប​កម្សា​ន្តធំៗ ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ៣ រួច​មក​ហើយបូ​ក​រួម​នឹង​ក្លិប​​កម្សាន្ត លុ​ច្ស​សារី ខណៈ​ដែល​កាលពី​ចុងខែ​កុម្ភៈ​កន្លងទៅ កម្លាំង​នគរបាល​បាន​សម្រុកចូល​ក្លិប​កម្សាន្ត​រ៉ុ​ក​ ដោយ​បាន​ឃាត់​មនុស្ស​ជាង ៣០០ នាក់ ហើយ​រឹបអូស​បាន​ថ្នាំ ញៀន​ជាង ៥០ គីឡូក្រាម និង​ឈាន​​ដល់​ឃាត់ខ្លួន​ម្ចាស់​ក្លិប​កម្សាន្ត​រ៉ុ​ក គឺ​លោក​ឧកញ៉ា​ គិត ធាង ទៀតផង។

ចំណែក​មួយ​ករណី​ទៀត ​គឺ​កាល​​ពី​ពាក់កណ្តាល​ខែមេសា សមត្ថកិច្ចបាន​ចុះបង្ក្រាប​ក្លិប​កម្សាន្ត «ម៉ៃ​អា​មី» ដោយបាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជាង ៥០ នាក់ និង​បាន​រឹបអូស​គ្រឿ​ង​ញៀន​ជាង ១០ គីឡូក្រា​ម ជាមួយ​ម្ចាស់​ក្លិប «ម៉ៃ​អា​មី» ឈ្មោះ ស្រេ​ន វីរៈ និង​បុគ្គលិក​ចំនួន ៦ នាក់​ទៀត ត្រូវបាន​ចាប់បញ្ជូន​ទៅកាន់​តុលាការ ដោយ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន៕