ភ្នំពេញ៖ ​នគរបាល​សង្កាត់​ផ្សារ​ថ្មី ២​ ខណ្ឌ​ដូនពេញ ​បាន​ប្រដេញ​ចាប់​បាន​ជន​សង្ស័យ​ ២ នាក់ ​ក្រោយ​ពី​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជន​បរទេស​ម្នាក់​នៅ​ក្នុង​តំបន់​ចំណត​រថយន្ត​ឈ្នួល​ជិត​តំបន់​ផ្សារ​ធំ​ថ្មី កាល​ពី​ថ្ងៃ​ទី ៤ ខែ​តុលា។

លោក អ៊ា ភារម្យ​ នាយ​​នគរ​បាល​ប៉ុស្តិ៍​ផ្សារ​ថ្មីទី ២​​ បាន​ឲ្យដឹង​កាល​ពី​ម្សិល​មិញ​ថា ​ជន​សង្ស័យ​ទាំង ២​ នាក់​ឈ្មោះ​ សុង​ ពេជ្រ​ ​អាយុ ​៣១ ​ឆ្នាំ​ មាន​របជា​​កម្មករ​លី​សែង​ឥ​វ៉ា​ន់​នៅ​តាម​បេន​ឡាន​ និង​ម្នាក់​ទៀត​ឈ្មោះ ​ស្រ៊ុ​ន​ ណា​រ៉ុ​ង​ អាយុ​ ២៥​ ឆ្នាំ គ្មាន​មុខ​របរ​។​

​លោ​ក ​ភារម្យ ​ថ្លែង​ថា​​៖ «​ចោរ​ឆក់​ ២ នាក់​នោះ ​ខ្ញុំ​ធ្វើ​របាយ​ការណ៍​បញ្ជូន​ទាំង​​មនុស្ស​ទៅ​សាលា​ខណ្ឌ​ហើយ​​ព្រឹក​ (​ថ្ងៃ​ទី​ ៥ ​តុលា)​ ហើយ​ពួក​គេ​ត្រូវ​ចាប់​កោសក់​ផង​ដែរ​មុន​បញ្ជូន​ទៅ​តុកា​លារ​»​។​

​លោក​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ​កាល​ពី​វេលា​ម៉ោង​ជាង​ ៩ ព្រឹក ​ថ្ងៃ​ទី​ ៤ ​តុលា​ មាន​បុរស​វ័យ​ចំណាស់​ជន​ជាតិ​អាមេរិ​ក​ម្នាក់​កំពុង​ធ្វើ​ដំណើរ​ដោយ​ថ្មើ​​ជើង​នៅ​ម្តុំ​ចំណត​រថ​យន្ត​ឈ្នួល​បាត់​ដំបង,​ ពោធិ​សាត់​​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​ ២​ ខណ្ឌ​ដូន​ពេញ​។ ខណៈ​នោះ ​មាន​ជន​សង្ស័យ​២នាក់​ជិះ​ម៉ូ​តូ​មួយ​គ្រឿង​ មក​ក្បែ​រ​ជន​បរទេស​រូបនោះ ​បាន​ឆក់​យក​ទូរស័ព្ទ ​Iogibe X ​ពណ៌​ស​ពី​​ក្នុង​ហោប៉ៅ​ ​ហើយ​​ជិះ​ម៉ូតូ​គេចខ្លួន​តែ​ម្តង​។

ប៉ុន្តែ​ដោយ​សារ​​ជន​រង​គ្រោះ​ព្រម​ទាំង​​អ្នក​ដំណើរ​ស្រែក​ឆោឡោ​ និង​មាន​​​សមត្ថ​កិច្ច​​​ឈរ​ជើង​នៅ​ម្តុំ​​នោះ​ឮ​​ក៏​បាន​​ដេញ​តាម​​រហូត​ដល់​ស្ថាន​ទូត​អាមេ​រិ​កាំង ជិត​រម្ម​ណីយ​ដ្ឋាន​វត្ត​ភ្នំ​ទើប​ចាប់​ពួក​គេ​បាន​។ ​ក្រោយ​ចាប់​ខ្លួន​ក្រុម​ជន​សង្ស័យ​បាន​ឆ្លើយ​សារ​ភាព​ប្រា​ប់​សមត្ថ​កិច្ច​ ដោយ​បាន​អះអាង​ថា​ ពួក​គេ​ធ្លាប់​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​លុយ​និង​ទូរស័ព្ទ​អ្នក​ដំណើរ​បាន​ចំនួន​៨​​លើក​មក​ហើយ។ ​​ចំពោះ​លុយ​កាក់​ដែល​​ឆក់​បាន​​ម្តងៗ​គឺ​ពួក​គេ​យក​ទៅ​ដើរ​ស៊ី​ចាយ​អស់​ហើយ​។ រីឯ​ទូរស័ព្ទ​ទៀត​សោត​ក៏​លក់​​ចាយ​អស់​ដែរ​។​

​​លោក​ ស៊ឹង​ សែន​ករុណា​ មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមា​គម​ការពារ​​សិទ្ធិ​មនុស្ស​អាដ​ហុក​បាន​ឲ្យ​ដឹង​​ថា​ ​មាន​កត្តា​ដែល​ចោរ​ឆក់​សម្ភារ​តាម​ផ្លូវ​ អាច​​ពាក់ព័ន្ធ​វិបត្តិ​អត់​ការងារ​ធ្វើ​ និង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ឬ​សេព​គ្រឿង​ស្រវឹង​ជា​ដើ​ម​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់​សន្តិសុខ​សង្គម ​ដែល​បណ្តាល​មក​ពី​អំពើ​ឆក់ប្លន់​​និង​អំពើ​ហិង្សា​នេះ​៕​