ព្រះវិហារ: សាលាដំបូងខេត្តព្រះវិហារបានសម្រេចឃុំខ្លួនជនសង្ស័យចំនួន ២ នាក់នៅពន្ធនាគារខេត្តបណ្ដោះអាសន្នពីបទ «កាប់រុករានដីព្រៃរបស់រដ្ឋដោយគ្មានការអនុញ្ញាត» បន្ទាប់ពីមន្ត្រីជំនាញបានឃាត់ខ្លួនពួកគេក្នុងអំឡុងពេលកំពុងបើកបរត្រាក់ទ័រឈូសឆាយដីព្រៃ ១ កន្លែងនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារកាលពីថ្ងៃទី ១៩ ខែឧសភា។
លោកស្រី ជុំ កន្និយ៉ា អ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារបានថ្លែងពីម្សិលមិញថា ជនសង្ស័យឈ្មោះ ជុន ភាវី ភេទប្រុស អាយុ ៣២ ឆ្នាំ និងឈ្មោះ វ៉ាត វឿន ភេទប្រុស អាយុ ៤៨ ឆ្នាំត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្ដោះអាសន្នកាលពីថ្ងៃទី ២០ ខែឧសភា។
លោកស្រីបន្តថា ជនសង្ស័យទាំង ២ នាក់ត្រូវបានតុលាការចោទប្រកាន់តាមមាត្រា ៩៧ ត្រង់កថាខណ្ឌ១ ចំណុចទី ៦ នៃច្បាប់ស្ដីពីព្រៃឈើ។
លោក ពីង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារបានថ្លែងពីម្សិលមិញថា ជនសង្ស័យទាំង ២ នាក់នេះបានធ្វើសកម្មភាពភ្ជួរដីព្រៃទំហំ ៦,០៦ ហិកតា។
លោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារបានថ្លែងពីម្សិលមិញថា កម្លាំងអាវុធហត្ថបានសហការជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ និងមន្ត្រីនគរបាលមូលដ្ឋានបានចុះបង្ក្រាបករណីឈូសឆាយដីព្រៃ ១ កន្លែងនៅស្រុកឆែបដោយឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់។
លោកបញ្ជាក់ថា៖ «ខ្ញុំបានប្រាប់ឲ្យមន្ត្រីខ្ញុំ ប្រគល់សំណុំរឿងហ្នឹងជូនទៅកម្លាំងជំនាញរដ្ឋបាលព្រៃឈើចាត់ចែងតាមនីតិវិធីច្បាប់»។
លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារបានថ្លែងទៅកាន់ព័ត៌មានក្នុងស្រុកថា ផ្នែករដ្ឋបាលព្រៃឈើឆែបបានចុះល្បាតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារកាលពីថ្ងៃទី ១៩ ខែឧសភា ដោយប្រទះឃើញជនល្មើសកំពុងបើកបរត្រាក់ទ័រភ្ជួរដីព្រៃត្រង់ចំណុចដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើឡើងវិញ៕