ពោធិ៍សាត់ៈ សាលាដំបូង​ខេត្ត​ពោធិ៍សាត់​ដោះលែង​ជនសង្ស័យ ២ ​នាក់​ ឲ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន បន្ទាប់ពី​មន្ត្រី​បរិស្ថាន​ខេត្ត​នេះ​បញ្ជូន​ជនសង្ស័យ​ទាំង​ ២ ​ទៅ​តុលាការ​នៅ​ថ្ងៃទី​ ៩ ឧសភា ក្រោយពី​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ការឈូសឆាយ​ដីព្រៃ​ជួរ​ភ្នំក្រវាញ​នៅក្នុង​ខេត្តពោធិ៍សាត់​។

លោក​ ហេង ដូនីន អ្នកនាំពាក្យ​សាលាដំបូង​ខេត្តពោធិ៍សាត់​ថ្លែង​ពី​ម្សិលមិញ​ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ដោះលែង​ជនសង្ស័យ​ ២ ​នាក់​ ឲ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយសារ​ជនសង្ស័យ​ទាំង​ ២ ​នាក់​ ជា​អ្នកបើកបរ​ត្រាក់ទ័រ​ឲ្យ​បុគ្គល​ផ្សេង​ទៀត​។

លោក​ថា​៖ «​ខ្ញុំ​អត់​ចាំ​ឈ្មោះ​ពួកគាត់​ទាំង​ ២ ​នាក់​ទេ​ ប៉ុន្ដែ​លោក​ចៅក្រម​មិនបាន​ឃុំខ្លួន​ជនសង្ស័យ​ទាំង​ ២ ​នាក់​នេះ​ព្រោះ​ពួកគាត់​បាន​សារភាព​ថា គាត់​ជា​អ្នក​បើកបរ​ត្រាក់ទ័រ​ឲ្យ​គេ​ទេ ដូច្នេះ​យើង​ឲ្យ​គាត់​នៅក្រៅ​ឃុំ​សិន​។ យើង​នៅ​បន្ត​ស្រាវជ្រាវ​រក​អង្គហេតុ​ពាក់ព័ន្ធ​បន្ថែមទៀត​»​។

លោក​ ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​ប្រាប់​ពី​ម្សិលមិញ​ថា កាលពី​ថ្ងៃទី​ ៩ ​ឧសភា​ ជនសង្ស័យ​ ២ ​នាក់​ ក្នុង​ចំណោម​បក្ខពួក​ ៦ ​នាក់​ ត្រូវបាន​មន្ត្រី​នៃ​មន្ទីរ បរិស្ថាន​ខេត្តពោធិ៍សាត់​បញ្ជូន​ខ្លួន និង​សំណុំរឿង​ទៅ​តុលា​ការចាត់ចែង​តាម​នីតិវិធី​ច្បាប់​។

លោក​ថា ជនសង្ស័យ​ ៦ ​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​កាលពី​ថ្ងៃទី​ ៨ ​ឧសភា ខណៈ​ពួកគេ​កំពុង​យក​គ្រឿងចក្រ​ ៧ ​គ្រឿង​ ទៅ​លួច​ឈូសឆាយ​ដីព្រៃ​នៃ​ជួរ​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​។ ពួកគេ​ឈូសឆាយ​ដី​ព្រៃ​បាន​ជាង​ ១០ ​ហិកតា​ហើយ ប៉ុន្ដែ​សមត្ថកិច្ច​បាន​ចុះ​ទៅ​បង្ក្រាប​ទាន់​ពេលវេលា​។

លោក​បញ្ជាក់ថា​៖ «​ដោយ​ពួកគាត់​បាន​សារភាពថា​ ៤ ​នាក់​ គឺជា​អ្នកដាំបាយ​ស្ល និង​ខ្លះ​ស៊ីឈ្នួល​បើកបរ​ត្រាក់ទ័រ​ឲ្យ​គេ​ទេ ហើយ​គាត់​ថា​មិន​បានដឹង​រឿង​អ្វី​ទេ ហើយ យើង​បាន​ដោះលែង​វិញ​។ រីឯ​ ២ ​នាក់​ទៀត យើង​បាន​បញ្ជូន​ទៅ​តុលាការ​ព្រោះ​ ២ ​នាក់​នេះ​ជា​មេការ និង​ជា​អ្នកគ្រប់គ្រង​គ្រឿងចក្រ​ទាំង​ ៧ ​គ្រឿង​នេះ​ ប៉ុន្ដែ​ខ្ញុំ​អត់​ដឹង​នីតិវិធី​របស់​តុលាការ​សម្រេច​យ៉ាងណា​ទេ​»​។ ​លោក​ថា​ សមត្ថកិច្ច​នៅតែ​បន្ត​ស្រាវជ្រាវ​រក​អ្នក​នៅ​ពីក្រោយ ជនសង្ស័យ​ទាំង​ ៦ ​នាក់​នាំខ្លួន​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕