ព្រះសីហនុៈ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុកំពុងរៀបចំកសាងសំណុំរឿង ជនសង្ស័យ ២ នាក់ ពាក់ព័ន្ធនឹងករណីលួច និងទទួលបញ្ចាំផលនៃអំពើលួចម៉ូតូចំនួន ១៩ គ្រឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុនៅថ្ងៃពុធនេះ បន្ទាប់ពីបង្ក្រាបបានកាលពីថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០២១។
លោក តី វិសាល អធិការក្រុងព្រះសីហនុប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ជនសង្ស័យទាំងពីររូបនេះមា្នក់ឈ្មោះ អោង ណាង ភេទប្រុស អាយុ ៣៩ ឆ្នាំជាអ្នកប្រព្រឹត្ត និងម្នាក់ទៀតឈ្មោះ សោម សំណាង ភេទស្រី អាយុ ២៨ ឆ្នាំ ជាអ្នកទទួលបញ្ចាំផលនៃអំពើលួច ។
លោក តី វិសាល បានថ្លែងថា នៅថ្ងៃទី ៦ ខែមេសា ជនសង្ស័យទាំង ២ នាក់នេះ និងវត្ថុតាងកំពុងស្ថិតនៅក្នុងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុហើយកម្លាំងនគរបាលជំនាញកំពុងបន្តធ្វើការសាកសួរជនសង្ស័យទៅតាមនីតិវិធី ដើម្បីកសាងសំណុំរឿងបញ្ចូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់ ។
ទោះជាយ៉ាងណាលោក តី វិសាល បញ្ជាក់ថា៖ «បើរៀបចំនិតិវិធីទាន់ពេលវេលា ជនទាំង ២ រូបនេះអាចនឹងត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុនៅថ្ងៃស្អែក (ទី ៧ ខែមេសា)។ ប៉ុន្តែជនសង្ស័យទាំង ២ រូបនេះក៏ត្រូវបានពិនិត្យយកសំណាកដើម្បីរកជំងឺកូវីដ ១៩ ផងដែរ ព្រោះខ្លាចមានបញ្ហាជំងឺកូវីដ» ។
លោក តី វិសាល បានបញ្ជាក់ទៀតថា លោកមិនទាន់អាចដឹងបានទេថា ជនសង្ស័យទាំង ២ រូបនេះនឹងត្រូវចោទប្រកាន់ពីបទអ្វីខ្លះនោះទេ ប៉ុន្តែ នៅពេលតុលាការចោទទើបលោកអាចដឹងថា ពួកគាត់ទាំង ២ រូបនេះមានទោសកម្រិតណា។
លោក តី វិសាល ថ្លែងថា កន្លងមកនេះអធិការក្រុងព្រះសីហនុបានបង្ក្រាបករណីបែបនេះបានជាច្រើនករណីរួចមកហើយ និងបានផ្សព្វផ្សាយទៅកាន់កន្លែងអ្នកដែលរកស៊ីបញ្ចាំទាំងអស់សូមឱ្យពិនិត្យលើឯកសារឱ្យបានគ្រប់គ្រាន់ច្បាស់លាស់មុននឹងទទួលយកវត្ថុបញ្ចាំទាំងនោះ ព្រោះវាអាចនឹងពាក់ព័ន្ធនឹងបទទទួលផលពីចោរកម្ម។
យោងតាមក្រមព្រហ្មទណ្ឌមាត្រា ៣៥៦ បានចែងថា អំពើលួចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅដល់ ៣ ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ១ លានទៅដល់ ៦ លានរៀល។ ដោយឡែក ចំពោះអ្នកដែលទទួលផលចោរកម្មវិញ តាមមាត្រា ៤០០ នៃក្រមព្រហ្មទណ្ឌត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានទៅ ១០ លានរៀល៕