ព្រះសីហនុៈ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ​កំពុង​បន្ត​សាកសួរ​ជនសង្ស័យ​ ២ ​នាក់​ពី​ម្សិលមិញ ដែល​បាន​លួច​កាត់​ខ្សែភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ក្នុង​គម្រោង​នៃ​ការស្ថាបនា​ផ្លូវ​ ៣៤ ​ខ្សែ​ក្នុង​ខេត្ដ​នេះ​អស់​ជាច្រើន​កន្លែង ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់​។

លោក កុល ផល្លី ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ព្រះសីហនុ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ និង​ប៉ុស្តិ៍​នគរបាល​ឃុំ​បិតត្រាំង បង្ក្រាប​ករណី​លួច​ខ្សែភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ដែល​ជា​គម្រោង​នៃ​ការស្ថាបនា​ផ្លូវ​ ៣៤ ​ខ្សែ​ក្នុង​ខេត្ត ដោយ​បាន​រៀបចំ​ឡើង​បែប​ទំនើប​កប់​នៅក្នុង​ដី​។ ករណីនេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ២ ​នាក់​ កាលពី​ថ្ងៃទី​ ៣០ ខែមីនា ​ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

លោក​បានឱ្យ​ដឹងថា​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ដែល​ទើប​ដាក់​ថ្មី​នៅតាម​ផ្លូវជាតិ​លេខ​ ៤ ក្បែរផ្លូវ​ចូល​តំបន់​ក្បាលឆាយ​ក្នុង​សង្កាត់​លេខ​ ១ និង​តាម​ផ្លូវបំបែក​ទៅ​វត្ត​អូរត្រេះ​ស្ថិតក្នុង​សង្កាត់​លេខ​ ៤ ក្រុងព្រះសីហនុ​ចាប់​តាំងពី​ថ្ងៃទី​ ២៧ រហូត​ថ្ងៃទី​ ២៩ ខែ មីនា ឆ្នាំ​ ២០២១​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ ២ ​នាក់ ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិវិធី​។ សមត្ថកិច្ច​យើង​នៅ​បន្ត​សាកសួរ​ពួកគាត់​នៅឡើយ​»​។

យោងតាម​របាយការណ៍​របស់​មន្ដ្រី​នគរបាល​ខេត្ដ ជនសង្ស័យ​ទាំង​ ២ ​នេះ ១ ឈ្មោះ​ សុច ចាន់ឌី ភេទ​ប្រុស អាយុ​ ១៨ ​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ២ ឈ្មោះ​ សុច ចាន់ធួន ភេទ​ប្រុស អាយុ​ ២១ ​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ជនសង្ស័យ​ទាំង​ ២ ស្នាក់នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

របាយការណ៍​ដដែល​ឱ្យដឹងថា វត្ថុតាង​ដែល​ដកហូត​បាន​រួមមាន សម្បក​ខ្សែភ្លើង និង​បន្ទះ​លួស​រុំខ្សែ​ភ្លើង​មួយចំនួនធំ ពូថៅដៃ​ចំនួន​ ២ (​តូច​ ១) រណារ​អារ​ដែក​ ១ កាំបិតផ្គាក់​ចំនួន​ ២ ចម្ពាមកៅស៊ូ​សម្រាប់​បាញ់​គ្រាប់​ដែក​ចំនួន​ ១ ម៉ូតូ​ ១ ​គ្រឿង​ម៉ាក Exicter ពណ៌ខ្មៅ គ្មាន​ស្លាក​លេខ ស្ពាន់​ខ្សែភ្លើង​ប្រភេទ Thipha Cable 2020 ចំនួន ៣ ​បាវ​។

តាមរយៈ​ចម្លើយសារភាព​ពី​ជនសង្ស័យ​ទាំង​ ២ ​នាក់ មន្ដ្រី​នគរបាល​ក៏​បាន​បន្ត​ចុះទៅ​ត្រួតពិនិត្យ​ស្រាវជ្រាវ​នៅ​ទីតាំង​ទទួលផល​ចោរកម្ម​ដែល​ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់​ដែលមាន​ម្ចាស់ផ្ទះ​ឈ្មោះ​ ឡុញ សឿ ភេទ​ប្រុស អាយុ​ ៥២ ​ឆ្នាំ មុខរបរ​ទិញ​លក់​អេតចាយ​ស្ថិត​នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់​នេះដែរ ដើម្បី​នាំខ្លួន​មក​សាកសួរ​បន្ត​។

លោក​ ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ថ្លែង​ថា ​កន្លងមក​ករណី​ជនល្មើស​លួច​កាត់​ខ្សែភ្លើង​សមត្ថកិច្ច​បានឃាត់ខ្លួន និង​បញ្ជូន​ជនសង្ស័យ​ទៅ​កាត់ទោស​តាម​នីតិវិធីតុលាការ​មួយចំនួន​ហើយ​។ ប៉ុន្ដែ​ក្នុងពេល​ថ្មីៗ​នេះ មាន​កើតឡើង​ករណី​ថ្មី ទើប​សមត្ថកិច្ច​ស្រាវជ្រាវ​រហូត​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ ២ ​នាក់​ខាងលើនេះ​។

លោក​បន្តថា​៖ «​ជនសង្ស័យ​ទាំង​ ២ ​នាក់​នេះ​កំពុងស្ថិត​នៅក្នុង​នីតិវិធី​នៃ​ការសាកសួរ​របស់​សមត្ថកិច្ច​នៅឡើយ​។ ចំពោះ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​នេះ កន្លងមក​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់ ទាំង​អ្នក​ប្រព្រឹត្ដ និង​អ្នក​ទទួលផល​ចោរកម្ម​»៕